ការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងឡានមួយគ្រឿងនៅខាងក្រៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងកាប៊ុលបានបណ្តាលឱ្យមនុស្ស១២នាក់ស្លាប់កាលពីថ្ងៃសៅរ៍ដោយមានរួមមានបុគ្គលិកបីនាក់ដែលបម្រើការឱ្យកងអង្គភាព១របស់អង្គការអូតង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ។
មានមនុស្សច្រើននាក់បានត្រូវរបួសដោយសារការផ្ទុះគ្រាប់បែកនេះដែលមានសំឡេងខ្ទ័រនៅទូទាំងសង្កាត់មួយដែលមានអ្នកស្រុករស់នៅនៃរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាន ហើយបានធ្វើឱ្យខូចខាត ឬបំផ្លាញរថយន្តរាប់សិបគ្រឿងទៀត។
អង្គការអូតង់បាននិយាយថា ក្រុមអ្នកធ្វើការស៊ីវិលដែលជាប់កុងត្រារបស់ខ្លួនបីនាក់បានស្លាប់ដោយម្នាក់បានស្លាប់នៅនឹងកន្លែង ហើយពីរនាក់ទៀតបានបាត់បង់ជីវិត ទោះណាជាមានការព្យាបាលក្នុងមន្ទីរពេទ្យក៏ដោយ ក៏ប៉ុន្តែអង្គការនេះមិនបានប្រាប់ឱ្យដឹងអំពីសញ្ជាតិរបស់ជនរងគ្រោះទាំងនោះទេ។
របាយការណ៍មកពីកន្លែងកើតហេតុបាននិយាយថា ការបំផ្ទុះគ្រាប់បែកនេះបានយកក្បួនបេសកជនម្នាក់របស់កងកម្លាំងបរទេសដែលបានបើកកាត់ក្រុងកាប៊ុលជាទីដៅនៃការវាយប្រហារ នៅពេលវាបើកទៅជិតមន្ទីរពេទ្យឯកជនមួយឈ្មោះ Shinozada។ ស្ថានទូតស.រ.អា.ដែលមានកិច្ចការពារមាំទាំឋិតនៅចម្ងាយបីបួនគ.ម.ពីកន្លែងហេតុបានបន្លឺស៊ីរ៉ែនគ្រាមានអាសន្នហើយបានបញ្ជាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលខ្លីបន្ទាប់មក។
គ្មានការអះអាងទាមទារទទួលខុសត្រូវជាបន្ទាន់ដល់ការវាយប្រហារនេះដែលជាការវាយប្រហារថ្មីបំផុតនៅក្នុងបណ្តាការវាយប្រហារដ៏ប្រល័យមួយចំនួនកាលពីពេលថ្មីៗនេះក្នុងខែនេះដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៥០នាក់ស្លាប់ និងមានមនុស្សរាប់រយនាក់ទៀតត្រូវរបួសនៅក្នុងក្រុងកាប៊ុល៕