រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅថ្ងៃច័ន្ទនេះ បានប្រកាសបើកយុទ្ធនាការជាផ្លូវការដើម្បីដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដែលជាផ្នែកមួយនៃការរកយុត្តិធម៌ដល់ជនកំពុងជាប់ឃុំ និងបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។
ក្នុងសន្និសីទព័ត៌មានធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍ថា យុទ្ធនាការប្រឆាំងនឹងការប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលចាប់ផ្តើម តាំងពីចុងឆ្នាំ ២០១៦ និងយុទ្ធនាការប្រឆាំងបទល្មើសផ្សេងទៀត បានធ្វើឲ្យមានកំណើននៃសំណុំរឿងនៅតុលាការជាន់ទាបរាជធានី និងខេត្ត។ លោកបន្តថា ការបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះ គឺជាតម្រូវការចាំបាច់ ដើម្បីកែទម្រង់ស្ថាប័នតុលាការផង និងសម្រាលបន្ទុកក្នុងពន្ធនាគារផង។
«គោលបំណងទីមួយ កាត់បន្ថយ ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង ក្នុងគោលដៅដើម្បីពន្លឿនការរកយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។ ទីពីរ កាត់បន្ថយការកកស្ទះសំណុំរឿង មានន័យស្មើនឹងលើកកម្ពស់ស្ថាប័នមួយនេះ ដើម្បីអាចឆ្លើយតបទៅនឹងសំណុំរឿងដែលនឹងចូលមកថ្មីៗបន្តទៀត ជាពិសេស គឺការផ្តល់សេវាយុត្តិធម៌ហ្នឹង បានកាន់តែប្រសើរជាងមុន និងឆាប់រហ័សជាងមុន។ គោលបំណង ទីបី គឺការកាត់បន្ថយការកកស្ទះនេះ នឹងមានបច្ច័យមួយរួមចំណែកដល់ការកាត់បន្ថយភាពចង្អៀតណែននៅតាមពន្ធនាគារផងដែរ»។
បើតាមទិន្នន័យដែលក្រសួងយុត្តិធម៌ប្រមូលបាន គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០ សាលាដំបូងរាជធានី ខេត្តមានសំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការសរុបចំនួន ៣៩.១៥២ សំណុំរឿង។ ក្នុងនោះ គ្រឿងញៀនមានចំនួន ៦.២៦០ សំណុំរឿង។ អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀនមានចំនួន ៦.៩០០ នាក់។
ក្រសួងយុត្តិធម៌បញ្ជាក់ថាគ្រាន់តែនៅសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងដែលនៅសល់មិនទាន់ចាត់ការរួចគិតត្រឹមឆ្នាំ ២០១៩ មានរហូតដល់ ១២.០០០ សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មី មានជាមធ្យមប្រមាណពី ៧០០ រឿងទៅ ៩០០ រឿងក្នុងមួយខែ ដែលធ្វើឲ្យសាលាដំបូងរាជធានីភ្នំពេញ មិនអាចឆ្លើយតបដោះស្រាយបញ្ហាប្រឈមនេះបាន។
លោករដ្ឋមន្រ្តីយុត្តិធម៌ក៏បានច្រានចោលការចោទប្រកាន់នានាដែលថា បញ្ហាពុករលួយធ្វើឲ្យសំណុំរឿងកកស្ទះនៅតុលាការ។
ជាផ្នែកមួយនៃការកាត់បន្ថយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែក្រសួងយុត្តិធម៌ លើកទឹកចិត្តឲ្យព្រះរាជអាជ្ញាប្រើវិធីចោទប្រកាន់ តាមរយៈការបញ្ជូនរឿងដោយផ្ទាល់ទៅចៅក្រម ដើម្បីជំនុំជម្រះសម្រាប់បទមជ្ឈឹម ដោយចៀសវាងការបញ្ជូនទៅចៅក្រមស៊ើបសួរចំពោះសំណុំរឿងដែលមិនចាំបាច់។
ជាងនេះទៅទៀត ក្រសួងលើកទឹកចិត្តឲ្យចៅក្រមស៊ើបសួរប្រើប្រាស់វិធានការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជំនួសឲ្យការឃុំខ្លួនជាបណ្តោះអាសន្ន ចំពោះបទមជ្ឈឹមមួយចំនួនដែលការឃុំខ្លួនពុំមែនជាការចាំបាច់។ ក្រសួងក៏បានលើកទឹកចិត្តឲ្យចៅក្រមជំនុំជម្រះប្រើប្រាស់គោលការណ៍ព្យួរទោស ចំពោះបទមជ្ឈឹមមិនធ្ងន់ធ្ងរ ជាពិសេសការព្យួរទោសសាកល្បង ដោយមានភ្ជាប់នូវកាតព្វកិច្ចមួយចំនួនសម្រាប់ទណ្ឌិតអនុវត្ត។
ទោះជាយ៉ាងណា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ក្រសួងយុត្តិធម៌នឹងមិនជ្រៀតជ្រែកការសម្រេចចិត្តរបស់ចៅក្រមនោះទេ ដោយចាត់ទុកថារាល់ការសម្រេចរបស់ចៅក្រមជាឆន្ទានុសិទ្ធិរបស់ពួកគេ។
សេចក្តីណែនាំដាច់ដោយឡែកមួយរបស់លោក កើត រិទ្ធ លើកឡើងថា ដើម្បីអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការជាន់ទាប ចៅក្រមស៊ើបសួរ គប្បីយកចិត្តទុកដាក់ក្នុងការពន្លឿនការអនុវត្តនីតិវិធីស៊ើបសួរឲ្យបានឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់និងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។
លោក កើត រិទ្ធ ដែលទើបឡើងកាន់តំណែងជារដ្ឋមន្ត្រីយុត្តិធម៌ឲ្យដឹងថា រយៈពេលយុទ្ធនាការនេះគឺចន្លោះពី ៦ខែទៅ៩ខែ។ លោកព្រមានបណ្តេញចេញពីក្របខណ្ឌតុលាការ ប្រសិនបើមន្ត្រីរូបណាប្រព្រឹត្តអំពើពុករលួយ។
លោកថ្លែងថា៖ «មានន័យថា បើសិនជាមានករណីប្រព្រឹត្តអំពើពុករលួយក្នុងយុទ្ធនាការនេះ គឺក្រសួងយុត្តិធម៌នឹង ចាត់វិធីឆ្លើយតបដោយម៉ឺងម៉ាត់ ទីមួយ។ ទីពីរ ក្រសួងយុត្តិធម៌ក៏បានជួបជាមួយសាលាជម្រះក្តីជាន់ខ្ពស់ដែរ ហើយបន្តទៅទៀតនេះ នឹងជួបជាមួយនឹងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីធានាថា កំហុសផ្នែកវិជ្ជាជីវៈក៏ត្រូវតែឆ្លើយតបជាមួយការទទួលខុសត្រូវផ្នែកវិជ្ជាជីវៈដែរ ហើយវិន័យធំជាងគេផ្នែកវិជ្ជាជីវៈ ដែលអាចរកឃើញកំហុស គឺការបណ្តេញចេញពីក្របខណ្ឌ»។
នៅក្នុងការអនុវត្តយុទ្ធនាការដោះស្រាយក្តីក្តាំ ដែលកកស្ទះនៅសាលាដំបូងរាជធានីខេត្តនេះ ក្រសួងយុត្តិធម៌ក៏បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដើម្បីទប់ស្កាត់អំពើពុករលួយ។ ក្រសួងយុត្តិធម៌ក៏បានបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត។ ក្រុមការងារចំនួន ៤ ក្រុម ត្រូវបានបង្កើតឡើងដើម្បីចុះអនុវត្តយុទ្ធនាការនេះ។
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty International កាលពីសប្តាហ៍មុន បានចេញផ្សាយរបាយការណ៍មួយ ក្រោយបានសម្ភាសអ្នកធ្លាប់មានបទពិសោធន៍នៃការចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយក្នុងនោះរកឃើញអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ដោយមានការបង្ខំឲ្យឆ្លើយសារភាពផងដែរ។
បើតាមរបាយការណ៍នេះ មានការបង្ខំឲ្យផ្តល់ប្រាក់ដល់ប៉ូលិស ដើម្បីផ្លាស់ប្តូររបាយការណ៍ដែលដាក់ទៅតុលាការ ដើម្បីកុំឲ្យមានការចោទប្រកាន់ធ្ងន់ធ្ងរ និងឲ្យមានការដោះលែងលឿន ឬមានការកាត់ទោសស្រាល ឬក៏ដោះលែងមនុស្សដែលគ្មានកំហុស ដែលត្រូវបានចាប់ខ្លួន។
លោក កើត រិទ្ធ បានច្រានការចោទប្រកាន់ដែលថា មានការប្រព្រឹត្តអំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌ ដូចជាការសម្រេចឃុំខ្លួនជនសង្ស័យ ដើម្បីជាថ្នូរនឹងការបានប្រាក់មកវិញ។
លោកថ្លែងថា៖«ចំពោះនិយាយរឿងការលើកឡើង អំពីរឿងឃុំខ្លួនដើម្បី យកប្រាក់ឃុំខ្លួនអីហ្នឹង ខ្ញុំគិតថា នេះគ្រាន់តែជាការលើកឡើង។ ដូចខ្ញុំលើកទឹកចិត្តមុនហ្នឹងអ៊ីចឹងថាយើងប្រកាន់ខ្ជាប់ថា ប្រទេសយើងនីតិរដ្ឋ យកច្បាប់ជាធំ។ ពេលដល់ពេលមានបញ្ហា យើងអត់រកផ្លូវច្បាប់យកមកពិនិត្យ។ ឥឡូវបើគេឃុំ ដើម្បីជម្រិតទារប្រាក់ ប្តឹងទៅ! ប្តឹងបាន! ច្បាប់អនុញ្ញាតឲ្យប្តឹង! ប៉ុន្តែយើងអត់ប្តឹង! ហើយដល់ពេលអត់ប្តឹង យើងថា គេលើកឡើងមកអ៊ីចឹងៗ។ បើអត់ប្តឹង តើចាត់ការយ៉ាងម៉េច? ចាត់ការយ៉ាងម៉េច? បញ្ហារបស់យើងនៅត្រង់កន្លែងហ្នឹង»។
លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ការដាក់យុទ្ធនាការនេះជាជំហានវិជ្ជមានមួយ ដែលលោកយល់ថា អាចបន្ថយចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេស។
លោកនិយាយថា៖ «វារាងយឺតពេលបន្តិច។ ក៏ប៉ុន្តែគ្រាន់តែថា វាជាចំណុចវិជ្ជមានមួយ សម្រាប់ការបង្កើតគណៈកម្មការនេះដើម្បីយុទ្ធនាការ ជំរុញការកកស្ទះសំណុំរឿងតាមបណ្តារាជធានីខេត្ត ពីព្រោះកន្លងមកដោយសារតែភាពកកស្ទះនៃសំណុំរឿងតាមបណ្តាសាលាដំបូងរាជធានីខេត្តនេះ ក៏វាជាការជំរុញឲ្យមានភាពចង្អៀតនៃពន្ធនាគារហ្នឹងមួយផ្នែកដែរ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះក៏ចង់ឃើញការអនុវត្តយុទ្ធនាការនេះបានឆាប់រហ័ស ហើយក្រុមការងារពាក់ព័ន្ធក៏ត្រូវបង្ហាញតម្លាភាពរបស់ខ្លួនក្នុងពេលចូលរួមបំបែកសំណុំរឿងទាំងឡាយណា ដែលបានកប់ចោលជាយូរមកហើយនោះ៕