ក្តី​បារម្ភ​អំពី​អត្រា​គ្មាន​ការងារ​ជា​ប្រធានបទ​សំខាន់​ជាង​គេ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាមេរិក

ក្រុម​អ្នក​បោះឆ្នោត​ស.រ.អ.​នឹង​ទៅ​កាន់​កន្លែង​បោះឆ្នោត​ក្នុង​រយៈពេល​៦​សប្តាហ៍ទៀត​ ដើម្បី​ជ្រើសរើស​សភា​ថ្មី​មួយ​ ហើយ​ពួក​អ្នកជំនាញការ​ខាង​នយោបាយ​បាន​និយាយ​ថា​សេដ្ឋកិច្ច​នឹង​ទៅ​ជា​បញ្ហា​នៅ​លើ​គេ​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​នេះ​ ជា​ពិសេស​អត្រា​ខ្ពស់​នៃ​មនុស្ស​គ្មាន​ការងារធ្វើ។

អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​នៅ​ទូទាំង​ប្រទេស​អាមេរិក​មាន​ចំនួន​៩,៦​% ​ហើយ​ពួក​អ្នកសេដ្ឋសាស្ត្រ​រំពឹង​ថា​មាន​ការប្រែប្រួល​តែ​បន្តិចបន្តួច​រវាង​ពេលនេះ​និង​ថ្ងៃ​បោះឆ្នោត​ក្នុង​ខែ​វិច្ឆិកា។

លោក​ Peter​ Brown​ ដែល​ជា​អ្នកស្ទង់មតិ​របស់​សាកលវិទ្យាល័យ​ Quinnipiac​ និយាយ​ថា​កង្វល់​សាធារណៈ​អំពី​អត្រា​ខ្ពស់​នៃ​ចំនួន​មនុស្ស​គ្មាន​ការងារ​ធ្វើ​ ជា​បញ្ហា​លេខ​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។

“ខ្ញុំ​យល់​ឃើញ​ថា​ប្រជារាស្ត្រ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ផ្អែក​ទៅ​លើ​អ្វី​ដែល​ពួកគេ​ឃើញ​ក្នុង​ជីវិត​របស់​ពួក​គេ។​ លោក​អ្នក​ដឹង​ហើយ​ថា​ពួកគេ​នៅ​តែ​ព្រួយបារម្ភ​អំ​ពី​ការងារ​របស់​ពួកគេ​ ពួកគេ​នៅ​តែ​ព្រួយបារម្ភ​អំពី​ការងារ​របស់​បងប្អូនថ្លៃ​ប្រុស​របស់​ពួកគេ។”

អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​ក៏​ជំរុញ​ការយល់ដឹង​របស់​សាធារណជន​អំពី​សេដ្ឋកិច្ច​និង​ស្ថានភាព​របស់​ប្រទេស​ទាំងមូល។​ ហើយ​លោក​ Peter​ Brown​ ថ្លែង​ថា​ទិន្នន័យ​ដែល​លោក​ឃើញ​នាំ​ឱ្យ​យល់​ថា​ជនជាតិ​អាមេរិកាំង​មាន​ទុទិដ្ឋិនិយម​ខ្លាំង​ទ្បើងៗ​អំពី​អនាគត​សេដ្ឋកិច្ច​របស់​ពួកគេ​ផ្ទាល់។

“អ្វី​ដែល​គួរ​ឱ្យ​សេតវិមាន​ព្រួយបារម្ភ​គឺ​ថា​ នៅ​ពេលនេះ​ជនជាតិ​អាមេរិកាំង​ជា​ច្រើន​នាក់​យល់​ថា​សេដ្ឋកិច្ច​មាន​ស្ថានភាព​អាក្រក់​ទៅៗ មិន​ល្អ​ប្រសើរ​ទេ​ ចំណែក​ឯ​កាល​ពី​និទាឃរដូវ​ស្ថានភាព​ផ្ទុយ​ពី​នេះ។“

លោក​ Ed​ Reilly​ ជា​នាយក​អង្គការ ​F.D. Americas។ ​លោក​និយាយ​ថា​ដំណើរ​សេដ្ឋកិច្ច​មិន​ចម្រើន​ទៅ​មុខ​ក្នុង​ស.រ.អ.​បាន​នាំ​ឱ្យ​មាន​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បាត់បង់​ការងារ។​ លោក​បាន​បង្ហាញ​លទ្ធផល​ខ្លះៗ​នៃ​ការ​ស្ទង់​មតិ​នៅ​ក្នុង​វេទិកា​នយោបាយ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​បាន​ត្រូវ​ឧបត្ថម្ភ​ផ្ចុងផ្តើម​ដោយ​ទស្សនាវដ្តី​ National Journal។

“ចំនួន​៧០​ភាគរយ​នៃ​ក្រុម​ជន​ដែល​បាន​ឆ្លើយ​តប​នឹង​ការស្ទង់មតិ​របស់​យើង​បាន​និយាយ​ថា​សមាជិក​ម្នាក់​នៃ​គ្រួសារ​របស់​ពួក​គេ​ ឬ​នរណា​ម្នាក់​ដែល​ជិតស្និទ្ធ​ជាមួយ​ពួកគេ​បាន​បាត់បង់​ការងារ​ ឬ​បាន​ត្រូវ​បញ្ឈប់​ពី​ការងារ។​ ជម្រៅ​និង​ទំហំ​នៃ​ដំណើរ​សេដ្ឋកិច្ច​មិន​ទៅ​មុខ​នេះ ​បាន​ត្រូវ​ទទួល​ក្នុង​អារម្មណ៍​របស់​ជនជាតិ​អាមេរិកាំង​ទាំងអស់​ ហើយ​ដោយ​ហេតុនេះ​គ្មាន​ការ​ភ្ញាក់ផ្អើល​ទេ​ថា​អ្វី​ជា​លេខ​មួយ​ដែល​ពួក​គេ​ស្វះស្វែង​រក​ឱ្យ​មាន​ក្នុង​ន័យ​នៃ​ការកសាង​ទំនុកចិត្ត​របស់​ពួកគេ​ ឬ​ក្នុង​ន័យ​នៃ​ការ​ធ្វើ​ឱ្យ​អ្វីៗ​ធ្វើ​ចលនា​ក្នុង​ទិសដៅ​ត្រូវ ​គឺ​ការបន្ថយ​ចំនួន​មនុស្ស​គ្មាន​ការងារ​ធ្វើ។”

ពួក​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មាន​ការព្រួយបារម្ភ​ដោយ​ច្បាស់លាស់​ថា​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​យ៉ាង​ខ្ពស់​ដែល​មិន​ចុះថយ​សោះ​នឹង​នាំ​ឱ្យ​មាន​ការចំណេញ​ច្រើន​ដល់​ពួក​សាធារណរដ្ឋនិយម​ក្នុង​ខែ​វិច្ឆិកា។

លោក​ Larry​ Sabato​ ជា​នាយក​មជ្ឈមណ្ឌល​សម្រាប់​នយោបាយ​នៅ​ឯ​សាកលវិទ្យាល័យ​រដ្ឋ​ Virginia។

“ប្រហោង​ខ្មៅ​នៃ​ការបោះឆ្នោត​នៅ​ឆ្នាំ​នេះ​គឺ​សេដ្ឋកិច្ច​ សេដ្ឋកិច្ច​ដែល​រលួយ​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​ដែល​ខ្ពស់។​ នេះ​ជា​អ្វី​ដែល​មាន​ផលប៉ះពាល់​មិន​ល្អ​ដល់​ពួក​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ។”

លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​ខិតខំ​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​ពួក​អ្នក​បោះឆ្នោត​ថា​រដ្ឋបាល​របស់​លោក​ធ្វើ​អ្វី​ទាំងអស់​ដែល​ខ្លួន​អាច​ធ្វើ​បាន​ដើម្បី​ជំរុញ​ការលូតលាស់​សេដ្ឋកិច្ច​និង​បង្កើត​ការងារ​ ទោះណា​ជា​មាន​តែ​ការលូតលាស់​បន្តិចបន្តួច​ខាង​ការងារ​ក្នុង​ផ្នែក​ឯកជន​បាន​ត្រូវ​រាយការណ៍​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ក៏​ដោយ។

លោក​អូបាម៉ា​បាន​កត់សម្គាល់​ថា​ ការងារ​រាប់​លាន​បាន​ត្រូវ​បាត់បង់​នៅ​មុន​ពេល​លោក​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​២០០៩ ហើយ​ថា​លោក​គូស​បញ្ជាក់​ជាមួយ​ពួក​ជន​ដែល​ស្វះស្វែង​រក​ការងារ​ធ្វើ។

“នេះ​ជា​រណ្តៅ​ធំ​មួយ​ដែល​យើង​ត្រូវ​ជីក​យក​ខ្លួន​យើង​ចេញ​ពី​ទី​នេះ​ ហើយ​ប្រជារាស្ត្រ​ដែល​បាន​បាត់បង់​ការងារ​របស់​ពួកគេ​នៅ​ទូទាំង​ប្រទេស​ហើយ​មិន​អាច​រក​ការងារ​មួយ​បាន​ ពួកម្តាយ​ដែល​បាន​ផ្ញើ​ប្រវត្តិការងារ​និង​ការពិសោធន៍​ដើម្បី​ដាក់​ពាក្យសុំ​ការងារ​ហើយ​មិន​បាន​ទទួល​ការហៅ​ទូរស័ព្ទ​ត្រទ្បប់​មក​វិញ​ ព្រួយបារម្ភ​អំពី​ការបាត់បង់​ផ្ទះ​និង​ការ​មិនអាច​បង់​ប្រាក់​វិក័យប័ត្រ​បាន​ ពួកគេ​គ្មាន​អារម្មណ៍​ល្អ​ទេ​នៅ​ពេលនេះ។ ហើយ​ ខ្ញុំ​យល់​អំពី​ការណ៍​នេះ។”

ពួក​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋនិយម​រំពឹង​ថា​នឹង​ទទួល​អត្ថប្រយោជន៍​ពី​ការ​មិន​សប្បាយ​ចិត្ត​របស់​សាធារណជន​អំពី​សេដ្ឋកិច្ច។​ លោក​ John​ Boehner​ មេដឹកនាំ​ពួក​សាធារណរដ្ឋនិយម​ក្នុង​សភាតំណាងរាស្ត្រ​អាមេរិកាំង​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​ Face ​the​ Nation ​របស់​បណ្តាញ​ទូរទស្សន៍ CBS ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​មាន​ប្រសាសន៍​ថា​សេតវិមាន​និង​ពួក​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា​បាន​ធ្វើ​ឱ្យ​ស្ថានភាព​គ្មាន​ការងារ​ធ្វើ​រឹត​តែ​អាក្រក់​ខ្លាំង​ទ្បើងៗ​ ដោយ​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​លើក​កម្លាំង​សេដ្ឋកិច្ច​និង​ពង្រីក​ការថែរក្សា​សុខភាព។

“យើង​ត្រូវការ​ត្រួតត្រា​ប្រាក់ចំណាយ​ក្នុង​រដ្ឋធានី​ Washington, D.C.​ ហើយ​យើង​ត្រូវការ​ដក​ចេញ​ភាព​មិន​ប្រាកដប្រជា​ដែល​ធ្វើ​ឱ្យ​ខូច​សេដ្ឋកិច្ច​យើង​ដោយសារ​គោលនយោបាយ​និង​កម្មវិធី​ថ្មីៗ​ទាំងនេះ​ដែល​បាន​ត្រូវ​អនុម័ត្តិ​ដោយ​សភា​នេះ។”

មាន​ហេតុការណ៍​ជា​ច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​ដើម្បី​ពន្យល់​អំពី​ហេតុ​អ្វី​បាន​ជា​ពួក​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ព្រួយបារម្ភ​អំពី​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​ នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជិត​មក​ដល់។

កាល​ពី​ឆ្នាំ​១៩៨២​ ពួក​សាធារណរដ្ឋនិយម​បាន​បាត់បង់​កៅអី​២៦​ក្នុង​សភា​តំណាងរាស្ត្រ​អាមេរិកាំង​នៅ​ក្នុង​អណត្តិ​ទី​មួយ​របស់​លោក​ប្រធានាធិបតី​ Ronald​ Reagan ​នៅ​ពេល​ដែល​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​បាន​កើន​ទ្បើង​ដល់​១០,៨​ ភាគរយ​នៅ​ពេល​ជិត​ដល់​ថ្ងៃ​បោះឆ្នោត។

កាល​ពី​ឆ្នាំ​១៩៥៨​ ពួក​សាធារណរដ្ឋនិយម​បាន​បាត់បង់​អាសនៈ​៤៧​ក្រោយ​ពី​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​បាន​កើន​ទ្បើង​ពី​៤,៣​ភាគរយ​ទៅ​ដល់​៧,៥​ភាគរយ​នៅ​ពេល​ជិត​ដល់​ការបោះឆ្នោត។

នៅ​ឆ្នាំ​នេះ​ ពួក​សាធារណរដ្ឋនិយម​កំពុង​ស្វះស្វែង​រក​ឱ្យ​មាន​ហេតុការណ៍​ដដែល​មួយ​នៃជ័យ​ជម្នះ​របស់​ពួក​គេ​លើ​ពួក​ប្រជាធិបតេយ្យ​នៅ​ពេល​ដែល​ពួក​គេ​បាន​ទទួល​កៅអី​៥៤​ក្នុង​សភា​តំណាងរាស្ត្រ​អាមេរិកាំង​ហើយ​បាន​ត្រួតត្រា​សភា​តំណាងរាស្ត្រ​អាមេរិកាំង​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៤០​ឆ្នាំ។

ប្រែ​សម្រួល​ដោយ​ ឈឹម​ សុមេធ