ចៅក្រម​កំណត់​យក​ថ្ងៃ​ ៤ មីនា​ ​២០២៤ ​ជា​ថ្ងៃ​សវនាការ​សម្រាប់​លោក Trump ក្នុង​សំណុំ​រឿង​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត

រូបឯកសារ៖ អតីតប្រធានាធិបតី លោក Donald Trump ចុះពីយន្តហោះនៅពេលគាត់មកដល់អាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta នៅទីក្រុង Atlanta កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។

សវនាការ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​រៀបចំ​ផែនការ​សម្ងាត់​ដើម្បី​ប្រែ​ក្រឡាស់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ នឹង​ធ្វើ​ឡើង​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ។ នេះ​បើ​តាម​ការ​សម្រេច​របស់​ចៅក្រម​សហព័ន្ធ​កាលពី​ថ្ងៃ​ចន្ទ។

ចៅក្រម​តុលាការ​ថ្នាក់​សហព័ន្ធ​អ្នកស្រី Tanya Chulkan ដែល​ទទួល​ខុស​ត្រូវ​លើ​សំណុំ​រឿង​នេះ បាន​កំណត់​យក​ថ្ងៃ​ទី ៤ ខែ​មីនា​ឆ្នាំ​ក្រោយ ​ជា​ថ្ងៃ​សវនាការ​សម្រាប់​លោក Trump គឺ​មួយ​ថ្ងៃ​មុន​ពេល​ការ​បោះឆ្នោត​បឋម​តាម​រដ្ឋ​ជា​ច្រើន​ក្នុង​ថ្ងៃ​តែ​មួយ​ចូល​មក​ដល់​ ដែល​គេ​ហៅ​ថា «Super Tuesday» ដែល​នៅ​ពេល​នោះ អ្នក​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ចំនួន ១៥ ចេញ​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២៤។

នៅ​ពេល​បច្ចុប្បន្ន​នេះ លោក Trump គឺ​ជា​បេក្ខជន​ដែល​ហាក់​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​ឈ្នះ​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។

ដំបូង រដ្ឋអាជ្ញា​ចង់​ចាប់ផ្ដើម​សវនាការ​នេះ​នៅ​ថ្ងៃ​ទី ២ ខែ​មករា​ឆ្នាំ​ក្រោយ ចំណែក​ឯ​មេធាវី​ការពារ​ក្ដី​លោក Trump វិញ​ចង់​ពន្យារ​សវនាការ​នេះ​រហូត​ដល់​ខែ​មេសា ឆ្នាំ ២០២៦ គឺ​ក្នុង​រយៈពេល​ជាង ២ ឆ្នាំ​ក្រោយ​ការ​បោះឆ្នោត។

អ្នកស្រី Chutkan បាន​ច្រានចោល​កាល​បរិច្ឆេទ​ស្នើ​ឡើង​ទាំង​ពីរ​ថា «មិន​សម​ហេតុផល»។ ប៉ុន្តែ កាល​បរិច្ឆេទ​នៃ​សវនាការ​ដែល​អ្នកស្រី​កំណត់​ឡើង​នេះ​អាច​ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​របស់​លោក Trump និង​ការ​តតាំង​ផ្លូវ​ច្បាប់​របស់​លោក​លើ​រឿង​ក្ដី​ជា​ច្រើន។

កាល​បរិច្ឆេទ​កំណត់​នៃ​សវនាការ​នេះ​មិន​ត្រឹមតែ​ជាន់​គ្នា​ជាមួយ​នឹង​ការ​ចាប់ផ្ដើម​នៃ​រដូវ​បោះឆ្នោត​បឋម​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ទំនង​ជា​ជាន់​គ្នា​ជាមួយ​នឹង​នីតិវិធី​តុលាការ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​លោក Trump និង​សហការី​របស់​លោក​ថែម​ទៀត​ផង។

នៅ​ក្នុង​រដ្ឋ Georgia ដែល​នៅ​ទីនោះ​លោក Trump និង​មនុស្ស ១៨ នាក់​ផ្សេង​ទៀត​ទើប​ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ពេល​ថ្មីៗ​នេះ​ពី​បទ​មាន​ផែនការ​ឃុបឃិត​សម្ងាត់​ដើម្បី​ប្រែ​ក្រឡាស់​លទ្ធផល​បោះឆ្នោត​នៅ ក្នុង​រដ្ឋ​នោះ រដ្ឋអាជ្ញា​បាន​ស្នើ​យក​ថ្ងៃ​ទី ៤ ខែ​មីនា​ឆ្នាំ​ក្រោយ​ជា​ថ្ងៃ​សវនាការ។ ចៅក្រម​មិន​ទាន់​បាន​កំណត់​អំពី​កាល​បរិច្ឆេទ​នៃ​សវនាការ​នេះ​នៅ​ឡើយ​ទេ។

នៅ​ថ្ងៃ​ទី ២៥ ខែ​មីនា​ឆ្នាំ​ក្រោយ លោក Trump គ្រោង​នឹង​ឡើង​សវនាការ​នៅ​ក្នុង​រដ្ឋ New York អំពី​ករណី​ពាក់ព័ន្ធ​នឹង​ការ​បង់​លុយ​បំបិទ​មាត់​ឱ្យ​តារា​ភាពយន្ត​អាសអាភាស​មួយ​រូប​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦។

ហើយ​នៅ​ថ្ងៃ​ទី ២០ ខែ​ឧសភា​ឆ្នាំ​ក្រោយ លោក Trump នឹង​ប្រឈម​នឹង​គណៈវិនិច្ឆ័យ​តុលាការ​នៅ​ក្នុង​រដ្ឋ Florida ដែល​នៅ​ទីនោះ​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ​ថា​បាន​រក្សា​ទុក​ឯកសារ​សម្ងាត់​ដោយ​ខុស​ច្បាប់​បន្ទាប់ពី​លោក​បាន​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី និង​បាន​លាក់​ឯកសារ​ទាំង​នោះ​មិន​ឱ្យ​អ្នក​ស៊ើប​អង្កេត​ឃើញ។

ដើម្បី​ឱ្យ​សវនាការ​របស់​លោក Trump អំពី​ការ​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​បន្ត​ទៅ​មុខ​បាន កាល​បរិច្ឆេទ​នៃ​សវនាការ​ថ្នាក់​រដ្ឋ​របស់​លោក​នៅ​ក្នុង​រដ្ឋ New York និង​រដ្ឋ Georgia ចាំបាច់នឹង​ត្រូវ​ផ្លាស់ប្ដូរ។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ផ្នែក​ច្បាប់៕