ពិធីបុណ្យខួបគម្រប់១០០ថ្ងៃនៃសពលោកបណ្ឌិត កែម ឡី នឹងធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៧ ខែតុលា ឆ្នាំ២០១៦នេះ នៅរាជធានីភ្នំពេញផង និងនៅខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោកផង។ នេះបើផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការបុណ្យ ដែល VOA ទទួលបាននៅថ្ងៃសុក្រនេះ។
សេចក្ដីប្រកាសព័ត៌មាន ក៏បានឲ្យដឹងដែរថា កម្មវិធីបុណ្យនេះ នឹងធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការតាំងពិព័រណ៍រូបថត និងការចាក់ផ្សាយឡើងវិញនូវបទវិភាគបញ្ហាសង្គមផ្សេងៗ ដែលលោកបណ្ឌិត កែម ឡី ធ្លាប់បានធ្វើនៅពេលដែលលោកនៅមានជីវិតរស់នៅ។
អ្នកវិភាគបញ្ហាសង្គមដ៏មានប្រជាប្រិយភាពរូបនេះ ត្រូវបានឃាតករបាញ់ស្លាប់ទាំងកណ្តាលថ្ងៃចែស នៅក្នុងហាងស្តារម៉ាតមួយកន្លែង ស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ កាលពីថ្ងៃទី១០ខែកក្កដាកន្លងទៅនេះ។
វីដេអូកាមេរ៉ាសុវត្ថិភាព ដែលអាជ្ញាធរបានដកយក ក្រោយពីហេតុការណ៍បាញ់សម្លាប់នោះ នៅមិនទាន់ត្រូវបានបង្ហាញជូនសាធារណជននៅឡើយទេ ដោយក្រុមអ្នកវិភាគខ្លះ លើកឡើងថា អាជ្ញាធរ ទំនងជាចង់បិទបាំងការពិតនៃឃាតកម្មលើអ្នកវិភាគរូបនេះ ហើយទុកឲ្យរឿងនេះ សាបរលាបម្តងបន្តិចៗទៅតាមពេលវេលា ដូចជាករណីបាញ់សម្លាប់សកម្មជនការពារបរិស្ថាននិងសិទ្ធិកម្មករលើកមុនៗដែរ ដូចជាលោក ឈុត វុទ្ធីនិងលោក ជា វិជ្ជា ជាដើម។
ក្រោយពីការតម្កល់សពលោកបណ្ឌិត កែម ឡី ពីរសប្ដាហ៍នៅរាជធានីភ្នំពេញ បន្ទាប់ពីលោកត្រូវបានឃាតករបាញ់ស្លាប់នោះ ក្រុមគ្រួសាររបស់លោក ក៏បានសម្រេចចិត្តដង្ហែសពទៅកាន់ភូមិកំណើតរបស់លោកនៅក្នុងខេត្តតាកែវ ដោយមានពលរដ្ឋដែលគេប៉ាន់ប្រមាណថាមានចំនួនជិត២លាននាក់ បានចូលរួមហែសពរបស់លោក។
គណៈកម្មការទទួលបន្ទុករៀបចំពិធីបុណ្យសពលោក កែម ឡី ក៏បានឲ្យដឹងដែរថា ក្នុងកម្មវិធីបុណ្យ១០០ថ្ងៃនៃសពលោក កែម ឡី នៅពាក់កណ្ដាលខែតុលាខាងមុខនេះ ក៏មានការដង្ហែរូបសំណាករបស់លោក ទៅតម្កល់នៅបូជនីយដ្ឋានក្នុងខេត្តតាកែវ នៅថ្ងៃទី១៦ ខែតុលាផងដែរ បន្ទាប់ពីការរៀបចំពិធីបុណ្យថ្ងៃទី១៤និង១៥នៅរាជធានីភ្នំពេញ។
គណៈកម្មការរៀបចំបុណ្យគម្រប់១០០ថ្ងៃនេះ ក៏បានអំពាវនាវដល់សាធារណជនឲ្យផ្ដល់ឯកសារដែលពាក់ព័ន្ធនឹងការវិភាគនានារបស់លោកបណ្ឌិត កែម ឡីជូនគណៈកម្មការបុណ្យ ហើយចូលរួមផ្ដល់ការគាំទ្រនិងការសហការ ដើម្បីអ្វីមួយ ដែលគណៈកម្មការនេះហៅថា ជា«ការតបស្នងសងគុណចំពោះលោកបណ្ឌិត កែម ឡី ដែលបានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ»៕