កងទ័ពកម្ពុជានិងចិន នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំលើកទី ៦ រួមគ្នា ដែលមានឈ្មោះថា «នាគមាសឆ្នាំ២០២៤» ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នានិងការងារសង្គ្រោះមនុស្សធម៌»។ សមយុទ្ធនេះប្រព្រឹត្តទៅរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ ហើយពិធីបើកសមយុទ្ធនាគមាសនេះធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
កងទ័ពចិនជាង ៧០០ នាក់ បានចូលរួមធ្វើសមយុទ្ធយោធាជាមួយកម្ពុជាដែលមានចំនួនប្រមាណ ១.៣០០ នាក់។
ក្នុងពិធីបើកសមយុទ្ធដែលធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ថ្លែងថា សមយុទ្ធនាគមាសនៅឆ្នាំនេះពង្រីកកាន់តែធំ ហើយចំនួនកងទ័ពនិងសព្វាវុធក៏កាន់តែធំជាងមុនដែរ។ លោកបន្ថែមថា សមយុទ្ធឆ្នាំនេះក៏មានការពង្រីកដល់លំហសមុទ្រក្នុងខេត្តព្រះសីហនុផងដែរ។
លោក វង្ស ពិសេន ជឿជាក់ថា សមយុទ្ធនេះនឹងពង្រីកដល់ជើងអាកាសនិងជំនាញផ្សេងទៀតទៅថ្ងៃខាងមុខ។ លោកបន្ថែមថា សមយុទ្ធនេះនឹងជួយអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងពង្រឹង «ទំនុកចិត្តនយោបាយ» ទៅវិញទៅមករវាងកម្ពុជា និងចិន។
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបញ្ជាក់ថា កម្ពុជានិងចិនជា «ដៃគូដ៏ល្អ និយាយតិចធ្វើច្រើន»។
កម្ពុជាត្រូវបានគេមើលឃើញថា ងាកកាន់តែខ្លាំងទៅរកចិន ហើយកម្ពុជាបានសម្រេចលុបចោលសមយុទ្ធដែលមានឈ្មោះថា «ឆ្មាំអង្គរ» ជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៧ ក្រោមហេតុផលថា កាលនោះកម្ពុជាមមាញឹកជាមួយការបង្ក្រាបគ្រឿងញៀន និងត្រៀមសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ មកទល់ពេលនេះ គេមិនទាន់ឃើញមានសញ្ញានៃការធ្វើសមយុទ្ធជាមួយគ្នាសាជាថ្មីឡើយរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
គួររំឭកថា សមយុទ្ធនេះកើតឡើង ស្របពេលកងទ័ពចិនបានជួយកម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានបញ្ជាការដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ ការធ្វើទំនើបកម្មនេះត្រូវបានសហរដ្ឋអាមេរិកបង្ហាញការសង្ស័យថា អាចប្រើប្រាស់ដើម្បីធ្វើជាមូលដ្ឋានកងទ័ពរបស់ចិននាពេលណាមួយ ដើម្បីពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ទប់ទល់នឹងអាមេរិក ប៉ុន្តែកម្ពុជាបានបដិសេធជាបន្តបន្ទាប់៕