គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានរៀបចំសមាជវិសាមញ្ញដើម្បីជ្រើសតាំងលោក កឹម សុខា ជាប្រធាន លោកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង ជាអនុប្រធាន។ ការប្រកាសជ្រើសតាំងជាផ្លូវការនេះ ធ្វើឡើងបន្ទាប់ពីបានឆ្លងកាត់ការរៀបចំរបស់គណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានថ្ងៃមុន។
ការជ្រើសតាំង លោក កឹមសុខា ជាប្រធាន និង អនុប្រធានថ្មីចំនួន៣រូបទៀតរបស់បក្ស ជាផ្លូវការនេះ គឺដើម្បីដឹកនាំគណបក្សសម្រាប់ការបោះឆ្នោតនាពេលខាងមុខ បន្ទាប់ពី លោក សម រង្ស៊ី អតីតប្រធានគណបក្ស បានលាលែងចេញពីតំណែងកាលពី៣សប្តាហ៍មុន។
នៅក្នុងសមាជវិសាមញ្ញដែលធ្វើឡើងនៅស្នាក់ការកណ្តាលគណបក្ស នៅព្រឹកថ្ងៃព្រហស្បតិនេះ គណបក្សសង្គ្រោះជាតិបានជ្រើសតាំងលោក កឹម សុខា ជាប្រធានជំនួសលោក សម រង្ស៊ី និងអនុប្រធានបក្សបីរូបទៀតដែលមានលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ជំនួសលោក កឹម សុខា ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតខាងមុខ។
ការរៀបចំសមាសភាពមេដឹកនាំគណបក្សថ្មីនេះ កើតឡើងក្រោយពេលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង បានលាលែងចេញពីតំណែងភ្លាមៗ កាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងទៅ។ លោកបានអះអាងថា ការសម្រេចលាលែងពីតំណែងនេះ គឺដើម្បីការពារកុំឲ្យមានការរំលាយគណបក្សប្រឆាំង។ ទោះជាយ៉ាងណា ការលាលែងរបស់លោកត្រូវបានគេមើលឃើញជាទូទៅថា ដោយសាររងសម្ពាធពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលទើបតែត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាអនុម័ត។
ការលាលែងពីតំណែងរបស់អតីតមេបក្សប្រឆាំង ដែលរុំព័ទ្ធដោយបណ្ដឹងប្ដឹងដោយមេដឹកនាំធំៗ របស់គណបក្សកាន់អំណាចនេះ កើតឡើងតែជាង១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រុមការងាររបស់លោក កែប្រែមាត្រាមួយចំនួននៃច្បាប់ស្ដីពីគណបក្សនយោបាយ ដោយកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ត្រូវតែជាជនគ្មានទោសពៃរ៍។
គណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បានរួមបញ្ចូលគ្នាកាលពីឆ្នាំ២០១២ ដោយបង្កើតបានជាគណបក្សសង្រ្គោះជាតិនាពេលបច្ចុប្បន្ន។ អនុប្រធានដែលទើបត្រូវបានជ្រើសតាំងទាំង៣រូប មានលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអតីតតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី ចំណែកលោក ប៉ុល ហំម ជាសហស្ថាបនិកគណបក្សសិទ្ធិមនុស្ស។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលទើបត្រូវបានជ្រើសតាំង ថ្លែងក្នុងអង្គសមាជវិសាមញ្ញដែលមានការចូលរួមពីក្រុមប្រឹក្សាស្រុក ខេត្តទូទាំងប្រទេសនោះថា ការដែលគណបក្សសង្គ្រោះជាតិអាចបោះជំហានទៅមុខបាន ដោយសារគណបក្សមានគោលដៅច្បាស់លាស់ បានជ្រើសរើសយុទ្ធសាស្ត្រត្រឹមត្រូវស្របតាមកាលៈទេសៈ និងដើរតាមនយោបាយត្រឹមត្រូវ ស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ដោយយើងមានភាពចាស់ទុំខាងនយោបាយ មានបទពិសោធន៍ និងដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាពលរដ្ឋជាធំ។ ខ្ញុំអាចវាយតម្លៃថា យើងបាននឹងកំពុងដើរលើផ្លូវត្រូវហើយ ផ្លូវត្រូវដែលយើងប្រកាន់យកនោះគឺ យើងដើរតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើនដែលចង់ឲ្យយើងធ្វើ»។
ក្រោយការប្រកាសជ្រើសតាំងមេដឹកនាំថ្មីរបស់គណបក្សប្រឆាំងតែប៉ុន្មានម៉ោង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតមួយច្បាប់ ជូនលោក កឹម សុខា ក្នុងសម្រង់ន័យដើមថា៖ «នៅក្នុងឱកាសដែលឯកឧត្តមត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ ខ្ញុំសូមជូនពរឯកឧត្តមមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ»។
គណបក្សសង្គ្រោះជាតិត្រូវបានគេមើលឃើញថា កំពុងរងនូវសម្ពាធជាបន្តបន្ទាប់ពីគណបក្សកាន់អំណាច៕