រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ កាលពីថ្ងៃពុធ បានស្នើសុំទៅតុលាការសុំកុំបញ្ចូលសំណុំរឿងជាសំណុំរឿងតែមួយលើករណីអតីតឧកញ៉ាបាញ់ប្រហារដែលសម្លាប់មនុស្ស ២ នាក់ និងស្នើសុំកុំអនុវត្តវិធានការស្រូបទោស។
ការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺដើម្បីធ្វើយ៉ាងណាឱ្យជនដៃដល់ ដែលជាអតីតឧកញ៉ាទទួលទោសជាប់ពន្ធនាគារច្រើនឆ្នាំ ខណៈសាធារណជនបានរិះគន់ករណីនេះ និងចង់ឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
នៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ថ្លែងថា ក្នុងករណីអំពើឃាតកម្មសម្លាប់មនុស្ស ២ នាក់ និងការប៉ុនប៉ងឃាតកម្ម តុលាការគួរតែបំបែកសំណុំរឿងនេះជាពីរ ដើម្បីជនល្មើសអាចទទួលទោសក្នុងមួយសំណុំរឿងដល់ ១៥ ឆ្នាំ។
លោកបញ្ជាក់ថា៖ «បន្ថែមពីនេះ ខ្ញុំក៏សូមស្នើទៅតុលាការ។ ទីមួយសុំកុំបញ្ចូលសំណុំរឿងនេះជាសំណុំរឿងទាំង២នេះជាមួយគ្នាជាសំណុំរឿងតែមួយ។ ទីពីរស្នើសុំទៅតុលាការគ្រប់ជាន់ថ្នាក់ ព្រោះអាចគាត់ប្ដឹងច្រើនតង់ សូមកុំអនុវត្តវិធានស្រូបទោស ដើម្បីធានាថាជននេះនឹងត្រូវអនុវត្តទោសតាមសាលក្រមឬសាលដីកាជាបន្តបន្ទាប់ៗរបស់សំណុំរឿងទាំងពីរនេះ អនុវត្តចប់ចូលសាលក្រមមួយទៀតអនុវត្តបន្ត»។
រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌លើកឡើងថា លោកនឹងស្នើសុំគណៈកម្មការជាតិពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ឱ្យដាក់ឈ្មោះជនល្មើស ស្រី ស៊ីណា ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវៗដែលមិនអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសបានឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ និងលោក ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
ជនដៃដល់ដែលបានសារភាពអំពីការបាញ់ប្រហារនេះ លោក ស្រី ស៊ីណា បានបាញ់កាំភ្លើងខ្លីជាច្រើនគ្រាប់នៅក្នុងផ្ទះនៅបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ បណ្តាលឱ្យមនុស្ស ២ នាក់ស្លាប់ និង ២ នាក់ទៀតរងរបួស។
អយ្យការនៃតុលាការរាជធានីភ្នំពេញបានចោទប្រកាន់ជននោះត្រឹមតែអំពើឃាតកម្ម ការប៉ុនប៉ងឃាតកម្ម និងកាន់កាប់អាវុធខុសច្បាប់ ដែលអាចជាប់ពន្ធនាគារខ្ពស់បំផុតត្រឹម ១៥ ឆ្នាំ មិនមែនអស់មួយជីវិត។
តុលាការបានចោទប្រកាន់បុគ្គលឈ្មោះ ស្រី ស៊ីណា ពីបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម (ឃាតកម្មមិនបានសម្រេច) និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ដោយតំណាងអយ្យការបានសន្និដ្ឋានថាអំពើនេះជាអំពើឃាតកម្ម«ដោយពុំមានធាតុផ្សំជាអំពើឃាតកម្មគិតទុកជាមុនតាមការកំណត់នៃច្បាប់»នោះទេ ព្រោះថានៅមុនពេលបាញ់ប្រហារទៅលើជនរងគ្រោះ គឺមានការជជែកឈ្លោះប្រកែកគ្នាភ្លាមៗ ដោយពុំមានភស្តុតាង និងការរៀបចំផែនការសម្លាប់មនុស្សឡើយ។
តុលាការបានបញ្ជាក់ថាករណីឃាតកម្មនេះ កើតឡើងដោយសារបញ្ហាទំនាស់អ្នកជិតខាងនឹងគ្នារវាងអ្នកជួលផ្ទះរបស់ជនល្មើស ឈ្មោះ ស្រី ស៊ីណា និងជនរងគ្រោះទាក់ទងនឹងរឿងកាប់ដើមស្វាយ វាយកម្ទេចផើងផ្កា និងរឿងដាក់ស្នួរខោអាវនៅជាប់ផ្ទះជិតគ្នា។
ជនរងគ្រោះប្រុសមានឈ្មោះ ឡុង លីសុង អាយុ ២៧ ឆ្នាំ និងជនរងគ្រោះស្រីមានឈ្មោះឃីន កញ្ចនា អាយុ ២៥ ឆ្នាំ ជាគូដណ្តឹងនឹងគ្នា។ ពួកគេមានមុខរបរជាអ្នកថតរូបសម្រាប់កម្មវិធីផ្សេងៗ ដូចជាអាពាហ៍ពិពាហ៍ជាដើម។ ជនរងគ្រោះ លោក ឡុង លីសុង ជាម្ចាស់ក្រុមហ៊ុនថតរូបឈ្មោះថា Stellar Pictures៕