លោក Fumio Kishida ទំនងជានឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុន បន្ទាប់ពីលោកត្រូវបានបោះឆ្នោតជ្រើសរើសនៅថ្ងៃពុធនេះជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលជាគណបក្សកាន់អំណាចដ៏យូរមកហើយរបស់ប្រទេសជប៉ុន។
លោក Kishida អាយុ ៦៤ ឆ្នាំ ដែលជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស បានឈ្នះលោក Taro Kono ប្រធានផ្នែកចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងជុំទី ២ នៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយមនៅសណ្ឋាគារមួយកន្លែងក្នុងទីក្រុងតូក្យូ។
លោក Kishida និងលោក Kono បានឈានដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីគ្មានបេក្ខជនណាម្នាក់ទទួលបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជុំទីមួយ។ នៅក្នុងការបោះឆ្នោតជំុទីមួយនោះ លោក Kishida បានឈ្នះលោក Kono មួយសំឡេងគឺ ២៥៦ សំឡេងទល់នឹង ២៥៥ សំឡេង។
លោក Kono ដែលជាអ្នកនយោបាយហ៊ាននិយាយនិងមានទស្សនៈខុសពីមតិភាគច្រើន គឺជាបេក្ខជនឈានមុខគេនៅក្នុងការបោះឆ្នោតស្ទង់មតិកន្លងមក ប៉ុន្តែលោក Kishida មានការគាំទ្រពីសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យសេរីនិយម។
លោក Kishida ទំនងជានឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសជប៉ុននៅពេលសភាពេញអង្គប្រជុំនៅថ្ងៃចន្ទទី ៤ ខែតុលាខាងមុខ ដើម្បីបោះឆ្នោតជាផ្លូវការជ្រើសរើសអ្នកស្នងតំណែងបន្តពីលោកនាយករដ្ឋមន្រ្តី Yoshihide Suga។
លោក Suga បានប្រកាសលាលែងពីតំណែងកាលពីដើមខែនេះដោយសារសាធារណៈជនមិនពេញចិត្តចំពោះវិធានការរបស់លោកនៅក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ជាពិសេសមិនពេញចិត្តនឹងការទទូចរបស់លោកនៅក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនិងកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូកាលពីរដូវក្តៅកន្លងទៅនេះនៅពេលដែលប្រទេសជប៉ុនកំពុងប្រឈមនឹងកំណើនឆ្លងថ្មីនៃជំងឺកូវីដ១៩។
លោក Kishida នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីបានប្រហែលមួយខែប៉ុណ្ណោះ មុនពេលលោកដឹកនាំគណបក្សរបស់លោកចូលរួមប្រកួតការបោះឆ្នោតជាតិដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកាខាងមុខ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Pressed និងទីភ្នាក់ងារព័ត៌មាន Reuters។