រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​អនុវត្ត​ដីកា​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ប៉ុន្តែ​កម្លាំង​នគរ​បាល​ខេត្ត​និង​ស្រុក​ថា​ មិន​ដឹង​ព័ត៌មាន

រូបឯកសារ៖ អ្នកស្រី​ កឹម តុលា នៅពេល​ដែល​​អ្នកស្រី​ជា​បេក្ខនារី​​មក​ពីគណបក្ស​សង្រ្គោះជាតិ ប្រកួតប្រជែង​យក​តំណែង​មេឃុំ​ត្រែង​ត្រយឹង ក្នុង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA)

ស្នង​ការ​នគរបាលខេត្ត​កំពង់​ស្ពឺ និង​អធិការ​នគរបាល​ស្រុក​ភ្នំស្រួច នៅ​ថ្ងៃ​សុក្រ​នេះ​បាន​អះ​អាង​ថា ​ពួក​គេ​មិន​បាន​ដឹង និង​ពាក់​ព័ន្ធ​នឹងការ​ចាប់​ខ្លួន​សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​ឃុំ​ត្រែង​ត្រយឹង អ្នកស្រី កឹម តុលា នោះ​ទេ។

អភិបាល​ខេត្តកំពង់ស្ពឺ​ បាន​ការពារ​ការ​អនុវត្ត​នោះ​ថា​ ជា​វិធី​សាស្រ្ត​នៃ​ការ​អនុវត្ត​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការ​ចាប់​ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ។

ការ​ចាប់​ខ្លួន​សកម្ម​ជន​បក្ស​ប្រឆាំង ដែល​ជា​អតីត​មេឃុំ​ជាប់​ឆ្នោត​មក​ពី​គណ​បក្ស​សង្រ្គោះ​ជាតិ នៅ​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់​ស្ពឺ អ្នកស្រី កឹម តុលា អាយុ​៣៤​ឆ្នាំ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​កក្កដា ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​អំពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្ម​ជន​នៅ​ថ្នាក់​ក្រោម នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ​នៅ​ឆ្នាំ​២០​២២។

ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ លោក សម សាមួន ហាក់​ស្ទាក់​ស្ទើរ​ក្នុង​ការ អត្ថាធិប្បាយ។ លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ព្រឹក​ថ្ងៃ​សុក្រនេះ​ថា ​លោក​មិន​មាន​ព័ត៌​មាន​អ្វី​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​នេះ​ទេ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​អត់​ដឹង​ដែរ មិន​ដឹង​សួរ​ខាងៗ​ណា​[ទេ]»។

ចំណែក​លោក សាយ ប៊ុនថន អធិ​ការ​ស្រុក​ភ្នំស្រួច បាន​អះ​អាង​ថា ​ការ​ចាប់​ខ្លួន​នោះ ជា​ការ​បញ្ជា​ផ្ទាល់របស់​រដ្ឋ​បាល​ខេត្ត ហើយ​មិន​មាន​ការ​«សហការ»​ជាមួយ​កម្លាំង​នគរបាល​ខាង​ក្រោម​ឡើយ។

លោក​ប្រាប់​វីអូអេ​ថា៖ «ពាក់​ព័ន្ធ​នឹង​ខាង​ខេត្ត​ទេ យើង​អត់​[ពាក់​ព័ន្ធ​ទេ]។ ខេត្ត​គេ​អត់​មាន​សហ​ការ អ៊ីចឹង ​បាន​សួរ​ទៅ​ខាង​ខេត្ត​វិញ»។

អភិបាល​ខេត្ត​កំពង់​ស្ពឺ លោក វ៉ី សំណាង បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ពិត​ជា​មាន​ការ​ចាប់​ខ្លួន​អ្នកស្រី កឹម តុលា មែន ដោយ​អនុវត្ត​តាម​សាល​ក្រម​របស់​តុលាការ ដែល​លោក​ថា​ តុលាការ​បាន​កាត់​ទោស​ដាក់​ពន្ធនា​គារ​ចំនួន​១​ឆ្នាំ ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» ក្នុង​សំណុំ​រឿង​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ លោក​បន្ថែម​ថា​ សកម្ម​ជន​បក្ស​ប្រឆាំងរូប​នោះ បាន​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ កាល​ពី​កន្លង​ទៅ ហើយ​អាជ្ញាធរ​ទើប​ដឹង និង​មាន​ការ​ចាប់​ខ្លួន​តែ​ម្តង។

ពាក់​ព័ន្ធ​នឹង​ការ​មិន​ដឹង​ព័ត៌មាន​របស់​ស្នង​ការ​ខេត្ត​និង​អធិការ​ស្រុក អំពី​ការ​ចាប់​ខ្លួន​នេះ អភិបាល​ខេត្ត​កំពង់​ស្ពឺ​បាន​បញ្ជាក់​ថា៖ «អូហ៍ អូន​ឯង​ទៅ​សួរ​ចំ​ប៉ូលិស​ខុស។ ជួន​កាល​អូន​ឯង​ទៅ​សួរ​ចំ​ប៉ូលិស​ចរាចរណ៍ ទៅ​សួរ​ប៉ូលិស​សណ្តាប់​ធ្នាប់ ទៅ​សួរ​ប៉ូលិស​គ្រឿង​ញៀន»។

លោក​បន្ថែម​ថា៖ «យើង​មាន​វិធីសាស្រ្ត​នៃ​ការ​ប្រើ​ប្រាស់​ប៉ូលិស។ ហើយ​អាហ្នឹង​អូន​ឯង​មិន​បាច់​លូក​មាត់ថា​គួរ​តែ​ប្រើ​អាណា​ទេ ព្រោះ​ខ្ញុំ​ប្រើប្រាស់​ វា​មាន​រឿង​ត្រូវ​ប្រើ​ប្រាស់ ពេល​ខ្លះ​ខ្ញុំ​ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប​ មធ្យោ​បាយ​សរុប ពេល​ខ្លះ​ យើង​ប្រើ​តែ​ម្នាក់​ពីរ​នាក់ ក៏​បាន​ដែរ​ អត់​អី​ទេ»។

បើ​តាម​អភិបាល​ខេត្ត បច្ចុប្បន្ន​នេះ អ្នក​ស្រី កឹម តុលា ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់​ស្ពឺ។

លោក ឆាយ គឹមខឿន អ្នក​នាំ​ពាក្យ​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ថ្លែង​ប្រាប់​វីអូអេ​ថា​ការ​ចាប់​ខ្លួន​អ្នក​ស្រី កឹម តុលា គឺ​អនុវត្ត​តាម​ដីកា​ចាប់​ខ្លួន​របស់​តុលា​ការ ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។

លោក​បញ្ជាក់​ថា​ជា​ធម្មតា នគរបាល​និង​កម្លាំង​កង​រាជ​អាវុធហត្ថ​មាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌ ដែល​អាច​អនុវត្ត​សាល​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​បាន។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្រ្តី​ពាក់​ព័ន្ធ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល និង​ការ​ពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ជា​ធម្មតា​ កម្លាំង​ស្នង​ការដ្ឋាននគរ​បាល​ខេត្ត និងកងរាជ​អាវុធ​ហត្ថ​ជា​នគរ​បាល​យុត្តិធម៌ ដែល​តុលាការ​តែង​តែ​សហ​ការ​ក្នុង​ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ ជា​ការ​អនុវត្ត​តាម​សាលក្រម និង​ដីកា​បញ្ជា​ឲ្យ​ចាប់​ខ្លួន​អ្វី​មួយ​។ លោក​ថា​ករណី​នេះ​នាំ​ឲ្យ​មាន​ការ​រិះគន់​បន្ថែម​ទៀត​លើ​នីតិវិធី​នៃ​ការ​ចាប់​ខ្លួន បន្ថែម​លើ​ការ​រិះគន់​អំពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​ថ្នាក់​ក្រោម​ជាតិ។

លោក​ថ្លែង​ថា៖ «ព្រោះ​អនុវត្ត​ដីកា បើ​សិន​ជា​អ្នក​ដែល​មិន​ពាក់​ព័ន្ធ​ ឬ​ក៏​មន្រ្តី​រាជការ​ស៊ីវិល​ធម្មតា គឺ​គ្មាន​តួនាទី​ទេ​ក្នុង​ការ​អនុវត្ត​នោះ ព្រោះ​ដីកា​ភាគ​ច្រើន គឺ​ខាង​តុលាការ គេ​បញ្ជូន​ទៅ​មន្រ្តី​នគរបាល​យុត្តិធម៌​ដូច​ជាស្នង​ការ​ ឬ​ក៏​រាជ​អាវុធ​ហត្ថក្នុង​ការ​អនុវត្ត​នៃ​ការ​ចាប់​ខ្លួន»។

អ្នកស្រី កឹម សេដ្ឋា អាយុ​៥២​ឆ្នាំ ជា​បង​ស្រីរបស់​អ្នកស្រី កឹម​ តុលា បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រនេះ​ថាប្អូន​ស្រីត្រូវ​បាន​ចាប់​ខ្លួន​នៅ​តូប​លក់​ចាប់​ហួយ​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​តាម​ព័ត៌មាន​ដែល​អ្នកស្រី​ទទួល​បាន​ពី​ប្រជា​ពលរដ្ឋ​នៅ​ជុំវិញ​នោះ។ អ្នកស្រី​បន្ថែម​ថា​ប្អូន​ស្រី​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ មក​រស់​នៅ​ក្នុង​ឃុំ​ត្រែង​ត្រយឹង ចាប់​តាំង​ពីខែ​មេសា ឆ្នាំ​២០២១​នេះ ប៉ុន្តែទើប​តែ​ត្រូវ​បាន​ចាប់​ខ្លួន។

អ្នកស្រី​ឲ្យ​ដឹង​ថា​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ដែរ អ្នក​ស្រី​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ប្អូន​ស្រី​ក្នុង​ពន្ធនា​គារ។

នេះ​ជា​ការ​ចាប់​ខ្លួន​ចុង​ក្រោយ​បន្ថែម​ទៀត​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​គាំទ្រ​ការ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​របស់​លោក សម រង្ស៊ី។ សកម្មជន​ខ្លះ​ក៏​ត្រូវ​បាន​កាត់​ទោស​ហើយ។ អ្នក​ខ្លះ​ទៀត​ក៏​កំពុង​រង់ចាំ​ការ​កាត់​ទោស៕