ក្រុមអ្នកបោះឆ្នោតក្នុងទីក្រុង Srinagar ដែលជាទីក្រុងសំខាន់មួយនៃតំបន់ Kashmir បានចេញទៅបោះឆ្នោតជាតិកាលពីថ្ងៃទី ១៣ ខែឧសភាកន្លងទៅ ក្នុងចំនួនដ៏ច្រើន ដោយផ្លាស់ប្តូរនិន្នាការដែលធ្លាប់តែមានអ្នកបោះឆ្នោតក្នុងចំនួនទាប នៅក្នុងការបោះឆ្នោតជាលើកដំបូង ចាប់តាំងពីនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដកខ្លួនចេញពីការបោះឆ្នោតក្នុងតំបន់ពាក់កណ្តាលស្វយ័តមួយនេះកាលពីឆ្នាំ ២០១៩ មក។
ទីក្រុង Srinagar ជាទីក្រុងមួយក្នុងតំបន់ហេមពាន្ត ដែលមានសំឡេងអាសនៈចំនួន ៣ និងមានអ្នកចេញទៅបោះឆ្នោតស្ទើរតែ ៣៦ ភាគរយ រហូតដល់ម៉ោង ៥ ល្ងាច កាលពីថ្ងៃទី ១៣ ខែឧសភាកន្លងទៅ។ នេះបើតាមការឱ្យដឹងរបស់គណៈកម្មាការរៀបចំការបោះឆ្នោតដែលថា ចំនួននេះមានការកើនឡើងជាងទ្វេដង នៃចំនួនដែលបានកត់ត្រាទុកក្នុងកាបោះឆ្នោតកាលពីលើកចុងក្រោយក្នុងឆ្នាំ ២០១៩ ប៉ុន្តែនៅតិចជាងចំនួនថ្នាក់ជាតិជាមធ្យមដែលមានប្រមាណ ៦២ ភាគរយ។
ដោយតំបន់នេះមានចលនាប្រឆាំងបះបោរទៅនឹងការគ្រប់គ្រងរបស់ឥណ្ឌាអស់រយៈពេល ៣៥ ឆ្នាំ ដែលបានឆក់យកជីវិតមនុស្សអស់ជាច្រើនម៉ឺននាក់ ក្នុងការបោះឆ្នោតក្នុងពេលអតីតកាលកន្លងមកចំនួនអ្នកចេញទៅបោះឆ្នោតមានទាប ដោយសារការធ្វើពហិការនិងការគំរាមកំហែងដោយការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ។
ដោយគណបក្ស Bharatiya Janata (BJP) របស់លោក Modi មិនបានចូលរួមក្នុងការបោះឆ្នោតក្នុងតំបន់ Kashmir ជាលើកដំបូងតាំងពីឆ្នាំ ១៩៩៦ មក និងនិយាយថា ខ្លួននឹងគាំទ្រគណបក្សក្នុងតំបន់នេះជំនួសវិញ តួអង្គសំខាន់ៗនៅទីនោះមានគណបក្សសន្និបាតជាតិ National Conference និងគណបក្សប្រជាធិបតេយ្យប្រជាជន People's Democratic Party ដែលផ្តោតទៅលើការស្តារឡើងវិញនូវស្វ័យភាពពាក់កណ្តាលសម្រាប់តំបន់នេះ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ពួកគេ។
Kashmir ជាតំបន់ជម្លោះមួយរវាងឥណ្ឌា ដែលគ្រប់គ្រងតំបន់ជ្រលង Kashmir Valley ដែលមានមនុស្សរស់នៅច្រើន និងតំបន់ Jammu ដែលមានអ្នកកាន់សាសនាហិណ្ឌូរស់នៅភាគច្រើន និងប្រទេសប៉ាគីស្ថាន ដែលគ្រប់គ្រងទឹកដីមួយផ្នែកតូចនៅតំបន់ភាគខាងលិច។ ប្រទេសចិនកាន់កាប់ភ្នំខ្ពស់ៗដែលមានមនុស្សរស់នៅតិចតួចនៅភាគខាងជើង។
ក្រៅពីបញ្ហាសម្រាប់ស្វ័យភាពពាក់កណ្តាលក្នុងតំបន់នេះ ក្រុមអ្នកបោះឆ្នោតក៏បាននិយាយផងដែរថា គេពិចារណាទៅលើតម្លៃទំនិញដែលកំពុងឡើងខ្ពស់និងភាពគ្មានការងារធ្វើ ពេលពួកគេចេញទៅបោះឆ្នោត ដែលជាប្រធានបទដែលកំពុងប៉ះពាល់ដល់ក្រុមអ្នកបោះឆ្នោតនៅទូទាំងប្រទេសឥណ្ឌា។
លោក Ghulam Muhammad Bhat អ្នកបោះឆ្នោតម្នាក់អាយុ ៥០ ឆ្នាំ ដែលបានបោះឆ្នោតជាលើកទី ១ ក្នុងរយៈពេល ៣០ ឆ្នាំ កាលពីថ្ងៃទី ១៣ ខែឧសភា និយាយថា៖ «មានបញ្ហាផ្សេងៗមួយចំនួនទៀត ដែលប្រជាជនកំពុងប្រឈមនៅពេលនេះ ដូចជាភាពក្រីក្រ និងភាពអត់ការងារធ្វើជាដើម»។
អ្នកស្រី Rafiqa អាយុ ៥៦ ឆ្នាំ និយាយថា អ្នកស្រីកំពុងខ្នះខ្នែងដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរមួយក្នុងរដ្ឋាភិបាល ដោយសារ «កូនចៅយើងមិនមានការងារធ្វើ» ដែលបញ្ហានេះក៏ត្រូវបានលើកឡើងដោយអ្នកបោះឆ្នោតជាលើកដំបូងម្នាក់ទៀត គឺអ្នកស្រី Rabia Akhtar ដែលបាននិយាយថា អ្នកស្រីកំពុងប្រើការបោះឆ្នោតរបស់អ្នកស្រីធ្វើជាកត្តាកំណត់ក្នុងការ«ផ្លាស់ប្តូររដ្ឋាភិបាលមួយ»។
លោក Bashir Ahmad Lala អាយុ ៦៧ ឆ្នាំ ដែលបានបោះឆ្នោតជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ ស្ថិតក្នុងចំណោមអ្នកបោះឆ្នោតដែលផ្តោតលើការសម្រេចចិត្តរបស់លោក Modi ដែលចង់បំបែកតំបន់ Jammu និង Kashmir ទៅជាតំបន់ទឹកដី ដែលគ្រប់គ្រងដោយរដ្ឋបាលសហព័ន្ធពីរដាច់ពីគ្នា ដែលជារឿងមួយដែលលោកនាយករដ្ឋមន្ត្រីឥណ្ឌានិយាយថា នឹងបង្កើតឱ្យមានប្រក្រតីភាពដល់តំបន់នេះ។
លោកនិយាយថា៖ «ខ្ញុំបោះឆ្នោតគឺដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវអ្វីដែលយើងកំពុងប្រឈមសព្វថ្ងៃនៅទីនេះ»។
បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកាលពីឆ្នាំ ២០១៩ ក៏មានការបិទខ្ទប់យ៉ាងខ្លាំងក្នុងតំបន់ Kashmir នៅពេលនោះ ដោយមេដឹកនាំគណបក្សប្រឆាំងមួយចំនួនត្រូវបានចាប់ឃុំខ្លួនអស់រយៈពេលជាច្រើនខែ។
បើទោះបីជាមានការបន្ធូរបន្ថយលើចលនារបស់ពលរដ្ឋក្នុងតំបន់នោះចាប់តាំងពីពេលនោះមក គេក៏នៅតែឃើញមានយោធាឥណ្ឌារាប់ម៉ឺននាក់នៅតែស្ថិតក្នុងតំបន់ជ្រលងភ្នំមួយនេះនៅឡើយ ហើយទិន្នន័យយោធាបង្ហាញថា ក្រុមសកម្មប្រយុទ្ធប្រមាណជាង ១០០ នាក់ នៅតែបន្តធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងតំបន់នេះ។
ក្រុមអ្នកវិភាគនិងគណបក្សប្រឆាំងនិយាយថា គណបក្ស BJP របស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា មិនដាក់បេក្ខជនប្រកួតប្រជែងក្នុងតំបន់ Kashmir គឺដោយសារតែភ័យខ្លាចថា លទ្ធផលនៃការបោះឆ្នោតនេះ អាចកើតឡើងខុសពីសម្តីដើមរបស់ខ្លួន ដែលថាតំបន់នេះមានការធ្វើសមាហរណកម្មនិងមានសន្តិភាពច្រើនជាងមុន ចាប់តាំងពីឆ្នាំ ២០១៩ មក។
មេដឹកនាំគណបក្សប្រឆាំងបានចោទប្រកាន់រដ្ឋបាលលោកនាយករដ្ឋមន្ត្រី Modi ថា បានបដិសេធ ឬលុបចោល មិនឱ្យមានកម្មវិធីឃោសនាបោះឆ្នោតក្នុងតំបន់នេះ មុនថ្ងៃបោះឆ្នោតជិតចូលមកដល់៕
ប្រែសម្រួលដោយ ជ្រា វណ្ណារិទ្ធ