ចៅក្រមតុលាការសហព័ន្ធម្នាក់នៅរដ្ឋ Florida បានបញ្ជាឱ្យក្រសួងយុត្តិធម៌ស្នើលុបចោលព័ត៌មានខ្លះចេញពីលិខិតបញ្ជាក់ដែលគាំទ្របទបញ្ជាដែលត្រូវបានប្រើប្រាស់កាលពីសប្តាហ៍មុន ដើម្បីឆែកឆេរគេហដ្ឋានលំហែកាយរបស់លោកអតីតប្រធានាធិបតី Trump នៅរដ្ឋ Florida។
ចៅក្រមតុលាការសហព័ន្ធ Bruce Reinhart នៅទីក្រុង West Palm Beach បានថ្លែងថាលោកនឹងសម្រេចនៅថ្ងៃព្រហស្បតិ៍ក្រោយថា តើនឹងបញ្ចេញលិខិតបញ្ជាក់នោះឬក៏ទេ។ លោកបានផ្តល់ពេល១សប្តាហ៍ឱ្យក្រសួងយុត្តិធម៌ធ្វើការសម្រេចអំពីតើត្រូវលុបចោលផ្នែកណាខ្លះនៃលិខិតបញ្ជាក់នោះ។
ក្រសួងយុត្តិធម៌បានជំទាស់ចំពោះការបញ្ចេញលិខិតបញ្ជាក់ការឆែកឆេរជាសាធារណៈពី ព្រោះលិខិតនោះមានព័ត៌មានលម្អិតអំពីភស្តុតាងដែលជំរុញឱ្យទីភ្នាក់ងារស៊ើបអង្កេតសហ ព័ន្ធFBI ចូលទៅឆែកឆេរគេហដ្ឋានលំហែកាយរបស់លោក Trump ហៅ Mar-a-Largo ហើយអាចធ្វើឱ្យខូចខាតដល់ការស៊ើបអង្កេតដែលកំពុងបន្តធ្វើដើម្បីសន្មតថាតើលោក Trump បានរក្សាទុកឯកសារសម្ងាត់របស់រដ្ឋាភិបាលឬទេ។
ចៅក្រម Reinhart មានប្រសាសន៍ថា៖ «ខ្ញុំមិនទាន់ត្រៀមខ្លួនដើម្បីសម្រេចថា តើលិខិតបញ្ជាក់ការឆែកឆេរនោះគួរតែបិទបាំងទាំងស្រុងឬទេ។ មានផ្នែកខ្លះនៃលិខិតបញ្ជាក់នោះដែលអាចបញ្ចេញបាន។»
លោកចៅក្រមបានបញ្ចេញលិខិតបញ្ជាឱ្យឆែកឆេរនិងឯកសារ២ផ្សេងទៀតតាមសំណើរបស់ក្រសួងយុត្តិធម៌រួចហើយ។
សវនាការកាលពីថ្ងៃព្រហស្បតិ៍បានធ្វើឡើងដោយបណ្តាញផ្សាយព័ត៌មានធំៗរបស់អាមេរិកាំងដែលចង់ឱ្យមានការបញ្ចេញជាសាធារណៈនូវលិខិតបញ្ជាក់អំពីការឆែកឆេរនិងឯកសារឯទៀតដែលជាប់ទាក់ទិននឹងការឆែកឆេរនោះ។ មេធាវីតំណាងឱ្យ CNN, New York Times, Washington Post និងកាសែតផ្សេងទៀតបានជួបជាមួយលោកចៅក្រម Reinhart កាលពីថ្ងៃព្រហស្បតិ៍ដើម្បីជជែកអំពីការចេញផ្សាយលិខិតបញ្ជាក់អំពីការឆែកឆេរ
នោះនិងឯកសារផ្សេងទៀត។
ក្នុងអំឡុងនៃការចូលឆែកឆេរកន្លែងលំហែកាយរបស់លោក Trump ភ្នាក់ងារ FBI បានយកឯកសារសម្ងាត់របស់រដ្ឋាភិបាល១១ប្រអប់ដែលលោកអតីតប្រធានាធិបតីបានយកទៅទុកក្នុងគេហដ្ឋានរបស់លោក ក្រោយពីបានចាកចេញពីសេតវិមានកាលពីខែមករាឆ្នាំ២០២១។
លោក Trump និងអ្នកគាំទ្រលោកបានថ្កោលទោសការឆែកឆេរនោះថា ជាការយកភ្នាក់ងារពង្រឹងច្បាប់មកប្រើប្រាស់ធ្វើជាអាវុធ។ សមាជិកសភានៃគណបក្សសាធារណរដ្ឋបានគំរាមចង់ស៊ើបអង្កេតក្រសួងយុត្តិធម៌និងទីភ្នាក់ងារ FBI នៅពេលដែលពួកគេមានសំឡេងភាគច្រើនក្នុងសភា៕
ចៅក្រមសហព័ន្ធកំពុងពិចារណាអំពីការបញ្ចេញលិខិតបញ្ជាក់ការឆែកឆេរផ្ទះលំហែកាយរបស់លោក Trump
វ៉ាស៊ីនតោន —