ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុបា្ផ​ទទួល​មរណភាព​នាជន្មាយុ​៧១​ឆ្នាំ

លោក​វេជ្ជ​បណ្ឌិត​ បេអាត​ រិចឆ្នឺរ (Dr. Beat Richner) ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផានៃប្រទេសកម្ពុជា។ (រូបថតដកស្រង់ពីគេហទំព័រហ្វេសប៊ុកលោក Dr. Beat Richner)

កម្ពុជា​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ គឺ​លោក​វេជ្ជ​បណ្ឌិត​ បេអាត​ រិចឆ្នឺរ (Dr. Beat Richner) ​ដែល​បាន​បាត់​បង់​ជីវិត​ដោយ​ជំងឺ ​នៅ​ប្រទេស​កំណើត​របស់​លោក​នា​ជន្មាយុ​៧១ឆ្នាំ។ ​អ្នក​ឃ្លាំ​មើល​ថ្លែង​ថា​ ស្នាដៃ​របស់​លោក​ក្នុង​ការ​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា គឺ​ជា​គុណ​សម្បត្តិ​ដ៏​ធំធេង​របស់​លោក​ ដែល​មិនមែន​ជា​ជនជាតិ​កម្ពុជា។ ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អះអាង​ថា​ មន្ទីរ​ពេទ្យ​គន្ធ បុប្ផា ​នឹង​ដំណើរការ​ទៅ​ដោយ​ប្រក្រតី។

លោក​វេជ្ជ​បណ្ឌិត​ បេអាត​ រិចឆ្នឺរ​ (Beat Richner) ​ស្ថាបនិក​មូលនិធិ​គន្ធ​បុបា្ផ​ ដែល​បាន​កសាង​ និង​ដំណើរ​ការ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ជាង​២០​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា​ ​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​អាទិត្យ ​នៅ​អាយុ​៧១​ឆ្នាំ​ ដោយ​រោគាពាធ​ នៅ​ឯ​ប្រទេស​ស្វ៊ីស។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែល​បាន​ចេញផ្សាយ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ និង​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​នេះ​ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ស្លាប់​របស់​លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ​ ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​ជាច្រើន​លាននាក់​ ចាប់តាំង​ពី​ការ​បង្កើត​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ តាំង​ពីឆ្នាំ​១៩៩២​មក។

សេចក្តី​ប្រកាស​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដែល​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​វេជ្ជ​បណ្ឌិត​ រិចឆ្នឺរ​ បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«លោក​វេជ្ជ​បណ្ឌិត​ រិចឆ្នឺរ​ ​កើតនៅ​ថ្ងៃ​ទី​១៣​ ខែ​មិនា​ ឆ្នាំ​១៩៤៧​ បាន​ទទួល​អនិច្ចកម្ម​ នៅ​វេលាម៉ោង​២​និង​៤៥​នាទី​ព្រឹក​ នាថ្ងៃទី​៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ក្នុង​ទីក្រុង​ហ្យុយរិក​ ប្រទេស​ស្វីស​ ក្នុង​ជន្មាយុ​៧១​ឆ្នាំ»។​

សេចក្តី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា​ ដោយ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ​ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​ ដើម្បី​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​កំណើត​របស់​លោក​នៅ​ទីក្រុង​ Zurich ​ ដែល​នៅ​ទីនោះ លោក​វេជ្ជ​បណ្ឌិត​បាន​ចំណាយ​ពេល​វេលា​នៃ​ឆ្នាំ​ចុងក្រោយ​ជាមួយ​ក្រុម​គ្រួសារ​ និង​ញាតិ​មិត្ត​របស់​លោក។​

មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ថ្លែង​បញ្ជាក់​បន្ថែម​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា​ ជា​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​ ជា​អ្នក​មាន​ទេព​កោសល្យ​ខាង​តន្ត្រី​វីយ៉ូឡុង​សែល​ និង​ជា​ថ្លុក​កំប្លែង​«Beatocello»​ ​លោក​បាន​មក​កាន់​ប្រទេស​កម្ពុជា​នា​ឆ្នាំ​១៩៩២​ តាម​ការ​អញ្ជើញ​របស់​ព្រះ​បរមរតន​កោដ្ឋ​ នរោត្តម​ សីហនុ​ ដែល​ព្រះអង្គ​បាន​ស្នើ​ឲ្យ​លោក​មក​ជួយ​ជួសជុល​ សាងសង់​ឡើងវិញ​នូវ​មន្ទីរពេទ្យ​កុមារ​នៅ​ភ្នំពេញ​ ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញដោយ​របប​ខ្មែរ​ក្រហម​ដ៏គួរ​ឲ្យ​ភ័យ​ខ្លាច។​

​សេចក្តី​ប្រកាស​នេះ​បាន​សរសេរ​បន្ត​ក្នុង​ន័យ​ដើម​ថា៖​

«ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​ វេជ្ជ​បណ្ឌិត​ស្វីស​ម្នាក់​នេះបាន​សាងសង់​ និង​ដឹកនាំ​មន្ទីរ​ពេទ្យ​កុមារ​ប្រាំ​កន្លែង​នៅ​ភ្នំពេញ​ និង​នៅ​ខេត្ត​សៀមរាប​ ដែល​នៅ​ទីនោះ​ហើយ​ ដែល​លោក​បាន​ស៊ូ​ធ្វើការ​ទាំង​ពួង​ប្រកប​ដោយ​ជោគជ័យ​ ដែល​កែប្រែ​របៀប​ការងារ​ថ្មី​មួយ​ ដើម្បី​ជា​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​នៅក្នុង​បណ្តា​ប្រទេស​ក្រីក្រ​ គឺ​ផ្តល់​ការ​ព្យាបាល​វេជ្ជសាស្ត្រ​មួយ​ដែល​ត្រឹមត្រូវ​ និង​ឥត​គិតថ្លៃ​សម្រាប់​គ្រប់ៗ​គ្នា»។​

លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ ​កើត​នៅ​ថ្ងៃ​ទី១៣​ ខែ​មីនាឆ្នាំ​១៩៤៧ ​ក្នុង​ទីក្រុង​ Zurich ប្រទេស​ស្វ៊ីស។​ លោក​ទទួល​បាន​សញ្ញាប័ត្រ​ជំនាញ​វិជ្ជាពេទ្យ​កុមារ​ក្នុង​ឆ្នាំ​ ១៩៧៣​ នៅ​ពេល​លោក​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យកុមារ​ក្រុង​ Zurich។ ​នេះបើ​យោង​តាម​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​របស់​លោក​វេជ្ជ​បណ្ឌិត​ រិចឆ្នឺរ។​

លោកវេជ្ជបណ្ឌិត ​រិចឆ្នឺរ​ ត្រូវបាន​បញ្ជូន​មក​ធ្វើការ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ នៅ​ប្រទេស​កម្ពុជា​ ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៤​ និង​១៩៧៥​ ដោយ​កាកបាទ​ក្រហម​ប្រទេស​ស្វ៊ីស។​ ក្រោយ​សម័យ​សង្គ្រាម​គឺ​នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៩១​ រដ្ឋាភិបាល​កម្ពុជា​ស្នើ​ឲ្យ​លោក​កសាង​ឡើង​វិញ​ និង​គ្រប់គ្រង​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​ ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ក្នុង​សម័យ​សង្គ្រាម។

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ការ​ស្លាប់​របស់​លោក​វេជ្ជ​បណ្ឌិត​រិចឆ្នឺរ​ គឺ​ជា​ការ​បាត់​បង់វីរជន​ខាង​សុខាភិបាល​មួយរួប​ ដែល​បាន​ផ្តល់​សេវាកម្មព្យាបាល​ជំងឺ​កុមារនៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​មិន​គិត​ប្រាក់​កម្រៃ។​

«ការ​ស្លាប់​របស់​គាត់​ហ្នឹង​ គឺ​ជា​ការ​បាត់​បង់​វីរជន​មួយ​នៅ​ក្នុង​វិស័យ​សុខាភិបាល​ ដែល​ផ្តល់​សេវាកម្ម​ដល់​កុមារា ​កុមារី​កម្ពុជា​ ជា​ការ​សោកស្តាយ​ដ៏​ធំធេង​ ដូច​មហា​គ្រួសារ​ខ្មែរ»។​

លោក​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​បាន​ចូលរួម​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​អនិច្ច​កម្ម​របស់​លោក​ រិចឆ្នឺរ ដែរ។

«បើ​យើង​ផ្អែក​ទៅលើ​ធម៌​ព្រះពុទ្ធ​ គឺ​ថា​ ជីវិត​វា​មិន[ទៀងទាត់]​ មិន​ដឹង​ធ្វើម៉េច។យើង​មាន​ការ​សោកស្តាយ​ ដែល​បាន​បែក​ទៅ។ ​គាត់​មាន​ស្នាដៃ​ជា​ច្រើន។​ គាត់​ចូលរួម​នៅ​ក្នុង​ការ​កសាង​ស្នាដៃ​ ហើយនឹង​សង្គ្រោះកុមារ​កម្ពុជា​ច្រើ​នលើស​លុប។ ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​សោកស្តាយ​ ហើយ​យើង​ជូនពរ​ឲ្យ​វិញ្ញាណ​ក្ខន្ធ​របស់​លោក​ទៅកាន់​សុគតិភព​ បាទ»។​

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ លោក​វេជ្ជ​បណ្ឌិត​ បេអាត រិចឆ្នឺ​ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​កាលពី​ឆ្នាំ​២០១៧​ និង​បាន​ប្រគល់​ការងារ​ដល់​លោក​វេជ្ជបណ្ឌិត​ Peter Studer ដែល​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​មន្ទីរពេទ្យ​គន្ធបុប្ផា។ ​លោក​វេជ្ជបណ្ឌិត Peter Studer ​បច្ចុប្បន្ន​ជា​ប្រធាន​មន្ទីរពេទ្យ​គន្ធ​បុប្ផា។​

លោក​មាស នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខាង​ការ​អភិវឌ្ឍសង្គម​ មាន​ប្រសាសន៍​ថា​ សមិទ្ធផល​ដែល​លោក​វេជ្ជបណ្ឌិត​សញ្ជាតិ​ស្វីស​នេះ​ បាន​សម្រេច​ជូន​ពលរដ្ឋ​កម្ពុជា​ គឺ​ជា​គុណសម្បតិ្ត​ដ៏​ធំធេង​មួយ​ ដែល​រដ្ឋាភិបាល​កម្ពុជា​គួរ​ផ្តួចផ្តើម​ធ្វើ​អ្វី​ម៉្យាង ​ដើម្បី​ជា​ការ​តប​ស្នង​ដល់​លោក។

«បើ​និយាយ​អំពី​ជីវិត​[ទាំងឡាយ]ណា​ ដែល​បាន​ត្រូវ​សង្គ្រោះ​តាម​រយៈ​ការ​ជួយ​គាំទ្រ​របស់​គាត់​ ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​នេះ វា​ជា​គុណ​មួយ​ធំធេង​ ដែល​មិន​អាច​មាន​អី​យក​ទៅ​ប្រៀប​ផ្ទឹម​បាន​ ហើយ​ខ្ញុំ​គិត​ថា​ មិនមែន​គ្រាន់​តែ​ត្រឹម​ថា​ ដឹង​គុណ​គាត់​ទេ​ ក៏ប៉ុន្តែ​គួរតែ​ធ្វើ​អ្វីមួយ​អាច​ជា​រូប​សំណាក​របស់​គាត់​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ហ្នឹង​ក៏​បាន​ ព្រោះអី​គាត់​ជា​អ្នក​ដែល​ផ្តួចផ្តើម​តាំងពី​ដើម​មក»។​

អ្នក​វិភាគ​រូប​នេះ​មិនផ្តល់​ការ​អធិប្បាយ​ចំពោះអនាគត​របស់​ប្រតិបត្តិការ​នៅ​ក្នុង​មន្ទីរពេទ្យ​សប្បុរស​ធម៌​នេះ​ទេ​ ក្រោយ​ការ​ស្លាប់​របស់​លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ​ តែ​លោក​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​បង្កើន​កិច្ច​ខិតខំ​ជួយ​ដល់​មន្ទីរ​ពេទ្យ​មួយ​នេះ​ ឬ​ក៏​ពង្រីក​បន្ថែម​នៃ​មន្ទីរ​ពេទ្យ​ តាម​បែប​ផែន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទៅ​ថ្ងៃ​ខាង​មុខ។​

លោក​វេជ្ជ​បណ្ឌិត ដេនីស ឡូរ៉ង់​ (Denis Laurent) ជំនួយការ​លោក​វេជ្ជបណ្ឌិត Beat Richner នៅខាង​ឆ្វេង​ដៃ​និយាយជាមួយ​អ្នកសារព័ត៌មានកាលពីថ្ងៃ​ទី​១០ ខែកញ្ញា​ ឆ្នាំ​២០១៨នៅក្នុងមន្ទីរពេទ្យ​គន្ធបុប្ផា​ទីមួយ​ ក្នុងទីក្រុង​ភ្នំពេញ​។ (ហ៊ុល រស្មី​/VOA)

នៅ​ឯ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​មួយ​ ក្នុង​ទីក្រុង​ភ្នំពេញ​ មាន​ការ​រៀបចំ​ពិធី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​វេជ្ជបណ្ឌិត​ បេអាត រិចឆ្នឺ ​ដែល​មិនមាន​បន្សល់​កូន​ចៅ​ គឺ​មាន​តែ​បង​ប្អូន​ប្រុស​ស្រី​បង្កើត ដែល​មិន​មាន​នរណា​ម្នាក់​ចាប់​អាជីព​ជា​គ្រូពេទ្យ​ផង​ដែរ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សាស្ត្រា​វេជ្ជបណ្ឌិត​គី សន្ទី​ ដែល​ជា​បុគ្គលិក​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា។​

ទាក់​ទិន​នឹង​គុណភាព​សេវា​កម្ម​របស់​មន្ទីរ​ នៅពេល​លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ ​លែង​នៅ​មើល​ការ​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​នោះ​ លោក​វេជ្ជបណ្ឌិត​ គី សន្ទី​ បាន​ប្រែ​សម្រួល​ការ​បញ្ជាក់​របស់​លោក​វេជ្ជ​បណ្ឌិត ​Denis Laurent​ ជំនួយ​ការ​លោក​វេជ្ជ​បណ្ឌិត​ Richner ​ដែល​បាន​អះអាង​ថា ​មន្ទីរ​ពេទ្យ​នេះ​នឹង​នៅ​តែ​ដំណើរ​ការ​ដូច​ធម្មតា​ ដោយ​សារ​តែ​សុខភាព​ហិរញ្ញ​វត្ថុ​សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​នៅ​មាន​ភាព​ប្រសើរនៅ​ឡើយ ​បើគិត​ចាប់តាំងពី​ពេល​ដែល​លោក​វេជ្ជ​បណ្ឌិត​ Richner ​ធ្លាក់​ខ្លួន​ឈឺ​ និង​ផ្ទេរ​ភារកិច្ច​លោក​ឲ្យ​ទៅ​ក្រុម​គ្រូពេទ្យ​ផ្សេង​ទៀត។​

[កេរ​ដំណែល]​រក្សា​នូវ​បច្ចេកវិទ្យា​ របៀប​របប​ធ្វើ​ការ​ ប្រព័ន្ធ​ការងារ​ឲ្យ​នៅ​ល្អ​ ដូច​ពី​កាល​លោក​បេអាត​ ​នៅ​មាន​ជីវិតគឺ​វា​ទាក់​ទង​ទៅ​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ។ ​ហិរញ្ញវត្ថុគឺ​វា​មានប្រភព​ដែល​មួយ​ផ្នែក​ធំ​ ​គឺ​ចេញ​ពី​មូលនិធិ​គន្ធ​បុប្ផា​ស្វីស។ ​ប៉ុន្តែ​មក​ដល់​ពេល​នេះ​ ទោះបី​ថា​ មិនមាន​លោក​ អវត្តមាន​លោក​ជិត​ពីរ​ឆ្នាំ​ ឥឡូវ​នេះ​មាន​ការ​បាត់​បង់​លោក​ទៀត​នោះ​ មូលនិធិ​គន្ធបុប្ផាស្វីស​មិនទាន់​ឃើញ​សញ្ញា​អ្វី ​ដែល​ធ្លាក់​ចុះ​នោះ​ទេ​ ហើយ​មួយ​ទៀត ដែល​សំខាន់​គឺ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​យើង​មាន​ការ​គាំទ្រ​ ផ្នែក​ហិរញ្ញវត្ថុ​ នៅ​ក្នុង​ស្រុក​យើង​ កម្ពុជា​យើង​ ជាពិសេស​ គឺ​រាជ​រដ្ឋាភិបាល​ លោក​សម្រេច​ជួយ​គាំទ្រ​មូលនិធិ​ហ្នឹង​គឺកាន់តែ​ច្រើន​ឡើងៗ​កើន​ឡើង​ជា​បន្ត​បន្ទាប់»។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់មន្ទីរពេទ្យ​គន្ធបុប្ផា​ សាធារណជន​ទូទៅអាច​ចូល​រួម​សម្តែង​មរណទុក្ខ​ និង​សេចក្តី​នឹក​រលឹក​ដឹង​គុណ​ចំពោះលោក​វេជ្ជបណ្ឌិត​ បេអាត​ រិចឆ្នឺរ​ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៃ​សព​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​ (ជិត​វត្ត​ភ្នំ)​ និង​នៅ​មន្ទីរពេទ្យជ័យ​វរ្ម័ន​ទី៧​ក្នុង​ខេត្ត​សៀមរាប​ នាថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ចាប់​ពី​ម៉ោង​៣​រសៀល​ ដល់​ថ្ងៃទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៨។​

កាលពី​ខែ​មេសា​ ឆ្នាំ​២០១៨​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ ​«មូល​និធិ​គន្ធបុប្ផា​កម្ពុជា»​ ​ជា​ផ្លូវការ​ ​ដោយ​សម្រេច​ដាក់​ប្រាក់​វិភាគ​ទាន​ដំបូង​ដែល​ជា​ថវិកា​របស់​រដ្ឋ​ចូល​មូលនិធិ​នេះ​ចំនួន​១០​លាន​ដុល្លារ​អាមេរិក​ ​និង​ប្រកាស​បន្ត​ដាក់​ថវិកា​៥​លាន​ដុល្លារ​អាមេរិក​ចូល​មូលនិធិ​នេះ​ជា​រៀង​រាល់​ឆ្នាំ​ ​ដើម្បី​ទ្រទ្រង់​ដំណើរ​ការ​របស់​មន្ទី​រពេទ្យ​គន្ធ​បុប្ផា។

កាលពី​ខែ​មិនា​ ឆ្នាំ​២០១៦​ ព្រះ​មហាក្សត្រ​កម្ពុជា​សម្តេច​ព្រះ​បាទ​ នរោត្តម​ សីហមុនី បាន​តែង​តាំង​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា ​គឺ​លោក​វេជ្ជបណ្ឌិត​ Beat Richner ​ជា​ទីប្រឹក្សា​ក្រសួង​សុខាភិបាល​ដោយ​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ។

ក្នុង​សេចក្តី​ប្រកាស​ចេញផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ ​មន្ទីរពេទ្យ​គន្ធបុប្ផា​អះអាង​ថា​ កុមារ​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ជីវិត​ពី​សេចក្តី​ស្លាប់​ នៅ​មន្ទីរ​ពេទ្យ​គន្ធបុបា្ផ ដែល​បច្ចុប្បន្ននេះ​ដឹកនាំ​ដំណើរការដោយ​គ្រូពេទ្យ​ និង​បុគ្គលិក​កម្ពុជា​ ដែល​ត្រូវ​បានប​ណ្តុះបណ្តាល​ដោយ​លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ ​ផ្ទាល់​ និង​ដោយ​សាស្ត្រាចារ្យ​ស្វីស៕