ប្រជាពលរដ្ឋរស់នៅទំនប់ ៩៤ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលជាង ២០០ នាក់ បានមកប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីលោក សាយ សំអាល់ កុំឱ្យមានការបណ្តេញចេញពីលំនៅឋានបច្ចុប្បន្នហើយអាជ្ញាធរត្រូវចេញប្លង់កម្មសិទ្ធិដល់ពួកគេ។
ក្តីបារម្ភរបស់ពលរដ្ឋចំពោះការបណ្តេញចេញទាំងបង្ខំនេះ បានកើតឡើងជាង ២ឆ្នាំមកហើយ ឬស្របពេលដែលក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺក្រុមហ៊ុន OCIC ចាប់ផ្តើមដំណើរការសាងសង់របស់ខ្លួននៅទីនោះ។ នេះបើតាមប្រជាពលរដ្ឋមួយចំនួនដែលវីអូអេបានសម្ភាសន៍នៅមុខក្រសួងនាថ្ងៃចន្ទនេះ។
ប្រជាពលរដ្ឋម្នាក់ដែលកំពុងរស់នៅតាមទំនប់ ៩៤ អ្នកស្រី អួង ស៊ីម អាយុ៦៣ឆ្នាំ ប្រាប់អ្នកសារព័ត៌មានថា ប្រជាពលរដ្ឋចង់បានប្លង់កម្មសិទ្ធិ ព្រោះពួកគេកំពុងរស់នៅទាំងភិតភ័យ និងខ្លាចត្រូវបានបណ្តេញចេញពីផ្ទះសម្បែងដោយបង្ខំ ខណៈក្រុមហ៊ុនបានចាក់ដីលុបប្រឡាយត្រង់ទំនប់ ៩៤។
អ្នកស្រីថ្លែងថា៖ «ពួកខ្ញុំនៅយូរហើយតាំងពីមុនក្រុមហ៊ុនទៀត។ ក្រុមហ៊ុនទើបមកក្រោយទេ ហេតុអ្វីបានជាមានប្លង់កម្មសិទ្ធិ អ៊ីចឹងពួកខ្ញុំក៏ចង់បានដូចគ្នា។ ហើយពួកខ្ញុំក៏ចង់មានការរស់នៅស្រួលដូចពួកគេដែរ ពួកខ្ញុំក៏ចង់រស់នៅទីក្រុងដែរ»។
បណ្ណកម្មសិទ្ធិដីធ្លីគឺជាសេចក្តីត្រូវការចាំបាច់បំផុតរបស់អ្នករស់នៅតាមទំនប់ ៩៤ ខណៈផ្ទះរបស់ពួកគេភាគច្រើន មានការបង់លេខសម្គាល់រួចជាស្រេច ដែលជាសញ្ញាបញ្ជាក់ថា អាចនឹងមានការបណ្តេញចេញ។ នេះបើតាមអ្នកស្រី អួង ស៊ីម។
អ្នកស្រីថា៖ «រាល់ថ្ងៃខ្ញុំព្រួយបារម្ភក្នុងការបណ្តេញចេញ ព្រោះអីផ្ទះខ្ញុំ គេគូស និង[បង់]លេខ[សម្គាល់]រួចហើយ»។
នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋរស់នៅទំនប់ ៩៤ ស្ថិតក្នុងភូមិអំពៅព្រៃ ភូមិស្វាយព្រៃ ភូមិជ្រៃរយោង នៃឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានដាក់ញត្តិមួយច្បាប់នៅក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ដើម្បីស្នើកិច្ចអន្តរាគមន៍បន្ទាន់មួយពីលោក សាយ សំអាល់។
ញត្តិរបស់ពលរដ្ឋចុះថ្ងៃទី ១ ខែមេសា បានរៀបរាប់ថា៖ «យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិខាងលើ ស្នើសុំឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មេត្តាជួយកាត់ដីប្រជាពលរដ្ឋចេញពីការអភិវឌ្ឍន៍របស់គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (ព្រលានយន្តហោះថ្មី) និងជួយផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ព្រមទាំងការអភិវឌ្ឍន៍នៅនឹងកន្លែងដល់ប្រជាពលរដ្ឋ»។
កាលពីសប្តាហ៍មុន ប្រជាពលរដ្ឋទាំងនោះ ក៏បាននាំគ្នាទៅកាន់សាលាខេត្តកណ្តាល ដើម្បីស្នើសុំឱ្យអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេផងដែរ បន្ទាប់ពីក្រុមហ៊ុន OCIC បានចាក់ដីលុបប្រឡាយ ត្រង់ទំនប់ ៩៤ ដែលរងការជំទាស់ពីប្រជាពលរដ្ឋ ព្រោះពួកគេយល់ថាការចាក់ដីលុបប្រឡាយអាចបង្កការខូចខាតផ្ទះសម្បែងរបស់ពួកគេក្នុងរដូវវស្សា និងបង្កគ្រោះថ្នាក់ដល់ក្មេងៗពេលកម្រិតទឹកឡើងខ្ពស់។
រហូតមកដល់នេះ ពលរដ្ឋខ្លះប្រាប់វីអូអេថា ក្រុមហ៊ុន មិនទាន់កាយដីចេញពីប្រឡាយវិញនោះទេ។
តំណាងក្រុមហ៊ុន OCIC គឺលោក ជីវ កុកសាយ បានឱ្យដឹងកាលពីពេលកន្លងទៅថា ការចាក់ដីក្នុងប្រឡាយ ត្រង់ទំនប់ ៩៤ នេះ គឺចាក់ត្រឹមព្រំដីរបស់ក្រុមហ៊ុនដែលមានប្លង់រឹង។ លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនគ្មានគម្រោងកាយដីចេញពីប្រឡាយជាប់ទំនប់ ៩៤ នោះទេ។
លោកបញ្ជាក់ថា៖ «បាទ! ចាក់ដីលើដីកម្មសិទ្ធិរបស់ក្រុមហ៊ុនទេ។ ហើយខាងខ្ញុំបានសិក្សាអំពី[ការ]ធ្វើស្ពានបាឡេ ដើម្បីបញ្ចៀសទឹក បញ្ចៀសអីដែរ»។
ស្ត្រីម្នាក់ទៀតដែលជាអ្នករស់នៅតាមទំនប់ ៩៤ ក្នុងភូមិអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អ្នកស្រី សុខ ចិន្តា អាយុ៣៥ឆ្នាំ រៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ប្រជាពលរដ្ឋឡើងមកសុំកិច្ចអន្តរាគមន៍ពីក្រសួងដែនដីនេះជាលើកទីមួយ បន្ទាប់ពីគ្មានការឆ្លើយតបណាមួយពីរដ្ឋបាលខេត្តកណ្តាល ទៅនឹងការទាមទាររបស់ពួកគេ។
អ្នកស្រីក៏ស្នើរដ្ឋមន្ត្រីក្រសួងដែនដី ចេញប្លង់កម្មសិទ្ធិដីធ្លីដល់ពលរដ្ឋរស់នៅតំបន់នោះប្រមាណ ៦០០គ្រួសារ ដើម្បីឱ្យពលរដ្ឋអាចមានជីវភាពសមរម្យ និងអាចផ្គត់ផ្គង់ការរៀនសូត្ររបស់កូន។
អ្នកស្រីថ្លែងថា៖ «បងឯងដឹងហើយផ្លូវក្រវ៉ាត់ក្រុងនៅហ្នឹង ហេតុអ្វីដល់ពេលមានផ្លូវក្រវ៉ាត់ក្រុងល្អ មានផ្លូវល្អ ហេតុអ្វីប្រជាពលរដ្ឋរស់នៅតាំងពីលំបាក ដល់ពេលផ្លូវល្អ អភិវឌ្ឍន៍ឱ្យប្រជាពលរដ្ឋចេញ»។
បើតាមអ្នកស្រី សុខ ចិន្តា ប្រជាពលរដ្ឋមកអាស្រ័យផល និងតាំងទីលំនៅនៅតាមទំនប់ ៩៤ នេះ រយៈពេលជាង ២០ឆ្នាំមកហើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បាននៅឡើយទេ។
ប៉ុន្តែមន្ត្រីរបស់ក្រសួងដែនដីលោក សុខ យួស ដែលចេញមកទទួលញត្តិរបស់ប្រជាពលរដ្ឋថា ក្រសួងនឹងពិនិត្យមើលបញ្ហាដែលបានកើតឡើងទៅតាមនីតិវិធីច្បាប់។
លោកថ្លែងថា៖ «យល់ថាអ៊ីចេះបងប្អូនស្តាប់គ្នាឱ្យបានទាំងអស់គ្នា បងប្អូនមកនេះគឺមករកផ្លូវច្បាប់ អ៊ីចឹងក្រសួង [ដែនដី] នឹងដោះស្រាយជូនបងប្អូនតាមនីតិវិធីច្បាប់ ត្រូវយល់ឱ្យបានឯកភាព ឱ្យបានឭទាំងអស់គ្នា»។
គម្រោងរួមរបស់ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ឬហៅកាត់ថា (OCIC) និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចាប់ផ្តើមសាងសង់ព្រលានយន្តហោះអន្តរជាតិដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៨ ដែលគ្រោងចំណាយប្រាក់ប្រមាណ ១.៥០០លានដុល្លារអាមេរិក និងត្រូវការដីទំហំ ២.៦០០ហិកតា។
ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ក៏ជួបប្រទះបញ្ហាមួយចំនួនជាមួយពលរដ្ឋ ពាក់ព័ន្ធកម្មសិទ្ធិដីធ្លី ដោយពលរដ្ឋខ្លះព្រួយបារម្ភខ្លាចមានការបណ្តេញចេញពីលំនៅឋានដោយបង្ខំ និងពលរដ្ឋខ្លះថា មិនទទួលបានសំណងសមរម្យចំពោះដីធ្លីដែលប៉ះពាល់នឹងកន្លែងសាងសង់ព្រលានយន្តថ្មីនោះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា គួរតែមានការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាមុនសិន មុននឹងសម្រេចធ្វើការអភិវឌ្ឍតំបន់ណាមួយ។ លោកថា ក្រុមហ៊ុនដែលអភិវឌ្ឍក្នុងតំបន់នោះ និងក្រសួងដែនដីគួរតែធ្វើការសិក្សាឱ្យបានច្បាស់លាស់សិន មុននឹងសម្រេចលុបប្រឡាយ ព្រោះរដូវវស្សាគឺខិតជិតមកដល់ ដែលអាចនឹងបង្កឱ្យមានការព្រួយបារម្ភពីការលិចលង់ផ្ទះសម្បែងរបស់ពលរដ្ឋផងដែរ។
លោកថ្លែងថា៖ «ជាការពិត ការអភិវឌ្ឍខ្ញុំជឿថាពលរដ្ឋចូលរួមនៅក្នុងការអភិវឌ្ឍ ប៉ុន្តែការអភិវឌ្ឍទាំងឡាយត្រូវប្រកបដោយតម្លាភាព ដោយយុត្តិធម៌ បើពលរដ្ឋដែលគាត់រងផលប៉ះពាល់ត្រូវតែមានដំណោះស្រាយសមរម្យ និងយុត្តិធម៌សម្រាប់ពួកគាត់ ពីព្រោះការអភិវឌ្ឍក្រុមហ៊ុនក៏ចង់ទទួលបានផលចំណេញ ចំណែកឯប្រជាពលរដ្ឋដែលរងប៉ះពាល់ធ្វើម៉េចឱ្យគាត់ទទួលយកបាន»។
ប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនប់ ៩៤ បានលើកឡើងថា ពួកគេនឹងត្រឡប់មកតវ៉ានៅមុនក្រសួងដែនដីម្តងទៀត ប្រសិនបើគ្មានដំណោះស្រាយសមស្របណាមួយសម្រាប់ពួកគេ៕