វិបត្តិ​នុយក្លេអ៊ែរ​ជប៉ុន​ក្នុង​ឆ្នាំ​២០១១​នឹង​បន្ត​ច្រើន​ឆ្នាំ​ទៀត

កម្មករ​ កំពុង​សម្អាត​វិទ្យុសកម្មនៅ​រោង​ចក្រ​ Fukushima ភាគ​ឦសាន្ត​ប្រទេស​ជប៉ុន​ ថ្ងៃទី​១៨​ ខែ​សីហា​ ឆ្នាំ​២០១១។

ប្រទេស​ជប៉ុន​កំពុង​តែ​បាន​ធូរ​ស្រាល​បន្តិច​បន្ទាប់​ពី​ដំណឹង​ផ្លូវការ​ថាម៉ាស៊ីន​រ៉េអាក់ទ័រ​ដែល​ខូចខាត​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ ហ្វ៊ឹគឹស្ស៊ីម៉ា​-១ (Fukushima-1)​ ឥឡូវ​កំពុង​ស្ថិត​ក្នុង​សភាព​ត្រជាក់​មិន​ដំណើរការ​ (cold shutdown)។​ នេះ​មាន​ន័យ​ថា​ ទឹក​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ធ្វើ​ឲ្យ​បំពង់​ឥន្ធនៈ​នុយក្លេអ៊ែរ​ (nuclear fuel rods)​ ត្រជាក់​ គឺ​ស្ថិត​នៅ​ក្រោម​ ១០០oC ដែល​បាន​ការពារ​កុំ​ឲ្យ​ឥន្ទនៈ​វិទ្យុ​សកម្ម​យ៉ាង​ខ្ពស់​ក្តៅ​ឡើង​វិញ។ ក៏​ប៉ុន្តែ​ដោយ​ហេតុ​ថា​មាន​ការងារ​សម្អាត​វិទ្យុសកម្ម​យ៉ាង​សម្បើម​មិនទាន់​ចប់ ដែល​ប្រហែល​ជា​អាច​ចំណាយ​ពេល​ច្រើន​ទសវត្សរ៍​ទៀត​នោះ មនុស្ស​តិចតួច​ណាស់អាច​សប្បាយ​អបអរ​នៅ​រដូវ​ដាច់​ឆ្នាំ២០១១​កន្លង​ទៅ​នេះ។

រំជួយ​ដី​ និង​ព្យុះ​រលក​សមុទ្រ​យក្ស«ស៊ូណាមិ» កាល​ពី​នៅ​ថ្ងៃ​ទី​១១​ខែ​មិនា​ឆ្នាំ​២០១១​បាន​សម្លាប់​មនុស្ស​២០.០០០​នាក់​ក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​ជប៉ុន។ គ្រោះ​មហន្តរាយ​នេះ​មិន​ត្រឹម​តែ​បង្ក​ឲ្យ​មាន​ការ​រលាយ​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន​៣​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​តាម​ឆ្នេរ​សមុទ្រ​ក្រុង​ហ្វ៊ឹគឹស្ស៊ីម៉ា​-១​ប៉ុណ្ណោះ​ទេ​ វា​ក៏​បាន​ជំរុញ​សា​ជា​ថ្មី​នូវ​កិច្ច​ពិភាក្សា​អំពី​ហានិភ័យ​នៃ​ថាមពល​បរមាណូ។

ទោះ​បី​ជា​គ្មាន​នរណា​ម្នាក់​ស្លាប់​ដោយសារ​ប៉ះ​នឹង​ការ​ភាយ​កម្តៅ​ពី​ឧបទ្ទវហេតុ​នៅ​ហ្វ៊ឹគឹស្ស៊ីម៉ា​នេះ​ក៏​ដោយ ក៏​សហគមន៍​ជា​ច្រើន​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទី​ក្រុង។ សូម្បី​តែ​អ្នក​ដែល​រស់​នៅរាប់​រយ​គីឡូម៉ែត​ពី​រោងចក្រ​នុយក្លេអ៊ែរ​នោះ​ បារម្ភ​ពី​ផល​ប៉ះពាល់​រយៈ​ពេល​វែង​នៃ​កម្រិត​វិទ្យុសកម្ម​ខ្ពស់​ជាង​ធម្មតា​ ជា​ពិសេស​ផល​ប៉ះពាល់​លើ​សុខភាព​កុមារ។

កង្វល់​នេះ​ត្រូវ​បាន​ផ្សំ​ជាមួយ​ការ​រក​ឃើញ​នៃ​កម្រិត​ភាយ​វិទ្យុសកម្ម​លើល​កម្រិត​ស្រប​ច្បាប់​ក្នុង​ដំណាំ​ ត្រី និង​ថែម​ទាំង​ទឹកដោះ​គោ​របស់​ជប៉ុន។

ទំនុក​ចិត្ត​សាធារណៈ​ត្រូវ​បាន​រង្គោះរង្គើរ​ចាប់​ទាំង​ពី​ថ្ងៃ​ដំបូង​នៃ​វិបត្តិ នៅ​ពេល​អ្នក​គ្រប់គ្រង​រោងចក្រ ហ្វ៊ឹគឹស្ស៊ីម៉ា និង​រដ្ឋាភិបាល​ ហាក់​ដូច​ជាមិន​បង្ហាញ​ទាំង​ស្រុង​នូវ​កម្រិត​ភាព​ធ្ងន់ធ្ងរ​របស់​គ្រោះ​មហន្តរាយ​នេះ។

រ៉ូជឺ ខាស្សម៉រ (Roger Cashmore) គឺ​ជា​ប្រធាន​គណៈកម្មាធិការ​នៃ​អាជ្ញាធរ​ថាមពល​បរមាណូ​របស់​ចក្រភព​អង់គ្លេស។ អ្នក​រូបវិទ្យា​នុយក្លេអ៊ែរ​រូប​នេះ និយាយ​ថា​ ការ​បញេ្ចញ​ដំណឹង​យឺតៗពី​រដ្ឋាភិបាល​ក្រុង​តូក្យូ​និង​ការ​លាក់​ទិន្នន័យ​សំខាន់​យ៉ាង​ជាក់​ស្តែង​ក្នុង​អំឡុង​ពេល​ធ្ងន់ធ្ងរ​បំផុត​នៃ​វិបត្តិ​នេះ បាន​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​នូវ​សេចក្តី​ទុកចិត្ត។

«តម្លាភាព​គឺ​ជា​ពាក្យ​ដែល​គេ​ចង់​បាន។ អ្នក​មាន​សមត្ថកិច្ច​ក្នុង​រឿង​នេះ ​ត្រូវ​តែ​បើក​ចំហ​ទាំង​ស្រុង​អំពី​អ្វី​ទាំង​អស់​នេះ​ ហើយ​ត្រូវ​ធានា​ថា​ ផ្លូវ​កាត់​(ក្នុង​នីតិវិធី)​ទាំងឡាយ​ និង​អ្វី​ដូច​គ្នា​នេះ ​មិន​ត្រូវ​បាន​គេ​អនុវត្ត​ឡើយ។ ខ្ញុំ​គិត​ថា​ មនុស្ស​ទាំង​ឡាយ​នៅ​ពេល​គិត​ត្រឡប់​ក្រោយ​វិញ មាន​ការ​បារម្ភ​ខ្លាំង​ណាស់​អំពី​ប្រព័ន្ធ​ត្រួត​ពិនិត្យ​នៅ​ក្នុង​ប្រទេស​ជប៉ុន»។

សេចក្តី​បារម្ភ​នេះ​បាន​នាំ​ទៅ​ដល់​ការ​ពិនិត្យ​ពិច័យ​នូវ​អ្វី​ដែល​គេ​ដាក់​ឈ្មោះ​ថា​ ភូមិ​នុយក្លេអ៊ែរ (nuclear village) របស់​ជប៉ុន។ ភូមិ​នុយក្លេអ៊ែរ​នេះ​គឺ​ជា​សហគមន៍​ស្រួល​រស់​នៅមួយ​ ដែល​មាន​សមាសភាព​ អ្នក​ត្រួត​ពិនិត្យ​ពី​ខាង​វិស័យ​ឧស្សាហកម្ម​ និង​ពី​រដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រុម​បណ្តាញ​ព័ត៌មានក្រុង​ស្រុក​ដែល​មិន​ផ្សាយ​រិះគន់ និង​អ្នក​នយោបាយ​មាន​អំណាច។

ណុប៊ឹយ៉ាស៊ឹ អាក់បិ (Nobuyasu Abe) អតីត​អគ្គលេខាធិការ​រង​ទទួល​បន្ទុកកិច្ចការ​និសពា្វវុធការ​ ឬ ការដក​ហូត​អាវុធ (Disarmament Affairs) នៃ​អង្គការ​សហប្រជាជាតិ​និយាយ​ថា ​អ្នក​គាំទ្រ​ឧស្សាហកម្ម​នុយក្លេអ៊ែរ​បាន​និង​កំពុង​រារាំងមិន​ឲ្យ​មាន​ការ​ត្រួតពិនិត្យ។

«នៅ​ក្នុង​ប្រទេស​ជប៉ុន​ អ្នក​នយោបាយដ៏​ច្រើន​ទទួល​ប្រាក់កាស​សម្រាប់​យុទ្ធនាការ​នយោបាយ​ពី​ក្រុមហ៊ុន​ថាមពល​ជា​ច្រើន។ ពួក​គេ​ប្រហែល​ជា​ទទួល​ឥទ្ធិពល ឬ​ប្រហែល​ជា​ស្ទាក់ស្ទើរ​ក្នុង​ការ​រិះគន់»។

អតីត​រដ្ឋមន្រ្តី​ការ​បរទេស​និង​បរិស្ថាន​ម្នាក់​របស់​ប្រទេស​ជប៉ុន​កំពុង​តែ​រិះគន់​របៀប​ដែល​រដ្ឋាភិបាល​ដោះស្រាយ​វបត្តិ​នេះ​ក្នុង​រយៈ​ពេល៩​ខែ​កន្លង​មក​នេះ។ ក៏​ប៉ុន្តែ លោកស្រី យ៉ុរិកុ កាវ៉ាហ្គឹឈិ (Yoriko Kawaguchi) នៃ​ក្រុម​អភិរក្ស​ប្រឆាំង និង​ជា​អ្នក​តាក់តែង​ច្បាប់​ពី​របស់​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម (Liberal Democratic Party) និយាយ​ថា​ រដ្ឋាភិបាល​គណបក្ស​ប្រជាធិបតេយ្យមិន​ត្រូវ​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ថាមពល​អេឡិចត្រូនិក​តូក្យូ (Tokyo Electric Power Company) ឬ​ TEPCO ក្ស័យធន​(បិទ)ក្នុង​ពេល​វិបត្តិ​មួយ​នេះ​ទេ។

«វា​ប្រាកដ​ណាស់​ថា ទី​បំផុត​ យើង​នឹង​ឆ្លង​ផុត​វិបត្តិ​នេះ។ យើង​នឹង​គ្រប់គ្រង​ស្ថានការណ៍​បាន​។ ក្រុមហ៊ុន​ TEPCO ស្ទើរ​តែ​ក្ស័យធន​ ហើយ​រដ្ឋាភិបាល​ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងឡាយ​កំពុង​ធ្វើ​ការ​ជួយ​សង្គ្រោះ។ យើង​គ្មាន​ជម្រើស​ណា​ផ្សេង​ទៀត​ក្រៅ​ពី​អនុញ្ញាតិ​ឲ្យ​ក្រមហ៊ុន​ TEPCO ​បន្ត​មានដំណើរការ​ និងធ្វើ​ការ​របស់​វា​ ដោយ​មិន​ខ្វល់​ថា​ត្រូវ​ចំណាយ​ពេល​វែង​យ៉ាង​ណា»។

ម៉ាស៊ីន​រ៉េអាក់ទ័រ​របស់​ជប៉ុន​ប្រមាណ​ជា​៨០​ភាគរយ ​គឺ​ស្ថិត​ក្នុង​ភាព​មិន​ដំណើរ​ការ​ក្នុង​ពេល​នេះ ភាគ​ច្រើន​ដើម្បី​ឲ្យ​គេ​ពិនិត្យ​អំពី​សុវត្ថិភាព។

កត្តា​នេះ ​ព្រម​ជាមួយ​កត្តា​តម្លៃ​នៃ​ការ​ផលិត​កើន​ឡើង​ និង​តម្រូវការ​អគ្គីសនី​ថយ​ចុះ (ក៏​ប៉ុន្តែ​ប្រទេស​ចិន​ជា​ករណី​លើកលែង) បាន​ធ្វើ​ឲ្យ​ផលិតកម្ម​ថាមពល​នុយក្លេអ៊ែរ​ទូទាំង​សាកល​លោក​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​នេះ​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ឃ្លាំមើល​ពិភពលោក (Worldwatch Institute)។

លោកស្រី​ កាវ៉ាហ្គឹឈិ​ និយាយ​ថា​ ដើម្បី​រក្សា​នូវ​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ត្រូវ​តែ​កសាង​ឡើង​វិញ​នូវ​ទំនុក​ចិត្ត​សាធារណៈ​ ដែល​រលាយ​បាត់​ទៅ​នៅ​ក្រោយ​ការ​ខូចខាត​នៃ​ម៉ាស៊ីន​រ៉េអាក់ទ័រ។ ហើយ​កិច្ចការ​កសាង​ទំនុក​ចិត្ត​នេះ ​ក៏​អាច​ក្លាយ​ជា​ការងារ​មួយ​ដែល​ចំណាយ​ពេល​ច្រើន​ទសវត្ស​ទៀត​ដើម្បី​សម្រេច​បាន​ជោគជ័យ៕

ប្រែ​សម្រួល​ដោយ ចាប ចិត្រា