ក្រុមហ៊ុន Johnson & Johnson ស្នើសុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សំាង​របស់​ខ្លួន​ក្នុង​គ្រាអាសន្ន

រូបឯកសារ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនសហរដ្ឋអាមេរិក Johnson & Johnson។

ក្រុមហ៊ុន​ផលិត​ឱសថ Johnson & Johnson បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ខ្លួន​កំពុង​ស្នើ​សុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សំាង​កូវីដ១៩​ ពី​ទីភ្នាក់ងារ​ស្បៀង​អាហារ​និង​ឱសថ (FDA) របស់​សហរដ្ឋអាមេរិក។ វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Johnson & Johnson នេះ តម្រូវ​ឲ្យ​ចាក់​តែ​មួយ​ដូស​តែ​ប៉ុណ្ណោះ។​

ទីភ្នាក់ងារ FDA បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​កំណត់​យក​ថ្ងៃទី ២៦ ខែ​កុម្ភ: ជាថ្ងៃ​ប្រជុំ​គណៈកម្មាធិការ​ប្រឹក្សា​វ៉ាក់សាំង និង​ផលិតផល​ជីវសាស្ត្រ ដើម្បីពិភាក្សា​អំពី​ការ​អនុញ្ញាត​ឲ្យប្រើ​វ៉ាក់សាំង​នេះក្នុង​គ្រា​អាសន្ន។

កាល​ពីខែ​មករា ក្រុមហ៊ុន Johnson & Johnson បាន​បញ្ចេញ​របាយការណ៍​មួយ ដែល​បាន​ឲ្យ​ដឹងថា វ៉ាក់សំាង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ ៦៦% ក្នុង​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ក្រោយ​ពី​បាន​ធ្វើ​តេស្តទ្រង់ទ្រាយ​ធំ​ជា​សកល​រួចមក។

ប៉ុន្តែ​ បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​ពាក់ព័ន្ធ វ៉ាក់សំាង​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នេះ មិន​មែន​សម្រាប់​ការពារ​ ឬ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ វិវត្តន៍​ថ្មី​មក​ពី​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ ដែលមានអត្រាឆ្លង​ខ្ពស់ និង​កំពុង​ឆ្លង​រាល​ដាល​ពាស​ពេញ​ពិភព​លោក​នោះ​ទេ។

កាល​ពី​លើក​មុន ក្រោយ​ការ​ប្រជុំ​គណ:កម្មាធិការ​ FDA របៀប​នេះ វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech និង​ក្រុមហ៊ុន Moderna ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើក្នុង​ថ្ងៃ​ដដែល៕