សហមេធាវីការពារក្តីមេដឹកនាំនយោបាយជំទាស់លោក កឹម សុខា បានប្រតិកម្មនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេត្រូវបានរារាំងដោយបុគ្គលដែលស្លៀកពាក់ឯកសណ្ឋានស៊ីវិល មិនឱ្យចូលជួបកូនក្តីដែលធ្វើឱ្យប៉ះពាល់សិទ្ធិរបស់មេធាវី។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ១៤ ខែមីនានេះ សហមេធាវីការពារក្តីលោក កឹម សុខា បានឱ្យដឹងថា ពួកគេព្យាយាមចូលជួបកូនក្តី ដើម្បីពិភាក្សាអំពីការរៀបចំដាក់បណ្តឹងសារទុក្ខទៅសាលាឧទ្ធរណ៍ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែការចូលទៅជួបកូនក្តីបានបរាជ័យ ដោយសារការរាំងខ្ទប់ពីសំណាក់សមត្ថកិច្ចដែលនៅឃ្លាំមើលពីមុខផ្ទះលោក កឹម សុខា ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សេចក្តីថ្លែងការណ៍បានលើកឡើងទៀតថា សហមេធាវីត្រូវបានណែនាំឱ្យសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន ដើម្បីបានចូលជួបកូនក្តី។
សហមេធាវីផ្តល់ការអត្ថាធិប្បាយក្នុងសេចក្តីថ្លែងការណ៍នោះ ក្នុងន័យដើមថា៖ «សហ មេធាវីមិនអាចអនុវត្តតាមការណែនាំ ដែលផ្ទុយនឹងច្បាប់ ក្រម និងវិធានជាធរមានដែលគ្រប់គ្រងវិជ្ជាជីវៈមេធាវីនោះឡើយ»។
សហមេធាវីលើកឡើងបន្ថែមថា៖ «ដូច្នេះ ចាប់ពីពេលនេះតទៅ សហមេធាវីមិនអាចអនុវត្តសិទ្ធិ បំពេញកាតព្វកិច្ច និងទំនួលខុសត្រូវចំពោះឯកឧត្តម កឹម សុខា និងរឿងក្តីបច្ចុប្បន្នរបស់គាត់តទៅទៀតបានឡើយ ហើយសិទ្ធិទទួលបានជំនួយមេធាវី ដែលមានចែងក្នុងច្បាប់ដែលឯកឧត្តម កឹម សុខា ត្រូវទទួលបានក៏ត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរ វៀរ លែងតែមានការកែប្រែជាវិជ្ជមាន និងទាន់ពេលវេលា»។
សហមេធាវីការពារក្តីលោក កឹម សុខា មួយរូបគឺលោក អាង ឧត្តម បានប្រាប់សំឡេងសហរដ្ឋអាមេរិកវីអូអេនៅថ្ងៃពុធនេះថា បើតាមក្រឹត្យក្រមនៃវិជ្ជាជីវៈជាអ្នកការពារក្តី សហមេធាវីការពារសំណុំរឿងលោក កឹម សុខា មិនអាចសុំការអនុញ្ញាតពីស្ថាប័នអយ្យការ ដើម្បីបានមានលទ្ធភាពចូលជួបកូនក្តីនោះទេ។
លោកថ្លែងថា៖ «យើងធ្វើអត់កើត។ យើងមិនអាច មិនថាចេះទេថា ធ្វើវាទៅវាខុសក្រឹត្យក្រមខុសនឹងច្បាប់ ខុសវិធាន យើងអត់ធ្វើចឹងកើតទេ ព្រោះឯកឧត្តម កឹម សុខា នៅតែមានសិទ្ធិមានមេធាវី មានមេធាវី មានសិទ្ធិធ្វើទំនាក់ទំនង ធ្វើការទាក់ទងជាមួយកូនក្តីបានគ្រប់កាលៈទេសៈ អ៊ីចឹងហើយដល់ឱ្យយើងទៅសុំពីស្ថាប័នផ្សេង វាប៉ះពាល់ដល់វិធាននៃការអនុវត្ត វិជ្ជាជីវៈមេធាវីរបស់យើង»។
លោក អាង ឧត្តម ក៏បានធ្វើការប្រៀបធៀបភាពមិនប្រក្រតីក្នុងការអនុវត្តអំណាចរបស់មន្ត្រីមានសមត្ថកិច្ចក្នុងករណីលោក កឹម សុខា ទៅនឹងករណីនៃការអនុវត្តសិទ្ធិរបស់មេធាវីការពារក្តីរបស់អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ នៅសាលាក្តីខ្មែរក្រហម ដែលបានបិទបញ្ចប់ទៅកាលពីពេលថ្មីៗកន្លងទៅនេះ។ លោកអះអាងថា មេធាវីរបស់អតីតមេដឹកនាំខ្មែរក្រហមទាំងនោះ មិនត្រូវបានរារាំង ដូចក្នុងករណីលោក កឹម សុខា ឡើយ។
លោកថ្លែងថា៖ «ទីនោះ អត់មានឧប្បត្តិហេតុអ៊ីចឹងកើតឡើងទេ គេអនុវត្តត្រឹមត្រូវតាមក្រឹត្យក្រមតាមវិធានត្រឹមត្រូវរបស់គេ យើងអត់ដែលមានបញ្ហាប្រឈម បញ្ហាបែបនេះទេ»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម តែគ្មានការឆ្លើយតប។
ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានផ្តល់ការអត្ថាធិប្បាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍សហមេធាវីរបស់លោក កឹម សុខា ថា សហមេធាវីគួរសុំការអនុញ្ញាតពីព្រះរាជអាជ្ញា ដើម្បីបានចូលជួបកូនក្តី ដូចមានចែងហើយស្រេចក្នុងសាលក្រមតុលាការដែលមានអំណាចតាមផ្លូវច្បាប់។ ។
លោក ជិន ម៉ាលីន បានសរសេរថា៖ «ប្រសិនបើព្រះរាជអាជ្ញាមិនអនុញ្ញាតនោះ ទើប ជាការរំលោភបំពានសិទ្ធិមេធាវីក្នុងការជួបជាមួយកូនក្តី»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ លើកឡើងទៀតថា ប្រសិនបើមានចេតនាជួបជាមួយកូនក្តីពិតប្រាកដមែន មេធាវីអាចធ្វើការស្នើដល់ស្ថាប័នអយ្យការ លើកលែងតែមានចេតនាផ្សេងពីនេះ។ លោកបន្ថែមថា សូម្បីតែចូលជួបកូនក្តីខ្លួនក្នុងពន្ធនាគារ ក៏មេធាវីត្រូវតែសុំការអនុញ្ញាតពីអ្នកគ្រប់គ្រងពន្ធនាគារដែរ។
កាលពីថ្ងៃទី ៣ ខែមីនានេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ដោយត្រូវដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ និងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិរូបនោះ ក៏ត្រូវបានតុលាការដកហូតជាស្ថាពរនូវ«សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០នៃក្រមព្រហ្មទណ្ឌ»។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ៣ ខែមីនានេះ។
បើតាមសេចក្តីប្រកាសនោះ លោក កឹម សុខា មិនត្រូវបានអនុញ្ញាតឱ្យចេញពីបរិវេណនៃលំនៅដ្ឋាន មិនត្រូវជួបបុគ្គលណាម្នាក់ទាំងសញ្ជាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃពុធនេះថា សំណុំរឿងលោក កឹម សុខា ដែលគេជឿថា ជារឿងនយោបាយនោះ នឹងមិនអាចបញ្ចប់ត្រឹមអំណាចសាលក្រមតុលាការទេ ដោយថា រឿងនេះអាចជម្រះឱ្យដាច់ស្រឡះបានតែតាមការចរចានយោបាយប៉ុណ្ណោះ។
ទាក់ទងនឹងជំនួយផ្លូវច្បាប់សម្រាប់លោក កឹម សុខា ក្នុងការដាក់បណ្តឹងសារទុក្ខនោះ លោក អំ សំអាត ថា សហមេធាវីគួរតែត្រូវបានអនុញ្ញាតឱ្យជួបកូនក្តី ស្របតាមច្បាប់ដែលមានចែង ដើម្បីអនុញ្ញាតឱ្យពួកគេមានលទ្ធភាពបន្តនីតិវិធី ក្រោយការចេញសាលក្រម។
លោកថ្លែងថា៖ «អ៊ីចឹងបើសិនជាសមត្ថកិច្ចដែលយាមផ្ទះឯកឧត្តម កឹម សុខា មិនអនុញ្ញាតឱ្យមេធាវីជួប ហើយសុំ ឱ្យសុំការអនុញ្ញាតពីព្រះរាជអាជ្ញាសិន វាប៉ះពាល់សម្រាប់សិទ្ធិ ក៏ដូចជានីតិវិធីរបស់មេធាវីក្នុងការជួបកូនក្តី ពីព្រោះបើសិនជា នៅក្នុងពន្ធនាគារ ក៏មេធាវីមានសិទ្ធិទៅជួបកូនក្តីរបស់ខ្លួនដូចគ្នាដែរ»។
បើតាមលោក អំ សំអាត ស្ថាប័នអយ្យការគួរចេញសេចក្តីបង្គាប់ឱ្យអាជ្ញាធរមានសមត្ថកិច្ចសម្រួលឱ្យមេធាវីបានជួបលោក កឹម សុខា ដើម្បីកុំឱ្យមានការរាំងស្ទះក្នុងកិច្ចពិគ្រោះយោបល់ខាងច្បាប់។
លោកបន្ថែមថា៖ «អ៊ីចឹង ករណីនេះ ខ្ញុំយល់ថា សមត្ថកិច្ចលើកឡើងថា ទាល់តែមានការអនុញ្ញាតពីព្រះរាជអាជ្ញា ចុះបើសិនជាជួបម្តង សុំម្តង ជួបម្តង សុំម្តង តើវាប៉ះពាល់ទៅដល់ដំណើរការនីតិវិធីរបស់មេធាវី និងសិទ្ធិមេធាវីយ៉ាងម៉េច? អាហ្នឹងហើយបាន ខ្ញុំគិតថា រឿងនេះបើយកល្អ ព្រះរាជអាជ្ញាគួរតែបង្គាប់ទៅសមត្ថកិច្ចដែលយាមផ្ទះឯកឧត្តមហ្នឹង គឺអនុញ្ញាតឱ្យមេធាវីគេចូលជួបជាមួយនឹងឯកឧត្តម កឹម សុខា ទៅ»។
សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ត្រូវបានអាជ្ញាធរកម្ពុជាសង្ស័យថាមានការជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក តែក្រោយមក នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ថា បទចោទប្រកាន់លើលោក កឹម សុខា នោះ គឺសំដៅតែលើលោក កឹម សុខា ប៉ុណ្ណោះ។
សហរដ្ឋអាមេរិកក៏ធ្លាប់បញ្ជាក់ថា ខ្លួនមិនមានការជាប់ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា ទេ ហើយលោក កឹម សុខា ក៏បានប្រាប់តុលាការក្នុងសវនាការមុនៗថា លោកមិនបានពឹងបរទេសឱ្យមកឈ្លានពានប្រទេស ដើម្បីឡើងកាន់អំណាច ហើយក៏មិនមានផែនការធ្វើបដិវត្តន៍នោះដែរ។ មេដឹកនាំនយោបាយជំទាស់រូបនោះបានលើកឡើងក្នុងសវនាការនាពេលកន្លងមកថា ជម្រើសឈ្នះចាញ់ក្នុងនយោបាយកម្ពុជា គឺតាមការបោះឆ្នោត។
ក្រោយការប្រកាសសាលក្រមលើសំណុំរឿងក្បត់ជាតិលោក កឹម សុខា កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ បណ្តាប្រទេសនៅបស្ចិមលោក និងអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួនបានចេញសារថ្កោលទោសការផ្តន្ទាទោសនោះថា មានចេតនារុញអ្នកនយោបាយជំទាស់ចាស់វស្សារូបនោះឱ្យនៅឆ្ងាយពីឆាកនយោបាយកម្ពុជា ហើយការផ្តន្ទាទោសដ៏ធ្ងន់នេះទៀតសោត បង្ហាញតម្រុយនៃការធ្វើឱ្យប៉ះពាល់ដល់ភាពត្រឹមត្រូវនៃដំណើរការរៀបចំការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ៕