ការ​បង្កើត​ការងារ៖ តើ​អនាគតស្ថិត​នៅ​លើ​កសិដ្ឋាន​ឬ​ទី​ក្រុង?​

ទីស្នាក់​ធំ​របស់​ធនាគារ​ពិភពលោក​នៅ​រដ្ឋធានី​​វ៉ាស៊ីនតោន​ (Washington)។

វ៉ាស៊ីនតោន៖​ ធនាគារ​ពិភពលោក​បាន​ថ្លែង​ថា​ មនុស្ស​អត់​ការ​ងារ​ធ្វើ​ បាន​កើន​ឡើង​ចំនួន៣៤លាន​នាក់​ បន្ទាប់​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​សកលលោក។

សេដ្ឋវិទូ លោក ​បាយរ៉ុន​ អូហ្គូស្តេ​ (Byron​ Auguste)​ ដែល​ជា​ប្រធានការិយាល័យ​ផ្នែក​សង្គមនៃ​ក្រុម​ហ៊ុនពិគ្រោះ​យោបល់​ ឈ្មោះ​ម៉ា​ក់ឃីនស៊ី​ និង​ខំផានី​ (McKinsey​ and Company)​ បានទទួល​ស្គាល់​រួច​ជាស្រេច​ ចំពោះអ្វីដែល​សេដ្ឋវិទូ​ និង​អ្នកបង្កើត​គោល​នយោបាយ​ម្នាក់ៗ បាន​ដឹង​ហើយ​គឺថា ​គ្មាន​វិធីសាស្ត្រដ៏​សាមញ្ញ​ណាមួយ​ ដែល​នឹង​បង្កើត​ការ​ងារ​ឲ្យ​បាន​ច្រើន​នោះ​ទេ។​ ហើយ​ខណៈ​ដែលមនុស្ស​ជា​ច្រើននិយាយ​ថា​ បច្ចេកវិជ្ជា​នឹង​ផ្តល់​ការងារយ៉ាងច្រើនក្នុង​ពេល​អនាគត​នោះ លោក​អូហ្គូស្តេ​ បាន​ថ្លែង​ថា​ លោក​គិត​ថា​ ប្រទេស​កំពុង​អភិវឌ្ឍ​ ​គួរ​តែ​ផ្តោត​ទៅ​លើវិស័យ​កសិកម្ម​ និង​ឧស្សហកម្មសេវាកម្មរបស់ខ្លួន​ ប្រសិន​បើ​ប្រទេស​ទាំង​នោះចង់​ឲ្យ​មាន​កំណើន​ការ​ងារ។

«នៅ​ក្នុង​ពិភពលោកកំពុង​អភិវឌ្ឍ​ មាន​ឱកាស​យ៉ាង​ធំ​ធេង​ ដើម្បី​បង្កើនផលិតភាព​លើ​វិស័យ​កសិកម្ម​ ប្រាក់​បៀវត្សរ៍​ ព្រម​ទាំង​ការ​ងារ​ តាម​រយៈ​ការ​ជំរុញ​ឆ្ពោះ​ទៅ​រក​ដំណាំមាន​តម្លៃខ្ពស់​ជាង​មុន​ និង​ពង្រីកការ​ធ្វើ​កសិកម្ម ដោយ​មាន​ការ​ជួយ​គាំ​ទ្រដ៏​ត្រឹម​ត្រូវ​ និង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់កសិករ​ដែល​មានដីធ្លីតូចតាច»។

លើស​ពី​នេះ​ទៀត​ លោក​អូហ្គូស្តេ​ មាន​ប្រសាសន៍​ថា​ ឧស្សាហកម្ម​សេវាកម្ម​មាន​ចំនួន៨៥​ ភាគ​រយ​ក្នុង​ការ​បង្កើត​ការងារ​ នៅ​តាម​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ ហើយ​ច្រើន​ដល់​ទៅ ​៦៨ ​ភាគ​រយ​ នៅ​ក្នុង​ប្រទេសដែល​មាន​ប្រាក់​ចំណូលទាប។

ប៉ុន្តែ​ ការ​ពិភាក្សា​របស់​គណៈកម្មាការ​ ចេះ​តែ​ត្រឡប់​ទៅ​រក​ពាក្យ​ពីរ​ម៉ាត់​វិញ​គឺ​ ស៊ីលីខិន​ វ៉ាឡេ​ (Silicon​ Valley)​ ដែល​ធ្វើ​ឲ្យ​គេ​នឹក​ដល់ទិដ្ឋភាព​នៃ​គំនិត​បង្កើត​ថ្មី​ និង​ការ​បង្កើត​ការងារ។​ ស៊ីលីខិន​ វ៉ាឡេ​ គឺ​ជា​ផ្នែក​មួយ​នៃ​រដ្ឋកាលីហ្វ័រនីញ៉ា​របស់​សហរដ្ឋ​អាមេរិក​ ដែល​ជា​មន្ទីរ​ចាត់ការ​ នៃ​ក្រុមហ៊ុនបច្ចេកវិជ្ជា​ជាន់​ខ្ពស់​នាំមុខ​គេ​របស់​ពិភពលោក​ មាន​ដូច​ជាក្រុម​ហ៊ុន​អាប់ផល​(Apple)​ និង​ហ្គូ​ហ្គល​ (Google)​ ជាដើម។

លោក ​បូហ្សីដារ​ ដេលីក​ (Bozidar​ Delic)​ រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ និង​បចេ្ចកវិជ្ជារបស់​ប្រទេស​ស៊ែប៊ី (Serbia)​ បាននិយាយពាក្យមួយម៉ាត់យ៉ាង​សង្ខេប​ចំពោះ​ការ​ទាក់ទាញ​របស់ស៊ីលីខិន​ វ៉ាឡេ​ គឺ​គុណូប​ធិប​តេយ្យ។

«ហេតុ​អ្វី​បាន​ជា​តំបន់ស៊ីលីខិន​ វ៉ាឡេ​ ជា​ ស៊ីលីខិន​ វ៉ាឡេ?​ ដោយ​សារ​តែ​ នៅ​ពេល​ដែល​លោកអ្នកបាន​មក​ដល់​ទី​នេះ​ គេមិន​ខ្វល់ថា​តើ​លោក​អ្នកជា​នរណានោះ​ទេ។​ រឿង​សំខាន់​គឺ​ស្ថិត​នៅ​លើអ្វី​ដែល​លោក​អ្នក​បានចេះ​ដឹង»។

ក្រុម​គណៈ​វិនិច្ឆ័យ​ក៏​បាន​យល់​ស្រប​ដែរ​ថា ​ការ​យល់​ដឹង​អំពីចំណុចខ្លាំង​របស់​ប្រទេស​មួយ​ ព្រម​ទាំង​កំណត់​អត្តសញ្ញាណ​នូវ​តំបន់​ដែល​មាន​សក្តានុពល​ សម្រាប់​ការ​រីក​លូត​លាស់សេដ្ឋកិច្ច​ គឺ​មានសារ​សំខាន់។​ ដូច​ដែលគណៈ​វិនិច្ឆ័យមួយ​រូបបាន​កត់​សម្គាល់​ឲ្យ​ឃើញ​ថា​ លោក​អ្នក​អាច​បង្រៀនមនុស្ស​ម្នាក់​ឲ្យ​ចេះ​ជិះ​កង់​បាន​យ៉ាង​ល្អ​ ប៉ុន្តែ​ការ​បង្រៀន​ជិះ​កង់​នឹង​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ទេ​ នៅ​ពេលដែល​មនុស្ស​ម្នាក់​នោះ​ត្រូវ​ប្រជែង​ជាមួយ​និងរថយន្ត​ស្ព័រ។

លោក​ដេលីក​ រដ្ឋ​មន្ត្រី​ប្រទេស​ស៊ែប៊ី ​បាន​ពន្យល់ទៅ​លើ​ចំណុច​នោះ។​ លោកមាន​ប្រសាសន៍​ថា​ រថយន្តកូន​កាត់ និង​រថយន្ត​ប្រើ​ឋាមពល​អគ្គិសនី​ទំនង​ជា​រថយន្តក្នុង​ពេល​អនាគត​ ប៉ុន្តែ​ខណៈ​ដែល​ឧស្សាហកម្ម​រថយន្ត​ស៊ែរប៊ី​មាន​ភាព​រឹង​ម៉ាំ​ ឧស្សហកម្មរថយន្តរបស់​ប្រទេស​នេះគ្មានលក្ខណៈ​អាច​ប្រកួត​ប្រជែង​គ្រប់​គ្រាន់ល្មម​ ដើម្បី​ឲ្យ​មាន​ប្រៀប​ជាង​គេ​នៅ​ក្នុង​ទី​ផ្សាររថយន្ត​កូន​កាត់​នោះ​បានទេ។​ ជា​ជំនួស​វិញ​ លោក​បាន​ថ្លែង​ថា ​ជន​ជាតិ​ស៊ែប៊ី​កំពុងធ្វើ​ការ​ដើ​ម្បីទាញ​យកប្រយោជន៍​ពីទី​ផ្សារ​នោះមួយចំណែកតូចប៉ុណ្ណោះ​ ហើយ​ក្រុម​អ្នក​វិទ្យាសាស្រ្តនៅ​ក្នុង​ប្រទេស​នោះកំពុង​ធ្វើ​ការ​ដើម្បី​អភិវឌ្ឍ​អាគុយ​លីធីញ៉ូម​ដ៏ល្អជាង​មុន​ ដែល​ជា​ធាតុផ្សំយ៉ាងសំខាន់​មួយ​សម្រាប់​រថយន្តកូន​កាត់​ទាំង​នេះ៕

ប្រែ​សម្រួល​ដោយ​លី សុខឃាង