បុគ្គលិកកម្មករចិននានាបានរៀបចំឥវ៉ាន់ធ្វើដំណើរតាមរថភ្លើងត្រឡប់ទៅស្រុកកំណើតវិញកាលពីថ្ងៃទី ៥ ខែកុម្ភៈកន្លងទៅនេះដើម្បីចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដោយនៅមានអារម្មណ៍វិលវល់ព្រួយបារម្ភអំពីការងាររបស់ពួកគេនិងសេដ្ឋកិច្ចមិនសូវល្អក្នុងអំឡុងរដូវឈប់សម្រាកជួបជុំក្រុមគ្រួសារដែលពួកគេបានទន្ទឹងរង់ចាំជាយូរមកហើយនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
គេរំពឹងថាមនុស្សនឹងធ្វើដំណើរប្រមាណ ៩ ពាន់លានជើងក្នុងអំឡុងពេលមុននិងក្រោយថ្ងៃឈប់សម្រាកពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៧ ខែកុម្ភៈនេះ ដែលជាពេលវេលានៃការប្រារព្ធពិធីបុណ្យចូលឆ្នាំនិងការសម្រាកបន្ធូរអារម្មណ៍ពីការងារ។
ប៉ុន្តែនៅឆ្នាំនេះ ពលរដ្ឋចិនជាច្រើនបាននិយាយថា ពួកគេមានក្ដីបារម្ភអំពីអ្វីដែលអាចកើតឡើងលើការងាររបស់ពួកគេនៅពេលដែលកន្លែងការងារហៅឱ្យត្រឡប់ទៅវិញ ឬប្រាប់អំពីដំណឹងការងារនោះ។
លោក Wang Jinzhu ដែលជាពលរដ្ឋចិនអាយុ ៤២ ឆ្នាំ បាននិយាយថា៖ «អាជីវកម្មដូចជាមិនសូវល្អសោះ»។
លោកលើកឡើងដូច្នេះដោយសំដៅលើរោងចក្រផលិតច្រាសដុះធ្មេញអគ្គិសនីដែលលោកបានធ្វើការនៅទីនោះកាលពីមួយឆ្នាំកន្លងទៅ។ រោងចក្រនោះនាំចេញផលិតផលភាគច្រើនបំផុតទៅកាន់សហរដ្ឋអាមេរិកនិងទ្វីបអឺរ៉ុប ហើយការលក់ផលិតផលរបស់រោងចក្រនោះបានធ្លាក់ចុះ ៣០%។
លោក Jinzhu បានបញ្ជាក់មុនពេលលោកឡើងជិះរថភ្លើងក្នុងទីក្រុងសៀងហៃឆ្ពោះទៅកាន់ខេត្ត Henan ដែលស្ថិតនៅភាគកណ្តាលប្រទេសចិនថា៖ «ខ្ញុំគិតថាជីវភាពខ្ញុំពិបាកខ្លាំងជាងឆ្នាំមុនៗ។ ... ខ្ញុំគិតថាឆ្នាំ ២០២៤ នេះអាចកាន់តែយ៉ាប់ខ្លាំងជាងឆ្នាំកន្លងទៅ»។
រោងចក្រជាច្រើនក្នុងប្រទេសចិនត្រូវបានជាប់គាំងនៅក្នុងការប្រកួតប្រជែងតម្លៃឥតឈប់ឈរដែលនាំឱ្យមានការបង្រួមអាជីវកម្ម ស្របពេលដែលអត្រាការប្រាក់ខ្ពស់ជាងមុននិងការកើនឡើងនៃទស្សនៈគាំពារទំនិញក្នុងស្រុកនៅក្រៅប្រទេសបានធ្វើឱ្យការបញ្ជាទិញទំនិញពីចិនមានការធ្លាក់ចុះ។
តម្លៃផលិតបានធ្លាក់ចុះចំនួន ១៥ ខែជាប់ៗគ្នា ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រាក់ចំណេញរបស់រោងចក្រផលិតកម្មនិងប្រាក់ចំណូលនិងការងាររបស់បុគ្គលិកកម្មករចិន។ ករណីនេះបង្កឱ្យមានបញ្ហាឈឺក្បាលដ៏ធំមួយទៀតដល់ប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទីពីរនៅលើពិភពលោក ដែលកំពុងរងគ្រោះស្រាប់ទៅហើយដោយសារវិបត្តិអចលនទ្រព្យនិងវិបត្តិខ្វះកម្ចី។
សេដ្ឋកិច្ចប្រទេសចិនបានកើនឡើង ៥,២% កាលពីឆ្នាំមុន។ ប៉ុន្តែ មនុស្សជាច្រើន ដែលរួមមានទាំងនិស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យដែលគ្មានការងារធ្វើ ម្ចាស់អចលនទ្រព្យដែលមានអារម្មណ៍ថាកាន់តែក្រជាងមុខដោយសារអចលនទ្រព្យរបស់ពួកគេធ្លាក់តម្លៃ និងបុគ្គលិកកម្មករដែលរកចំណូលបានតិចជាងមួយឆ្នាំមុនផងដែរ គិតថា សេដ្ឋកិច្ចបែបនេះមានលក្ខណៈដូចជាកំពុងចុះខ្សោយដូច្នេះដែរ។
អ្នកស្រី Nie Yating អាយុ ២៤ ឆ្នាំ ដែលបានធ្វើការនៅក្នុងមន្ទីរពេទ្យសត្វមួយកន្លែងក្នុងទីក្រុងសៀងហៃក្នុងពេល ៦ ខែកន្លងមក បាននិយាយថា សហការីរបស់អ្នកស្រីជាច្រើននាក់មានប្រាក់ខែថយចុះយ៉ាងហោចណាស់ក៏ ១.០០០ យ័ន ដែលសើ្មនឹងប្រមាណ ១៣៩ ដុល្លារអាមេរិកដែរ នៅពេលដែលអាជីវកម្មនានាកំពុងបន្តប្រឹងប្រែងរើបឡើងវិញនៅក្រោយវិបត្តិជំងឺកូវីដ១៩។
អ្នកស្រីបានបញ្ជាក់មុនពេលចេញដំណើរទៅកាន់ស្រុកកំណើតរបស់អ្នកស្រីក្នុងទីក្រុង Anqing នៃខេត្ត Anhui នៅភាគនិរតីប្រទេសចិនថា៖ «នៅពេលដែលកន្លែងការងាររបស់អ្នកស្រីបានពង្រីកខ្លួនយ៉ាងលឿន វិបត្តិជំងឺកូវីដ១៩ បានចូលមកដល់។ ពេលនោះសាខាជាច្រើនកន្លែងត្រូវបានបិទទ្វារ ហើយបុគ្គលិកជាច្រើនបានបាត់បង់ការងារធ្វើ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់បៀវត្សរ៍របស់ពួកគេ»។
នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាជ្ញាធរចិនបានបង្កើនកិច្ចប្រឹងប្រែងដើម្បីការពារទំនុកចិត្តលើសេដ្ឋកិច្ច និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានភាពស្ងប់ស្ងាត់មិនជ្រួលច្របល់ ដោយតម្លៃភាគហ៊ុននៅតែមានកម្រិតទាបក្នុងពេល ៥ ឆ្នាំកន្លងមក។ កាលពីថ្ងៃទី ២ ខែកុម្ភៈកន្លងទៅនេះ សារព័ត៌មាន People's Daily របស់គណបក្សកុម្មុយនីស្តចិនបានចេញសេចក្ដីរាយការណ៍មួយដោយដាក់ចំណងជើងថា៖ «ប្រទេសជាតិទាំងមូលមានសុទិដ្ឋិនិយម»។
ប៉ុន្តែលោក Wu Kan ដែលមានអាជីវកម្មបូមដីពីទន្លេខ្នាតតូច ដោយមានទូក ៦ គ្រឿងនិងកម្មករប្រមាណ ១២ នាក់ មិនសូវមានទំនុកចិត្តខ្លាំងប៉ុន្មានទេនៅក្នុងឆ្នាំ ២០២៤ នេះ។
ជាជាងត្រឡប់ទៅស្រុកកំណើតវិញក្នុងឱកាសថ្ងៃឈប់សម្រាកចូលឆ្នាំនេះ លោកបានធ្វើដំណើរទៅកាន់ខេត្ត Shandong នៅភាគខាងកើតប្រទេសវិញដើម្បីប្រមូលលុយពីអតិថិជនដែលជំពាក់លោកហួសពេលកំណត់។ លោកបានចេញលុយផ្ទាល់ខ្លួនបើកឱ្យកម្មកររបស់លោកក្នុងពេលកន្លងមក។
លោកនិយាយដូច្នេះថា៖ «លុយពិបាករកណាស់ ហើយសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ មិនល្អសោះ។ ជាទូទៅ មនុស្សខ្វះលុយកាក់»។
លោកបានបន្តថា៖ «បើខ្ញុំមិនអាចប្រមូលលុយដែលគេជំពាក់បានទេ ខ្ញុំមិនអាចបន្តរកស៊ីក្នុងឆ្នាំថ្មីនេះបានឡើយ»។ លោកបានបន្ថែមថា ជម្រើសមួយសម្រាប់លោកគឺមានតែបិទអាជីវកម្មនេះចោលតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ