ក្នុងសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោកកាលពីថ្ងៃទី២០ ខែមករា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ត្រាំ បាននិយាយថា លោកនឹងអនុម័តគោលនយោបាយការពារនិយមដើម្បីបញ្ចប់ការធ្វើពាណិជ្ជកម្មសេរីនានាដែលលោកបាននិយាយថា ពាណិជ្ជកម្មនោះធ្វើឲ្យសេដ្ឋកិច្ច ស.រ.អា. ធ្លាក់ចុះ និងធ្វើឲ្យចម្រើនដល់ឧស្សាហកម្មបរទេស។
លោក ត្រាំ បាននិយាយក្នុងសុន្ទរកថាស្បថចូលកាន់តំណែងថា៖ «យើងត្រូវតែការពារព្រំដែនរបស់យើងពីការបំផ្លិចបំផ្លាញដោយប្រទេសដទៃដែលកំពុងតែបង្កើតផលិតផលរបស់យើង កំពុងលួចក្រុមហ៊ុនរបស់យើង និងកំពុងបំផ្លាញការងាររបស់យើង។ ការការពារនឹងនាំឲ្យមានវិបុលភាព និងភាពខ្លាំងក្លាដ៏អស្ចារ្យ»។
សេតវិមានក៏បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងធ្វើការចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើង (NAFTA) ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៩៤ ដោយសហរដ្ឋអាមេរិក ប្រទេសកាណាដា និងម៉ិកស៊ិក។
លោកប្រធានាធិបតី ត្រាំ ក៏នឹងរំពឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដែលសហរដ្ឋអាមេរិកមិនទាន់បានផ្តល់សច្ចាប័ននៅឡើយ។ កិច្ចព្រមព្រៀង TPP នេះរួមមាន សហរដ្ឋអាមេរិក ជប៉ុន និងប្រទេស១០ទៀតក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលទំហំសេដ្ឋកិច្ចនៃប្រទេសទាំងនេះសរុបស្មើនឹង ៤០ ភាគរយនៃសេដ្ឋកិច្ចពិភពលោក។
ក្រុមមេដឹកនាំប្រទេសនៅទ្វីបអាស៊ី កាលពីថ្ងៃទី ២៣ ខែមករានេះ បានប្រតិកម្មដោយប្រុងប្រយ័ត្នទៅលើការថ្លែងដ៏តឹងរ៉ឹងរបស់លោក ត្រាំ អំពីពាណិជ្ជកម្ម។
ប្រទេសជប៉ុន
នាយខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលទីក្រុងតូក្យូចង់ពង្រឹងចំណងសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឲ្យកាន់តែស៊ីជម្រៅខ្លាំងជាងមុន។
រដ្ឋសភារបស់ប្រទេសជប៉ុន បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង TPP កាលពីថ្ងៃទី២០ ខែមករា គឺនៅថ្ងៃដែលលោកប្រធានាធិបតី ត្រាំ ចូលកាន់តំណែង។ លោកនាយករដ្ឋមន្រ្តី Shinzo Abe បាននិយាយថា បើគ្មានការចូលរួមរបស់ ស.រ.អា.ទេ កិច្ចព្រមព្រៀងនេះនឹង «គ្មានន័យ» អ្វីឡើយ។
លោក Abe បានផ្ញើសារអបអរសាទរជូនលោកប្រធានាធិបតី ត្រាំ បន្ទាប់ពីលោកបានស្បថចូលកាន់តំណែងដែលមានខ្លឹមសារថា លោកទន្ទឹងរង់ចាំសហការជាមួយលោកប្រធានាធិបតីថ្មីក្នុងការធានាបាននូវសន្តិភាព វិបុលភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Fumio Kishida បាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងតែធ្វើឡើងដើម្បីរៀបចំការប្រជុំមួយក្នុងពេលឆាប់ៗនេះរវាងលោក Abe និងលោក ត្រាំ ដើម្បីផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំជប៉ុនបង្ហាញពីសារៈសំខាន់នៃកិច្ចព្រមព្រៀង TPP។ ក៏ប៉ុន្តែ លុះមកដល់ថ្ងៃទី២៣ ខែមករានេះ លោក ត្រាំ បានប្រកាសថា ស.រ.អា. នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP។
មានក្រុមហ៊ុនជប៉ុនជាង ១.០០០ក្រុមហ៊ុនដែលកំពុងតែមានប្រតិបត្តិការក្នុងប្រទេសម៉ិកស៊ិក ដែលផលិតទំនិញនាំចេញទៅស.រ.អា.។ ក្រុមហ៊ុនទាំងនោះអាចនឹងទទួលរងផលប៉ះពាល់ នៅពេលមានការប្រែប្រួលអ្វីមួយចំពោះកិច្ចព្រមព្រៀង NAFTA នេះ។
ក្រុមអ្នកដឹកនាំក្រុមហ៊ុនជំនួញប្រទេសជប៉ុន បានសម្តែងនូវការព្រួយបារម្ភដែលថា ការការពារនិយមរបស់ស.រ.អា. នឹងនាំឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចជាសាកល។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២១ ខែមករា នេះ លោក Akio Mimura ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានថ្លែងថា៖ «វិធីសាស្ត្របែបការពារនិយម ដូចជាការបោះបង់ចោលកិច្ចព្រមព្រៀង TPP និងធ្វើការចរចាឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាមេរិកខាងជើង ឬ NAFTA នឹងជះផលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក»។
ប្រទេសកូរ៉េខាងត្បូង
ប្រទេសកូរ៉េខាងត្បូងមិនមែនជាសមាជិកនៃកិច្ចព្រមព្រៀង TPP ទេ ប៉ុន្តែប្រទេសនេះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយ ស.រ.អា. ដែលលោក ត្រាំ ក៏បានរិះគន់ក្នុងអំឡុងពេលឃោសនាបោះឆ្នោតដែរ។ ក្រុមហ៊ុនអាមេរិកមួយចំនួនបានត្អូត្អែរថា ប្រទេសកូរ៉េខាងត្បូងកំពុងព្យាយាមយកជ័យជម្នះក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA នេះតាមរយៈការដាក់ចេញនូវបទបញ្ញត្តិមិនបង់ពន្ធគយនានាច្រើនលើសលប់ ដែលមិនច្បាស់លាស់ ទៅលើការនាំចូលរបស់ស.រ.អា.។
នៅថ្ងៃទី២៣ ខែមករា លោក Hwang Kyo-ahn ប្រធានាធិបតីស្តីទី និងជានាយករដ្ឋមន្រ្តីរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា រដ្ឋាភិបាលរបស់លោកបានធ្វើទំនាក់ទំនងជាមួយរដ្ឋបាលរបស់លោក ត្រាំ ដើម្បីធានាថា ប្រទេសទាំងពីរអាចបន្តភាពរីកចម្រើនរហូតដល់ទីបញ្ចប់នៃកិច្ចព្រមព្រៀង។
លោកប្រធានាធិបតីស្តីទី Hwang បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «យើងកំពុងតែពន្យល់ឲ្យបានគ្រប់ជ្រុងជ្រោយអំពីផលប្រយោជន៍ និងការសម្បទានទៅវិញទៅមកដែលយើងកំពុងធ្វើសម្រាប់ទំនាក់ទំនងប្រទេសកូរ៉េខាងត្បូង និងស.រ.អា. និងធ្វើការបញ្ចុះបញ្ចូលប្រទេសទាំងពីរ។ ដូច្នេះហើយ យើងនឹងបន្តការប្រឹងប្រែងរបស់យើងដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងតាមរយៈកិច្ចសហប្រតិបត្តិការនេះ»។
ការចំណាយលើការការពារ
ក្នុងសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោក លោក ត្រាំ បានសន្យាធ្វើការផ្លាស់ប្តូរគោលនយោបាយស.រ.អា. គឺថា «ការឧបត្ថម្ភធនដល់កងកម្លាំងយោធានៃប្រទេសដទៃទៀត ស្របពេលការឧបត្ថម្ភដល់ទាហានរបស់យើងត្រូវបានកាត់បន្ថយគួរឲ្យសង្វែក»។
ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ បានរាប់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ចូលក្នុងបណ្តាប្រទេសដែលលោកហៅថា «ជិះសេះលែងដៃ» ដែលមិនបានបង្វិលថវិកាក្នុងចំនួនសមរម្យមួយទៅ ស.រ.អា. វិញ លើការចំណាយរួមសម្រាប់ការការពារ។ មានទាហានអាមេរិកជាង៥០.០០០នាក់បោះទីតាំងនៅប្រទេសជប៉ុន និងមានជាង២៨.៥០០នាក់ នៅប្រទេសកូរ៉េខាងត្បូង ដើម្បីរក្សាសន្តិសុខក្នុងតំបន់ និងដើម្បីការពារប្រទេសសម្ព័ន្ធមិត្តខ្លួនក្នុងករណីមានការវាយប្រហារពីប្រទេសកូរ៉េខាងជើង និងចិន។
ក្នុងបទវិចារណកថារបស់សារព័ត៌មានKorea Times ដែលបានចេញផ្សាយថ្ងៃទី២៣ ខែមករា ប្រាប់ឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងគួរសហប្រតិបត្តិការ និងត្រៀមយុទ្ធសាស្រ្ត «ឈ្នះ ឈ្នះ» ដើម្បីដោះស្រាយជាមួយនឹង ស.រ.អា. លើករណី «បញ្ហាដ៏ស្មុគស្មាញ»មួយចំនួន តួយ៉ាងការទាមទាររបស់ស.រ.អា.ឲ្យប្រទេសកូរ៉េខាងត្បូងចូលរួមចេញថ្លៃលើការចំណាយសម្រាប់ការការពារ។
ទោះជាយ៉ាង ប្រទេសទាំងពីរបានអះអាងថា ពួកគេបាននិងកំពុងគោរពតាមកិច្ចព្រមព្រៀងបច្ចុប្បន្ននានាលើការចេញថ្លៃការចំណាយសម្រាប់ការការពារ។ រដ្ឋាភិបាលក្រុងតូក្យូ ត្រូវបានគេរាយការណ៍ថា បានចំណាយប្រាក់ប្រហែល ១,៦ពាន់លានដុល្លារក្នុងការចំណាយលើការការពារ ហើយរដ្ឋាភិបាលក្រុងសេអ៊ូល បានចូលរួមចំណាយជាង ៨៦៦ លានដុល្លារជារៀងរាល់ឆ្នាំ ជូនដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សម្រាប់មូលដ្ឋានកងទ័ពនៅប្រទេសពួកគេរៀងៗខ្លួន៕
ប្រែសម្រួលដោយ កោះ សុគន្ធី