កំណត់និពន្ធ៖ នេះគឺជាសេចក្តីថ្លែងការរួមរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាសមាជិករបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដកស្រង់ចេញពីសេតវិមាន the White House ហៅកាត់ថា អាស៊ាន ដែល VOA បានប្រែសម្រួលជាភាសាខ្មែរ។
«យើងខ្ញុំក្នុងនាមជាប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសជាសមាជិកក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន និងសហរដ្ឋអាមេរិក បានជួបជុំគ្នានៅរមណីយដ្ឋាន Sunnylands រដ្ឋកាលីហ្វ័រញ៉ា (California) កាលពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីបើកកិច្ចប្រជុំកំពូលពិសេសនៃមេដឹកនាំ។ កិច្ចប្រជុំកំពូលពិសេសនៃមេដឹកនាំអាមេរិក-អាស៊ាននេះ គឺជាកិច្ចប្រជុំដំបូងបំផុតដែលត្រូវបានរៀបចំឡើងនៅសហរដ្ឋអាមេរិក ហើយក៏ជាកិច្ចប្រជុំទី១ បន្ទាប់ពីការបង្កើតសហគមន៍អាស៊ានផងដែរ។
កិច្ចប្រជុំនេះបញ្ជាក់ច្បាស់នូវឆ្នាំរបត់មួយសម្រាប់ទាំងអាស៊ាន និងទាំងភាពជាដៃគូយុទ្ធសាស្រ្តកាន់តែជិតដិតរវាងសហរដ្ឋអាមេរិក និងអាស៊ាន។ ក្នុងឆ្នាំ២០១៥ បណ្តាប្រទេសសមាជិកអាស៊ានបានសាទរការបង្កើតសហគមន៍អាស៊ាន ក្នុងការធ្វើការជាមួយគ្នាឆ្ពោះទៅរកអាស៊ានមួយ ដែលបម្រើប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍ឲ្យបានប្រសើរជាងមុន។
នៅឯកិច្ចប្រជុំកំពូលនៅរដ្ឋធានីគូឡាឡាំពួក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ យើងបានជំរុញទំនាក់ទំនងសហរដ្ឋអាមេរិក-អាស៊ានទៅជាភាពជាដៃគូយុទ្ធសាស្រ្ត ដែលជាការទទួលស្គាល់ពីការផ្លាស់ប្តូរចំណងទាក់ទងរបស់យើង ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ នៅក្នុងកិច្ចប្រជុំកំពូលពិសេសនេះ យើងជាប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក នឹងយកឱកាសនេះ ដើម្បីបញ្ជាក់ជាថ្មីនូវគោលការណ៍សំខាន់ៗ ដែលនឹងដឹកនាំកិច្ចសហប្រតិបត្តិការរបស់ពួកយើងឆ្ពោះទៅមុខ៖
១. ការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពដែនដី សមភាព និងឯករាជ្យភាពផ្នែកនយោបាយនៃគ្រប់ប្រជាជាតិទាំងអស់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញរបស់អាស៊ាន និងច្បាប់អន្តរជាតិ។
២. សារៈសំខាន់នៃការចែករំលែកវិបុលភាព ការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ចរួមប្រកបដោយចីរភាព និងការអប់រំយុវជនរបស់យើងឱ្យបន្តរក្សាសន្តិភាព និងការអភិវឌ្ឍ និងស្ថិរភាព ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
៣. ការទទួលស្គាល់ទៅវិញទៅមកនៃសារៈសំខាន់ក្នុងការស្វែងរកបង្កើតនូវគោលនយោបាយដែលនាំទៅរកសេដ្ឋកិច្ចមានសន្ទុះ បើកទូលាយ និងប្រកួតប្រជែង ដែលជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការបង្កើតថ្មី សហគ្រិនភាព និងការផ្សារភ្ជាប់គ្នា ហើយដែលគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាបង្រួមគម្លាតនៃការអភិវឌ្ឍ។
៤. ការបេ្តជ្ញារបស់យើងក្នុងការធានានូវឱកាសផ្សេងៗសម្រាប់ប្រជាជនទាំងអស់របស់យើងតាមរយៈ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់អភិបាលកិច្ចល្អ និងការប្រកាន់ខ្ជាប់នីតិរដ្ឋ លើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពមូលដ្ឋាន ជំរុញលើកកម្ពស់ការអន់ឱន និងអធ្យាស្រ័យ និងការពារបរិស្ថាន។
៥. គោរព និងគាំទ្រភាពជាកណ្តាលរបស់សមាគមអាស៊ាន និងយន្តការនានាដឹកនាំដោយអាស៊ានក្នុងចលនាស្ថាបត្យកម្មនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
៦. ការប្រកាន់ខ្ជាប់យ៉ាងមុតមាំទៅលើក្រឹត្យក្រមថ្នាក់តំបន់ និងអន្តរជាតិដែលជ្រោមជ្រែង និងការពារសិទ្ធិ និងបុព្ធសិទ្ធិនៃគ្រប់រដ្ឋទាំងអស់។
៧. ការបេ្តជ្ញារួមគ្នាដើម្បីដំណោះស្រាយជម្លោះនានាប្រកបដោយសន្តិវិធី រួមមានការគោរពពេញលេញចំពោះដំណើរការផ្នែកច្បាប់ និងការទូត ដោយមិនងាកទៅប្រើមធ្យោបាយគំរាមកំហែង ឬការប្រើកម្លាំង ហើយអនុលោមតាមគោលការណ៍ច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ(UNCLOS) ឆ្នាំ១៩៨២ ដែលត្រូវបានទទួលស្គាល់ជាសាកល។
៨. ការប្តេជ្ញារួមគ្នាដើម្បីការរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់ ដោយធានានូវសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ ដែលរួមមាន សិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើដែនទឹក និងការប្រើប្រាស់ដែនសមុទ្រដោយស្របច្បាប់ និងការធ្វើពាណិជ្ជកម្មដែនសមុទ្រស្របច្បាប់ដោយឥតមានការរារាំង ដូចដែលបានចែងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ក៏ដូចជាការមិនឱ្យមានវត្តមានយោធា និងការអត់ធ្មត់ក្នុងការធ្វើសកម្មភាពផ្សេងៗ។
៩. ការប្តេជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីការដោះស្រាយបញ្ហាប្រឈមដែលមានជារួមនៅក្នុងបរិបទដែនសមុទ្រ។
១០. ដោះស្រាយឱ្យបានមោះមុតលើបញ្ហាជាសាកលដូចជា ភេរវកម្ម អំពើហិង្សាដោយពួកជ្រុលនិយម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការនេសាទខុសច្បាប់ ដែលមិនត្រូវបានរាយការណ៍ និងគ្មានច្បាប់គ្រប់គ្រងត្រឹមត្រូវ ក៏ដូចជាការជួញដូរសត្វព្រៃ និងឈើខុសច្បាប់។
១១. ការប្តេជ្ញារួមគ្នានៅក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការបង្កើតអាស៊ានជាសហគមន៍មួយ ដែលសម្របទៅនឹងអាកាសធាតុ និងប្រកបដោយចីរភាពបរិស្ថាន ក៏ដូចជាជំរុញអនុវត្តការរួមចំណែកដែលបានប្តេជ្ញាពីសំណាក់ប្រទេសនីមួយៗនៅក្រោមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស (Paris Climate Agreement)។
១២. ការប្តេជ្ញារួមគ្នានៅក្នុងការលើកកម្ពស់សន្តិសុខ និងស្ថិរភាពនៅក្នុងដែនប្រព័ន្ធអ៊ីនធឺណិត ឲ្យស្របជាមួយនឹងបទដ្ឋានប្រកបដោយការទទួលខុសត្រូវពីបណ្តារដ្ឋ។
១៣. ការផ្តល់ការគាំទ្រសម្រាប់ការបោះជំហានទៅមុខនៃសហគមន៍អាស៊ាន ដែលរឹងមាំ មានស្ថិរភាព ប្រកបដោយភាពស្អិតរមួតផ្នែកនយោបាយ ការសហការគ្នាផ្នែកសេដ្ឋកិច្ច មានការទទួលខុសត្រូវផ្នែកសង្គម តម្រង់ទិសដៅ និងផ្តោតទៅលើប្រជាជន និងមានមូលដ្ឋានផ្អែកលើគោលការណ៍ច្បាប់។
១៤. ការប្តេជ្ញារួមគ្នានៅក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនតាមរយៈកម្មវិធីដែលផ្សារភ្ជាប់ប្រជាពលរដ្ឋអាស៊ាន និងអាមេរិកាំង ជាពិសេសមនុស្សវ័យក្មេង ក៏ដូចជាលើកកម្ពស់ឱកាសសម្រាប់គ្រប់ប្រជាជន ជាពិសេសជន ដែលងាយរងគ្រោះ ដើម្បីសម្រេចនូវទស្សនវិស័យរបស់សហគមន៍អាស៊ាន។
១៥. ការបេ្តជ្ញារួមគ្នានៅក្នុងការលើកកម្ពស់ភាពជាដៃគូអន្តរជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការអនុវត្តនូវរបៀបវារៈសម្រាប់អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងរបៀបវារៈសកម្មភាពទីក្រុង អាឌីស អាបាបា ដើម្បីធានាការអភិវឌ្ឍសង្គមប្រកបដោយចីរភាព សមភាព និងការរួមបញ្ចូលគ្នា ដោយគ្មាននរណាម្នាក់ត្រូវបានបោះបង់ចោល។
១៦. ការប្តេជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅវេទិកាថ្នាក់តំបន់ និងអន្តរជាតិ ជាពិសេសលើយន្តការដែលមានស្រាប់ដឹកនាំដោយអាស៊ាន និង
១៧. ការប្តេជ្ញារួមគ្នានៅក្នុងការបន្តកិច្ចពិភាក្សានយោបាយនៅកម្រិតថ្នាក់ដឹកនាំរដ្ឋ ឬរដ្ឋាភិបាល តាមរយៈការចូលរួមពីសំណាក់មេដឹកនាំតាមបណ្តាប្រទេសនានា នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា»៕
(បកប្រែក្រៅផ្លូវការដោយVOA ខ្មែរ)