ខណៈដែលវិស្វករក្រុមកម្មករនិងកងទ័ពដែលធ្វើការងារសង្រ្គោះបន្ទាន់ប្រឹងប្រែងដើម្បីអាចទៅគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស្ហ៊ីម៉ា (Fukushima) ឡើងវិញបាន ជីវិតប្រចាំថ្ងៃនៅតែបន្តសម្រាប់ប្រជាជនរាប់ពាន់នាក់ដែលកំពុងរស់នៅក្រៅបន្តិចពីតំបជម្លៀសដែលមានរង្វង់ចម្ងាយ២០គីឡូម៉ែត្រ។ប៉ុន្តែវាមិនមែនជាជីវិតរស់នៅធម្មតានោះទេ។ទីក្រុងពីរកំពុងតែខំសម្របខ្លួនយ៉ាងលំបាកទៅនឹងស្ថានភាពជីវិតរស់នៅជាក់ស្តែងជាមួយនឹងជាតិវិទ្យុសកម្ម។
វិទ្យុរបស់ក្រុងហ៊្វូគូស្ហ៊ីម៉ាឥឡូវនេះមានផ្សាយកម្មវិធីថ្មីមួយ។ព្រមជាមួយនឹងសេចក្តីរាយការណ៍ព័ត៌មានស្តីអំពីអាកាសធាតុនិងចរាចរណ៍ស្ថានីយ៍វិទ្យុនេះក៏ចាប់ផ្តើមផ្សាយសេចក្តីរាយការណ៍អំពីជាតិវិទ្យុសកម្មជារៀងរាល់ម៉ោង។
បើអ្នកស្តាប់ដោយប្រុងប្រយ័ត្ន អ្នកនឹងឮឈ្មោះកន្លែងមួយដែលលេចធ្លោជាងគេ គឺ ភូមិអ៊ីតាតេ (Iitate)។
ភូមិនេះគឺស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលធ្វើឲ្យភូមិនេះស្ថិតនៅផុតយ៉ាងឆ្ងាយខាងក្រៅតំបន់ជម្លៀសរង្វង់២០គីឡូម៉ែត្រ និងតំបន់ដែលអ្នកភូមិត្រូវគេស្នើឲ្យស្នាក់នៅក្នុងផ្ទះ។
ប៉ុន្តែការវិភាគកម្រិតជាតិវិទ្យុសកម្មជារៀងរាល់ម៉ោងនៅទីនេះ បង្ហាញថាទីនេះមានកម្រិតជាតិវិទ្យុសកម្មខ្ពស់ជាងទីក្រុងជាច្រើនដែលស្ថិតនៅជិតជាងទៅនឹងរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូហ្ហ៊ីម៉ា ដែលត្រូវរងការខូចខាត ដោយសារតែការរញ្ជួយដីនិងរលកយក្សស៊ូណាមិដ៏ខ្លាំងក្លាដែលបានបោកបក់ទៅលើតំបន់នេះ កាលពីថ្ងៃទី១១ខែមីនា។
នៅឯផ្លូវចូលទៅកាន់ភូមិ ផ្លាកសញ្ញាមួយបានបង្ហាញប្រកបដោយមោទនភាពថា ភូមិ អ៊ីតាតេ គឺជាភូមិមួយក្នុងចំណោមភូមិដែលស្អាតជាងគេបង្អស់ចំនួន៣៩នៅក្នុងប្រទេសជប៉ុន។ នៅពេលបើកបរចូលទៅក្នុងភូមិ គេមិនងាយនឹងមើលរំលងជ្រលងដងអូរដ៏ស្រស់ស្អាត ព្រៃឈើព៌ណខៀវត្រសុំត្រសាយ និងជួរភ្នំនៅឯនាយ ដែលទទួលបានការកោតសរសើរពីអ្នកមើល។
ប៉ុន្តែ បើអ្នកសម្លឹងមើលឲ្យហួសពីទស្សនីយភាពទាំងនេះ អ្នកនឹងកត់សម្គាល់ឃើញថា មិនមានមនុស្សណាម្នាក់នៅជុំវិញនោះទេ។ វាលស្រែទាំងឡាយនៅទទេស្អាត ម៉ាស៊ីនត្រាក់ទ័រត្រូវបានចតចោលដោយឥតដំណើរការ ហើយនៅឯកណ្តាលភូមិ មិនមានមនុស្សណាម្នាក់នៅតាមផ្លូវនោះទេ។
ឡានពីរបីនិងឡានទាហានដ៏ចម្លែក ឆ្លងកាត់តាមផ្លូវខ្វែងម្តងម្កាល នៅពីមុខផ្លូវចូលទៅកាន់អគារសាលារដ្ឋបាលដ៏ស្អាតរបស់ភូមិ។ អ្នកបើកបរនិងអ្នកដំណើរភាគច្រើនពាក់ម៉ាស់មុខពណ៌សនៅជុំវិញមាត់និងច្រមុះរបស់ពួកគេ។
លោក តាកាស្ហ៊ី កូបាយ៉ាស្ហ៊ី ប្រធានកិច្ចការទូទៅរបស់ភូមិអ៊ីតាតេ និយាយថាអ្នកភូមិមានអារម្មណ៍ច្របូកច្របល់។
លោកកូបាយ៉ាស្ហ៊ីនិយាយថា ដោយសារភូមិនេះស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រពីស្ថានីយ៍រោងចក្រថាមពលនុយក្លេអ៊ែរ រដ្ឋាភិបាលមិនបានផ្តល់អនុសាសន៍អ្វីទេទៅដល់អ្នកភូមិ ប៉ុន្តែ កម្រិតនៃជាតិវិទ្យុសកម្មនៅតែខ្ពស់នៅឡើយ។
នៅក្នុងរយៈពេលតិចជាងមួយខែប៉ុណ្ណោះ កសិករដែលធ្វើការនៅតាមវាលស្រែទាំងឡាយនៅក្នុងភូមិអ៊ីតាតេ នឹងទទួលរងបរិមាណនៃជាតិវិទ្យុសកម្ម លើសពីកម្រិតអតិបរមាដែលត្រូវបានអនុញ្ញាតសម្រាប់រយៈពេលមួយឆ្នាំទៅទៀត។ កាលពីសប្តាហ៍មុន ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថា កម្រិតជាតិវិទ្យុសកម្មនៅក្នុងដីឡើងហួសពីកម្រិតមួយដែលតម្រូវឲ្យមានការជម្លៀសប្រជាពលរដ្ឋទៅទៀត ប៉ុន្តែកម្រិតនេះបានធ្លាក់ចុះវិញចាប់ពីពេលនោះមក។
ផលប៉ះពាល់ទៅលើវិស័យកសិកម្មគឺជាការព្រួយបារម្ភមួយ។ វាលស្រែចម្ការជាផ្នែកដ៏សំខាន់បំផុតរបស់ភូមិនេះ ហើយឥឡូវនេះគេមិនដឹងថាអនាគតរបស់ដីស្រែចម្ការទាំងនោះនឹងទៅជាយ៉ាងណានោះទេ។
លោក កូបាយ៉ាស្សី បានចំណាយពេលវេលាប្រចាំថ្ងៃរបស់លោក សម្របសម្រួលមួយផ្នែកនៃការឆ្លើយតបរបស់ភូមិអ៊ីតាតេទៅនឹងគ្រោះមហន្តរាយនេះ និងតាមដានព័ត៌មានដើម្បីដឹងពីរាល់ការផ្លាស់ប្តូរទាំងឡាយនៃស្ថានភាពនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ។
លោកនិយាយថា វាមានការពិបាកណាស់ក្នុងការតាមដាននេះ។ រឿងមួយបានប្រសើរឡើងក្នុងពេលមួយរំពេច។ បន្ទាប់មករឿងផ្សេងទៀតមានបញ្ហាកើតឡើង។ លោកបានមានប្រសាសន៍ថា មុនពេលមានគ្រោះមហន្តរាយ លោកមិនដែលបានឮពាក្យ microsieverts និង becquerel ទេ ដែលពាក្យទាំងពីរនេះជាឯកតាប្រើសម្រាប់រង្វាស់ជាតិវិទ្យុសកម្ម ដែលឥឡូវនេះលោកបានចំណាយពេលវេលាយ៉ាងច្រើនដើម្បីសិក្សាពីវា៕
ប្រែសម្រួលដោយ ឌី ខាំបូលី