សំណុំរឿងលោកកឹម សុខាត្រូវបញ្ជូនទៅជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញ

រូបឯកសារ៖ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន​អន្តរជាតិឈ្មោះ Reuters នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទមិនព្រមចូលខ្លួនតាមដីកាកោះហៅ ដោយគ្មានមូលហេតុត្រឹមត្រូវពាក់ព័ន្ធនឹងបទសញ្ចារកម្មលើសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងលោកកឹម សុខា ផ្ទាល់។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​បញ្ជូន​សំណុំ​រឿង​លោក កឹម សុខា ទៅ​ជំនុំ​ជម្រះ​ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​តាម​មាត្រា​៥៣៨​នៃ​ក្រម​ព្រហ្មទណ្ឌ។

ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​មិនព្រម​ចូលខ្លួន​តាម​ដីកា​កោះ​ហៅ​ ដោយ​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ​ពាក់ព័ន្ធ​នឹង​បទ​សញ្ចារកម្ម​លើ​សំណុំ​រឿង​នាង​ ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ និង​លោកកឹម​ សុខា​ ផ្ទាល់។

សេចក្តី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី២៣ ខែ​សីហា លោក​ចៅក្រម​ថាន់ ឡេង បាន​បញ្ជាក់​ថា​ ចៅ​ក្រមបាន​ស៊ើបសួរ​ចប់​សព្វ​គ្រប់​លើ​សំណុំ​រឿង​របស់​លោក​កឹម សុខា ហើយ​សម្រេច​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ជំនុំ​ជម្រះ។ រហូត​មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​សម្រេច​កាល​បរិច្ឆេទ​នៃ​ការ​ជំនុំជម្រះ​នេះ​នៅ​ឡើយ។

VOA មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ចៅក្រម​ថាន់ ឡេង បាន​ទេ។ ចំណែក​លោក កឹម សុខា និងអ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​បាន​ដែរ។​

មាត្រា​៥៣៨​នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា រាល់​បុគ្គល​ណា​ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ឆ្លើយ​ជា​សាក្សី​នៅ​មុខ​អយ្យការ ឬ​ចៅក្រម​ស៊ើបសួរ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ ហើយ​មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​នោះ​ដោយ​គ្មាន​មូលហេតុ​សមស្រប​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ខែ​ទៅ​៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​១សែន​ទៅ​១​លាន​រៀល។

កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៦ លោក​ចៅ​ក្រម ថាន់ ឡេង​បាន​សម្រេច​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ ចៅក្រម​បញ្ជាក់​ថា ​ប្រសិន​បើ​ជន​ត្រូវ​ចោទ​គេចវេស​ដោយ​ចេតនា​ពី​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​នេះ ចៅ​ក្រម​ស៊ើបសួរ​អាច​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​បណ្តោះអាសន្ន។

ក្រុម​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​លើក​ឡើង​ថា​ ការ​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ​ ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ខណៈ​តំណាងរាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ។​ តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ជា​រឿង​នយោបាយ។

មាត្រា​៨០​នៃ​រដ្ឋ​ធម្មនុញ្ញ​ចែង​ថា ​ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន សមាជិក​ណា​មួយ​នៃ​រដ្ឋ​សភា​នឹង​អាច​ធ្វើ​ទៅ​កើត ​លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋ​សភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋ​សភា។ ការ​សុំការយល់ព្រមពីរដ្ឋសភានេះ ត្រូវបានលើកលែងក្នុង​ករណី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជាក់​ស្ដែង។

គួរ​បញ្ជាក់​ថា លោក កឹម សុខា បាន​កំពុង​ស្នាក់​នៅ​ក្នុង​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចាក់​អង្រែ​លើ​ចាប់​តាំង​ពី​ថ្ងៃ​ទី២៦ ខែ​ឧសភា ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន បន្ទាប់​ពី​លោក​បដិសេធ​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​ចំនួន​ពីរ​លើក៕