លោកស្រី Jill Biden ដែលជាភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងតែធ្វើឱ្យគេចាប់អារម្មណ៍ទៅលើស្ត្រីដែលមានស្នាដៃការងារយ៉ាងធំធេង ដោយលោកស្រីនឹងរៀបចំពិធីប្រគល់ពានរង្វាន់ស្ត្រីនៃភាពក្លាហានអន្តរជាតិ (International Women of Courage Awards) នៅសេតវិមានជាលើកដំបូងបង្អស់។ នេះបើយោងតាមការិយាល័យរបស់លោកស្រី Biden ដែលបានបញ្ជាក់ប្រាប់ VOA កាលពីថ្ងៃសុក្រទី ៣ ខែមីនាកន្លងទៅនេះ។
លោកស្រី Biden បានប្រាប់ VOA តាមអ៊ីមែលកាលពីថ្ងៃទី ៣ ខែមីនាថា គោលបំណងគឺដើម្បី «ពាំនាំរឿងរ៉ាវរបស់ស្ត្រីដ៏អស្ចារ្យទាំងនេះទៅកាន់ឆាកដ៏ធំបំផុតតាមដែលយើងអាចធ្វើបាន ដែលនោះគឺនៅសេតវិមាន»។
ពានរង្វាន់ដែលផ្ដល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកនេះទទួលស្គាល់ស្ត្រីដែលបានបង្ហាញនូវអ្វីដែលគេពណ៌នាថាជា «ភាពក្លាហាន ភាពរឹងមាំ និងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ» នៅក្នុងកិច្ចការរបស់ពួកគេដើម្បីបុព្វហេតុសន្ដិភាព យុត្តិធម៌ សិទ្ធិមនុស្ស សមភាពយេនឌ័រ និងបុព្វហេតុផ្សេងៗជាច្រើនទៀត។
ស្ត្រីជាង ១៨០ នាក់មកពីប្រទេសចំនួន ៨០ ត្រូវបានផ្ដល់ពានរង្វាន់នេះចាប់តាំងពីឆ្នាំ ២០០៧ មក។ ជ័យលាភីពានរង្វាន់នេះមកពីបណ្ដាប្រទេសដែលសិទ្ធិរបស់ស្ត្រីត្រូវបានរឹតត្បិតដោយសារបទដ្ឋាន ជម្លោះ ឬច្បាប់ដូចជានៅប្រទេសអាហ្វហ្គានីស្ថាន បួគីណាហ្វាសូ ប៉ាគីស្ថាន សូម៉ាលី ស៊ីរី និងប្រទេសជាច្រើនទៀត។ ក្រោយពីពិធីប្រគល់ពានរង្វាន់នេះចប់សព្វគ្រប់ ជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ពីអង្គការ American Women for International Understanding។
កាលពីឆ្នាំមុន ជ័យលាភីពានរង្វាន់នេះគឺជាស្ត្រីដែលមកពីប្រទេសបង់ក្លាដែស ប្រេស៊ីល មីយ៉ាន់ម៉ា កូឡុំប៊ី អ៊ីរ៉ាក់ លីបេរីយ៉ា លីប៊ី ម៉ុលដាវី នេប៉ាល់ រ៉ូម៉ានី អាហ្វ្រិកខាងត្បូង និងវៀតណាម។
បញ្ជីឈ្មោះជ័យលាភីពានរង្វាន់ឆ្នាំនេះនឹងប្រកាសនៅមុនពិធីប្រគល់ពានរង្វាន់នេះ ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី ៨ ខែមីនាខាងមុខនេះ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា