ជប៉ុន​ធ្វើ​តេស្ត​រោងចក្រ​នុយក្លេអ៊ែរ​ដែល​មិន​ដំណើរការ​មុន​ពេល​ដាក់​ឲ្យ​ប្រើ​ឡើង​វិញ

រោងចក្រ​នុយក្លេអ៊ែរ Fukushima Daiichi នៅ​ប្រទេស​ជប៉ុន។

មន្រ្តី​រដ្ឋាភិបាល​ជប៉ុន​បាន​និយាយ​ថា​ ពួក​គេ​នឹង​អនុញ្ញាត​ឲ្យ​រោងចក្រ​នុយក្លេអ៊ែរ​ដែល​ផ្អាក​ដំណើរការ​ អាច​ចាប់​ផ្តើម​ប្រតិបត្តិការ​ឡើងវិញ​ បន្ទាប់ពី​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​សុវត្ថិភាព​ថ្មី ​ដើម្បី​ស្ទង់​ពីភាព​ធន់​របស់​រោងចក្រ​ទាំងនេះ​ចំពោះ​រាល់​គ្រោះ​មហន្តរាយ​ធំៗ។ ការ​វាយតម្លៃ​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ស្តារ​ការ​ទុកចិត្ត​របស់​សាធារណជន​ចំពោះ​ថាមពល​អាតូមិច​ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​និង​ស៊ូណាមី​ កាលពី​ថ្ងៃទី​១១​ខែមិនា​នៅ​ភាគឦសាន​ប្រទេសដែល​នាំ​ឲ្យ​មាន​ការ​លេចធ្លាយ​វិទ្យុ​សកម្ម​ម៉ាស៊ីន​រ៉េអាក់ទ័រ​ចំនួន​បី។

រដ្ឋាភិបាល​ប្រទេស​ជប៉ុន​និយាយ​ថា ​ការ​ធ្វើ​តេស្ត​អំពី​ភាព​ធន់​របស់​រោងចក្រ​នឹង​ត្រូវ​អនុវត្ត​ទៅ​លើ​រាល់​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ទូទាំង​ប្រទេស។

ក្នុង​ពេល​និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន ​Yukio Edano ប្រធាន​អ្នក​នាំពាក្យ​រដ្ឋាភិបាលបាន​ពន្យល់ថា​ មន្រ្តី​រដ្ឋាភិបាល​អាច​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ចាប់​ផ្តើម​ដំណើរ​ការ​រោងចក្រ​នុយក្លេអ៊ែរ​ឡើងវិញ​ បន្ទាប់​ពី​ការ​វាយ​តម្លៃ​ដំណាក់​កាល​ទីមួយ។

Edano​ និយាយថា​ នឹងមិនមាន​កាល​បរិច្ឆេទ​បញ្ចប់​ការ​ធ្វើ​តេស្ត​សុវត្ថិភាព​ដែល​នឹង​រៀបចំ​ជា​ចម្បង​ដោយ​គណៈកម្មការ​សុវត្ថិភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​នោះ​ទេ។​លោក​បាន​និយាយ​ថា​ រោងចក្រ​ទាំង​ឡាយ​ណា​ដែល​នៅបន្ត​ដំណើរការ​នឹង​ត្រូវ​វាយ​តម្លៃ​ ក្រោម​ដំណាក់​កាល​ទីពីរ​ដែល​ទូលំ​ទូលាយ​ជាង​ការ​ធ្វើ​តេស្ត​អំពី​ភាព​ធន់។

មន្រ្តី​រដ្ឋាភិបាល​និយាយ​ថា​ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​អាច​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​បិទម៉ាស៊ីន​រ៉េអាក់ទ័រ​មួយ​ចំនួន​ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ន។

ការ​ធ្វើ​ដូច​គ្នា ​ដែលមាន​លក្ខណៈ​បទដ្ឋាន​ខុស​ពី​អ្វី​ដែល​បាន​ស្នើ​ដោយ​សហភាព​អឺរ៉ុប​នោះគឺ​ដើម្បី​កំណត់​ថា​ តើ​ស្ថានភាព​រោងចក្រ​នុយក្លេអ៊ែរ​មាន​លទ្ធភាព​ឆ្លើយ​តប​នឹង​ព្រឹត្តិការណ៍​នានា​ ដូចជា​រញ្ជួយ​ផែនដី​ ទឹកជំនន់​ ការ​ផ្ទុះ​ ឬ​ការបុក​ដោយ​យន្តហោះ​បាន​ល្អ​យ៉ាងណា។

ម៉ាស៊ីន​រ៉េអាក់ទ័រ​របស់​ជប៉ុន​ចំនួន​៣៥​ក្នុង​ចំណោម​៥៤​មិន​ដំណើរការ​ទេ។​ម៉ាស៊ីន​ភាគច្រើន​មិន​ដំណើរការ​ដោយសារ​វា​ស្ថិត​ក្រោម​ការ​ថែ​រក្សា​ ឬ​ក៏​ដោយសារ​រដ្ឋាភិបាល​ក្នុងស្រុក​មិនផ្តល់​ការ​អនុញ្ញាត​ឲ្យ​ចាប់ផ្តើម​ប្រើប្រាស់​សារជាថ្មី​ ដោយ​បារម្ភ​អំពី​សុវត្ថិភាព។

មន្រ្តី​ក្នុង​ស្រុក​មាន​កង្វល់​ខ្លាំង​ជាង​មុន​អំពី​សុវត្ថិភាព​នុយក្លេអ៊ែរ​ បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី​មាន​កម្លាំង​៩​កណ្តក់​សញ្ញា​លើ​ជញ្ជីង​រិចទ័រ ​កាលពី​ថ្ងៃទី​១១​ខែមិនា​ ហើយ​បង្កើត​ឲ្យ​មាន​ស៊ូណាមី​នៅ​តាម​ឆ្នេរ​ភាគឦសាន។​ គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ​និង​បាត់ខ្លួន​ចំនួន​២​ម៉ឺន​នាក់​នេះ ​បាន​ធ្វើ​ឲ្យ​រោងចក្រ​Tokyo ​Electric's Fukushima-1​ ខូចខាត​យ៉ាង​ដំណំ។​ ម៉ាស៊ីន​រ៉េអាក់ទ័រ​៣​ក្នុង​ចំណោម​៦​បាន​រងគ្រោះ​ពីការ​លេច​ធ្លាយ​វិទ្យុសកម្ម​ ហើយ​ម៉ាស៊ីន​នៅ​មាន​លេច​ភាយ​ជាតិ​វិទ្យុ​សកម្ម។

ឧបទ្ទវហេតុ​ និង​ការ​ពន្យារ​ការ​ចាប់​ផ្តើម​ដំណើរការ​ម៉ាស៊ីន​ជាថ្មី​បាន​នាំ​ឲ្យ​មាន​ការ​ចាត់​វិធាន​ការ​សន្សំ​ថាមពល​នៅតាម​តំបន់​ខ្លះ​របស់​ប្រទេស​ជប៉ុន។

នៅ​មុន​មាន​ពេល​គ្រោះ​មហន្តរាយ​កាល​ពីខែ​មិនា ​ថាមពល​អគ្គិសនី​៣០​ភាគរយ​នៅ​ប្រទេស​ជប៉ុន​បាន​ពឹង​ផ្អែក​ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​ ​ហើយ​មាន​បំណង​ថា​នឹង​បង្កើន​ដល់​៥០​ភាគរយ​នៅមុន​ឆ្នាំ​២០៣០៕