អ្នក​សារព័ត៌មាន​ស្វែងរក​ការការពារ​ក្នុង​ការប្រកប​វិជ្ជា​ជីវៈ

អ្នកកាសែត​ខ្មែរ ផ្តុំ​គ្នា​នៅក្នុង​​សន្និសីទ​ព័ត៌មាន​មួយ។ (file photo)

ក្រុម​អ្នក​កាសែត​កម្ពុជានិង​សមាគម​អ្នកកាសែត​បាន​ពិចារណា​អំពី​ការទប់​ទល់ប្រឆាំងទៅ​នឹង​អំពើ​ហិង្សា​របស់​ក្រុម​អាជ្ញាធរ​មក​លើ​ពួក​ខ្លួន​ក្នុង​ពេល​កំពុង​យក​ព័ត៌មាន​ ក៏ប៉ុន្តែ​ពួក​គេ​នៅ​មិន​ទាន់​សម្រេច​ពីវិធានការ​បែប​ណា​នៅ​ឡើយ​ទេ។

​កាល​ពី​ថ្ងៃ​សុក្រទី២​ខែ​ឧសភា ​សប្តាហ៍​មុនយ៉ាង​ហោច​ណាស់​មាន​អ្នក​កាសែត​ចំនួន​ពីរនាក់​ត្រូវ​កង​សន្តិសុខវាយ​សំពង​នឹង​ដំបង​ក្នុង​ពេល​កំពុង​យក​ព័ត៌មាន​នៅ​ស្ពាន​នាគ​ជិត​វត្តភ្នំ។​ក្នុង​នោះ​មាន​អ្នកកាសែត​កម្ពុជា​ម្នាក់​ដែល​ធ្វើ​ការ​ឲ្យ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​VOD​និង​អ្នក​កាសែត​បរទេសដែល​មានវ័យ​ចំណាស់​ម្នាក់។ ​ខណៈដែល​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​បាន​កញ្ឆក់​យក​ទូរស័ព្ទដៃ​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​សំឡេង​អាមេរិក​នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​នោះ​កំពុង​ថតរូប​នៅ​ចំថ្ងៃ​ទិវា​ពល​កម្ម​អន្តរជាតិ​១ឧសភា ​នៅ​លើ​ផ្លូវ​វ៉េងស្រេង​ហើយ​ក្រោយ​មកទូរស័ព្ទដៃ​នោះ​ត្រូវ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ។

​ក្រោយ​ពីព្រឹត្តិការណ៍​នោះ​ក្រុម​អ្នកកាសែត​បាន​ដាក់​ឲ្យ​មានការពិភាក្សា​ជា​ចំហ​តាម​បណ្តាញ​សង្គម​Facebook​ដោយ​មាន​ការផ្តល់មតិ​ចម្រុះ​ពីអ្នក​យក​ព័ត៌មាន​និង​អ្នកគ្រប់គ្រង​ព័ត៌មាន​ពី​ស្ថាប័ន​ទូរទស្សន៍ វិទ្យុ ​ពី​សារព័ត៌មាន​សរសេរ​និង​ពីព័ត៌មាន​តាម​គេហទំព័រ​ជាដើម។

លោកវង់ សុខខេង ​អ្នក​យកព័ត៌មាន​ជើងចាស់​ម្នាក់​ដែល​បាន​ប្រឡូក​ក្នុង​អាជីព​នេះ​អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ។​បច្ចុប្បន្ន​លោកវង់ សុខខេង ​ជា​ការី​និពន្ធ​រង​ព័ត៌មាន​ជាតិរបស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។

លោក​បញ្ជាក់​ថា៖

«ខ្ញុំ​ធ្វើជា​អ្នកកាសែត​តាំង​ពី​ឆ្នាំ ​១៩៩៣​មក ​ខ្ញុំ​មិនដែល​ជួប​ប្រទះ​សភាពការណ៍​បែប​នេះ​ទេ។នេះ​ធ្វើ​ឲ្យ​អ្នក​កាសែត​មាន​ការភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ហើយ​មិន​អាច​ចូល​ដល់​ទីកន្លែង​ដើម្បី​យក​ព័ត៌មាន​ជាក់​ស្តែង​ពិត​ប្រាកដ​ឲ្យ​បាន​ច្បាស់​លាស់»។

អ្នកកាសែត​ជើងចាស់​រូប​នេះ​បានអំពាវនាវ​ឲ្យ​អ្នកកាសែត​រួម​គ្នា​ជា​កម្លាំង​តែមួយ​ដើម្បី​ប្រឆាំង​រាល់​ទម្រង់​ហិង្សា​និង​ការរំលោភ​បំពាន​លើ​សេរីភាព​យក​ព័ត៌មាន​ពី​ក្រុម​អាជ្ញាធរ។

ចាប់​តាំង​ពី​ឆ្នាំ​ដើម​ទសវត្សរ៍​១៩៩០​មក​មាន​អ្នក​កាសែត​ជាង​ដប់​នាក់ត្រូវ​បាន​បាញ់​សម្លាប់​ហើយ​រហូត​មក​ទល់​ពេលនេះ​គ្មាន​ជន​ដៃដល់​ណា​ម្នាក់​ត្រូវ​នាំខ្លួន​មក​កាត់ទោស​នោះ​ទេ។

មួយវិញ​ទៀត​អំពើ​ហិង្សា​លើ​ក្រុម​អ្នក​យក​ព័ត៌មាន​ដោយ​មិនរើស​មុខ​ហាក់​ដូចជា​បាន​កើន​ឡើង​ក្នុង​អំឡុង​ពេល​ដែលវិបត្តិ​នយោបាយ​កំពុង​អូសបន្លាយ​ហើយ​អ្នក​កាសែត​និង​អ្នកថតរូប​ជាច្រើន​ទទួល​រង​ការវាយ​សំពង​ដោយ​ដំបង​ព្រនង់​ពី​ក្រុម​កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​មានកាំភ្លើង​និង​ដោយ​កង​សន្តិសុខ​ស៊ីឈ្នួល​ពាក់មួក​ឃ្លុប​បិទមុខ​ជិត។​សម្ភារៈ​របស់​អ្នកកាសែត​មួយ​ចំនួន​ត្រូវបំផ្លាញដោយ​ការ​វាយ​សំពង​ទាំងនោះ។

​សម្រាប់​លោកមុន្នីរាជ ​អ្នក​យក​ព័ត៌មាន​ទាន់​ហេតុការណ៍​នៃ​ព្រឹត្តិការណ៍​នយោបាយ​និង​សង្គមរបស់​គេហទំព័រ​ CEN​លើក​ឡើងថា​អ្នកកាសែត​ទទួល​រង​ការ​ប្រមាថ​ទាំង​ពី​ខាង​សំណាក់​ក្រុម​អាជ្ញាធរ​និង​ពី​ក្រុម​អ្នកតវ៉ាដែរ​នៅ​ពេល​ដែល​ក្រុម​អ្នកតវ៉ា​នោះ​ចាត់​ទុក​ថាអ្នក​កាសែត​នោះ​បម្រើ​ផល​ប្រយោជន៍​ឲ្យ​រដ្ឋា​ភិបាល។

លោក​បញ្ជាក់​ថា៖

​«អ្នកកាសែត​ក៏ដូចជា​អង្គការ​សមាគម​ឬក៏​ក្លឹប​អ្នកកាសែត​គួរ​តែ​បង្កើត​វេទិកា​មួយ​ជួបជុំ​ពិភាក្សា​រួម​ជា​កម្លាំង​ក្នុង​ការ​ការពារ​អ្នក​កាសែត​ដូចជា​ការ​ធ្វើ​សេចក្តីថ្លែង​ការណ៍​រួមអំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​ឬ​ក្រសួង​ព័ត៌មាន​ដែល​ជា​អាណា​ព្យាបាល​របស់​អ្នក​កាសែត​ធ្វើ​លិខិត​មួយ​ដើម្បី​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការរំលោភ​បំពាន​ឬអំពើ​ហិង្សា​មក​លើ​អ្នកកាសែត»។

លោកស្រីវ៉ាន ហៀលី ​ប្រធាន​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក ​ជា​ភាសា​អង់គ្លេសដោយ​ថ្កោល​ទោស​អំពើ​ហិង្សា​ថ្មីៗ​បំផុត​មក​លើ​អ្នក​កាសែត​ក្នុង​ប្រទេស​កម្ពុជា។​

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ដដែល​នេះ​លើក​ឡើងថា​រដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​ស៊ើបអង្កេត​អ្នកប្រព្រឹត្ត​អំពើ​ហឹង្សា​នេះ​ហើយ​នឹង​នាំពួក​ទាំងនោះ​មកកាត់ទោស​ដោយសារ​តែ​ការវាយ​ប្រហារ​លើ​អ្នកព័ត៌មាន​នេះនឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​នេះ។

ជាមួយ​គ្នានេះ​លោកមឿន ​ឈានណារិទ្ធ ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន ​មាន​ប្រសាសន៍​ថា​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​មក​លើ​អ្នក​កាសែត​ពឹង​ផ្អែក​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គោរព​សេរីភាព​សារព័ត៌មាន។

«អ្វី​ដែល​យើង​អាចធ្វើ​បាន​មាន​តែសុំឲ្យ​សហគមន៍​អន្តរជាតិ​ជាពិសេស​ម្ចាស់​ជំនួយ​ធ្វើ​ការដាក់​សម្ពាធ​លើ​រដ្ឋា​ភិបាល​ហើយ​អ្នកកាសែត​ខ្លួនឯង​ត្រូវ​សាមគ្គី​គ្នា​ ដូចជា​ផលិតព័ត៌មាន​ចម្រូង​ចម្រាស់​អី​ បើសិន​ជា​ផ្សាយ​ទៅមាន​ភាព​រសើប​ខ្លាំង​យើង​ត្រូវ​ចេញ​ផ្សាយ​ឲ្យ​បាន​ច្រើន​អង្គភាព»។

កាល​ពី​ថ្ងៃ​អាទិត្យ​ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដោយ​កម្រ​មួយ​ដោយ​ថ្កោល​ទោស​ការ​វាយ​ប្រហារ​ដោយ​ហិង្សា​មក​លើ​ក្រុម​អ្នក​កាសែត។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​លោកឱម យ៉ិនទៀង ​ប្រធាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​ដែលជា​ភ្នាក់ងារ​មួយ​របស់​រដ្ឋា​ភិបាល​មាន​ប្រសាសន៍​ថា​រដ្ឋា​ភិបាល​មិន​ចង់ឃើញ​អំពើ​ហិង្សា​បែប​នោះ​ទេ។

«យើង​មិន​ចង់​ឃើញ​ការប៉ះពាល់​មក​លើ​អ្នកកាសែត​ទេ​ទោះ​អ្នក​កាសែត​ខុស​យ៉ាង​ម៉េច​ក៏ដោយ។​យើង​ទុក​ឲ្យ​ប្អូនៗ​ដក​ពិសោធន៍។​យើង​មិនចង់​ឃើញ​វិធានការ​ក្តៅ​មកលើ​ប្អូនៗ​ទេ»។

កាលពីថ្ងៃទី​៣​ខែឧសភា ​គឺចំ​ថ្ងៃទិវា​សេរីភាព​សារព័ត៌មាន​ អង្គការ​សហ​ប្រជាជាតិ​បានអំពាវនាវ​ឲ្យ​គ្រប់​រដ្ឋ​សមាជិក​ទាំងអស់​លើកដម្កើង​និង​ការពារ​សិទ្ធិ​បញ្ចេញ​មតិ​និង​សិទ្ធិព័ត៌មាន​និង​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ជាដើម៕​