វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​របស់​ក្រុមហ៊ុន Johnson & Johnson មាន​ប្រសិទ្ធិភាព​ទូទៅ​៦៦ភាគរយ

  • ​Reuters

រូបឯកសារ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុន Johnson & Johnson ត្រូវបានដាក់បង្ហាញនៅក្នុងបន្ទប់ពិសោធន៍ កាលពីខែកញ្ញា ឆ្នាំ២០២០។

ក្រុមហ៊ុន Johnson & Johnson បាន​បញ្ជាក់​ថា វ៉ាក់សាំង​ចាក់​តែ​មួយ​ដូស​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ចំនួន​ ៧២ ភាគរយ​ នៅ​ក្នុង​ការរារាំង​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ក៏​ប៉ុន្តែ វ៉ាក់សាំងនេះមានប្រសិទ្ធភាពក្នុង​អត្រា ៦៦ ​ភាគរយ​ជាទូទៅ​ នៅ​ក្នុង​ការសាកល្បង​ដ៏ធំ​មួយ ​ដែល​បាន​ធ្វើ​ឡើងនៅ​ទូទាំង​ទ្វីប ​៣​ និង​ការប្រឆាំង​វីរុស​កុរ៉ូណា​វិវត្ត​ថ្មី។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

​ក្នុង​ការសាកល្បង​លើ​អ្នក​ស្ម័គ្រចិត្ត​ជិត​ ៤៤០០០​ នាក់ កម្រិត​នៃ​ការការពារ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ជា​មធ្យម​មាន​ចំនួន ៥៧​ ភាគរយ​ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ដែល​នៅ​ទី​នោះ​មានវីរុស​កូរ៉ូណា​វិវត្តថ្មី​កំ ពុង​រាលដាល​និង​កំពុង​នាំ​ឲ្យ​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។

លោក​វេជ្ជបណ្ឌិត Walid Gellad សាស្ត្រាចារ្យ​ជំនួយ​ខាង​គោល​នយោបាយ​សុខាភិបាល ​នៅ​សាកលវិទ្យាល័យ Pittsburg បាន​បញ្ជាក់​ថា៖ «នៅពេល​នេះ ការការពារនិងការមាន​វ៉ាក់សាំង​បន្ថែម​ណា​មួយ​ ជាដំណឹងល្អ​ណាស់»។

លោក​និយាយ​ទៀត​ថា៖ «វីរុស​កូរ៉ូណាវិវត្តថ្មី​ក្នុងប្រទេស​អាហ្វ្រិក​ខាង​ត្បូង នៅ​មិន​ទាន់​ឆ្លងរាលដាល​ច្រើន​ក្នុង​សហរដ្ឋ​អាមេរិកទេ។ ហើយ​ជាការពិត យើង​ចង់​ឃើញវ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ច្រើន​ជាងនេះ ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ករណីឈឺ​ធ្ងន់​ ការចូល​សម្រាកព្យាបាលនៅមន្ទីរពេទ្យ​និង​ការស្លាប់របស់អ្នកជំងឺ»។​

លោក Gellad បាននិយាយ​បន្ត​ថា៖ «យើង​ប្រហែល​មិន​លុបបំបាត់​ជំងឺ​កូវីដ​១៩ នៅ​ពេល​ឆាប់​ៗ​នេះ​ទេ ក៏ប៉ុន្តែ បញ្ហា​សំខាន់​គឺធ្វើ​យ៉ាងណា កុំឲ្យវីរុសនេះបំលែង​ក្លាយ​ជា​ជំងឺ​ដែលមាន​គ្រោះថ្នាក់​ដល់​ជីវិត»៕