អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលជាអ្នកនយោបាយជើងចាស់អាមេរិកមួយរូបត្រូវបានគេព្យាករណ៍ថាជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកហើយរំពឹងថានឹងស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា។ ការព្យាករណ៍នេះធ្វើឲ្យលោកក្លាយជាមេដឹកនាំដ៏ចាស់ជាងគេបំផុតរបស់សហរដ្ឋអាមេរិក។
លោក Biden សមាជិកគណបក្សប្រជាធិបតេយ្យដែលបានបម្រើការនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកអស់រយៈពេល៣៦ឆ្នាំនិងជាអគ្គមេបញ្ជាការលំដាប់ទី២ក្នុងអាណត្តិរបស់អតីតប្រធានាធិបតី Barack Obama ត្រូវបានស្ថាប័នសារព័ត៌មានទស្សន៍ទាយថា បានយកឈ្នះប្រធានាធិបតីកំពុងកាន់តំណែងខាងគណបក្សសាធារណរដ្ឋលោក Donald Trump នៅក្នុងយុទ្ធនាការបោះឆ្នោតដ៏ល្វីងជូរចត់មួយ និងបន្ទាប់ពីការរាប់សន្លឹកឆ្នោតក្រោយការបោះឆ្នោតប៉ុន្មានថ្ងៃមក។
លទ្ធផលថ្មីនេះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយ ហើយនឹងជាប់ការប្តឹងទៅតុលា ការទៀត ប៉ុន្តែគេរំពឹងថា ការព្យាករណ៍នេះនឹងផ្លាស់ប្តូរទេ។
លោក Biden បានឈ្នះការបោះឆ្នោតប្រធានាធិបតីដោយបានទទួលអង្គបោះឆ្នោតយ៉ាងតិចចំនួន ២៧០ នៃអង្គបោះឆ្នោតទាំងអស់ ៥៣៨។
ជ័យជម្នះដែលត្រូវព្យាករណ៍របស់លោក Biden នេះ ធ្វើឲ្យលោក Trump ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៣ នៅក្នុងរយៈពេល ៤ ទសវត្សចុងក្រោយនេះ មិនបានជាប់ឆ្នោតជាលើកទី ២ បន្ទាប់ពីការកាន់តំណែង ៤ ឆ្នាំ ជាប្រធានាធិបតីអាមេរិក។
ជ័យជម្នះរបស់លោក Biden បានកើតមានឡើងប៉ុន្មានថ្ងៃ ក្រោយការថ្ងៃបោះឆ្នោតជាផ្លូវការ កាលពីថ្ងៃអង្គារ នៅពេលដែលមន្ត្រីបោះឆ្នោតនៅក្នុងរដ្ឋមួយចំនួនបានបញ្ចប់ការៀបចំសន្លឹកឆ្នោតរាប់លានសន្លឹកផ្ញើតាមប្រៃសណីយ៍ ដោយក្រុមអ្នកបោះឆ្នោតដែលចង់ស្ថិតនៅឆ្ងាយពីការិយាល័យបោះឆ្នោត ដោយសារការភ័យខ្លាចការឆ្លងកូវីដ១៩។
លោក Biden ដែលនឹងមានអាយុ ៧៨ ឆ្នាំនៅថ្ងៃសម្ពោធចូលកាន់តំណែងបានឈ្នះការបោះឆ្នោតប្រធានាធិបតី នៅពេលលោកសាកល្បងជាលើកទី ៣ បន្ទាប់ពីមិនបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ម្តងនៅឆ្នាំ ១៩៨៨ និងម្តងទៀតនៅឆ្នាំ ២០០៨ នៅពេលដែលលោកបានទទួលការគាំទ្រតិចតួច នៅឆ្នាំទាំងនោះ។
ឥឡូវនេះ លោករំពឹងថា នឹងដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក អមដោយបេក្ខជនអនុប្រធានាធិបតីគឺអ្នកស្រី Kamala Harris សមាជិកព្រឹទ្ធសភារដ្ឋ California ដែលជាស្ត្រីទី ១ នៅក្នុងប្រវត្តិសាស្ត្រ ២៤៤ ឆ្នាំរបស់សហរដ្ឋអាមេរិក ដែលបានជាប់ឆ្នោតជាប្រធានាធិបតី ឬអនុប្រធានាធិបតី។ អ្នកស្រីមានឪពុកជាជនជាតិហ្សម៉ាអ៊ីក និងម្តាយជាជនជាតិឥណ្ឌា ហើយជាស្ត្រីទី១ ដែលមិនមែនជាជនស្បែកស ដែលបានឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីសហរដ្ឋអាមេរិក។
បន្ទាប់ពីគោលនយោបាយ «ផ្តល់អាទិភាពអាមេរិកាំងមុន» (America First) របស់លោក Trump ដែលក្នុងនោះលោកបានដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាអន្តរជាតិជាច្រើនមក លោក Biden សន្យាថា សហរដ្ឋអាមេរិកនឹងចូលរួមក្នុងពិភពលោកឡើងវិញ ដោយមានការចូលរួមឡើងវិញក្នុងសន្ធិសញ្ញាប្រែប្រួលអាកាសធាតុ និងសន្ធិសញ្ញាដើម្បីទប់ប្រទេសអ៊ីរ៉ង់ មិនឲ្យផលិតអាវុធនុយក្លែអ៊ែរ៕