អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ​បានស្លាប់​ បន្ទាប់ពី​ត្រូវ​គេ​បាញ់​ពីរគ្រាប់

រូបឯកសារ៖ លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរបស់បណ្តាប្រទេស V4 នៅទីក្រុង Bratislava នៃប្រទេសស្លូវ៉ាគី កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩។

លោក​ Shinzo Abe​ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដ៏​មាន​ឥទ្ធិពល​ បានទទួលមរណភាពនៅថ្ងៃសុក្រ​ បន្ទាប់ពី​ត្រូវ​បាន​គេ​បាញ់​ចំ​ដើមទ្រូង​ចំនួន ២ គ្រាប់​ ក្នុងអំឡុងយុទ្ធនាការឃោសនាមួយ។ ​នេះ​បើ​យោងការបញ្ជាក់របស់មន្ទីរពេទ្យដែលលោកត្រូវបានសង្គ្រោះ ហើយដែលត្រូវបានរាយការណ៍ជាព័ត៌មានដោយទីភ្នាក់ងារព័ត៌មាន AFP។

លោក Hidetada Fukushima វេជ្ជបណ្ឌិតនិងសាស្ត្រាចារ្យប្រចាំមន្ទីរសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ Nara បានថ្លែងថា៖ «លោក Shinzo Abe ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យនាវេលាម៉ោង ១២:២០នាទីរសៀល។ លោកបានគាំងបេះដូងលែងដើរ ពេលមកដល់មន្ទីរពេទ្យ។ ជាអកុសល លោកបានទទួលមរណភាពនាវេលាម៉ោង ៥:០៣នាទីល្ងាច ម៉ោងក្នុងប្រទេសជប៉ុន»។

នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក ​Abe បាន​ថ្លែង​នៅ​ឯ​យុទ្ធនាការ​ឃោសនា​មួយ​ នៅ​ខាង​ក្រៅ​ស្ថានីយ​រថភ្លើង​នៅ​ក្នុង​ទីក្រុង ​Nara ​ភាគ​ខាង​កើត​ទីក្រុង Osaka ​នៅពេល​ដែល​បុរស​ម្នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើង​បាន​ដើរ​មក​ជិត​លោក ​ពី​ខាង​ក្រោយ។​

បន្ទាប់ពី​ករណី​ផ្ទុះ​អាវុធ​២​គ្រាប់ ​លោក Abe​ បាន​ដួល​នៅ​លើ​ដី​ ហើយ​បាន​ហូរឈាម។​ វីដេអូ​បង្ហោះ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​បាន​បង្ហាញ​ឲ្យ​ឃើញ​មនុស្ស​ឈរ​ប្រវេស​ប្រវាស​ជួយ​លោក​ Abe ​ដែល​បាន​ដេក​សន្ធឹង​នៅ​លើ​ដី​បាត់បង់​ស្មារតី។ ​

លោក​ Abe ​អាយុ​ ៦៧​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ជា​ទីកន្លែង​ដែល​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយ​ការណ៍​ថា ​លោក​បាន​គាំង​បេះដូង​លេង​ដើរ។​

ទូរទស្សន៍ ​NHK ​របស់​ជប៉ុន​បាន​រាយ​ការណ៍​ថា ជន​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ជា​អ្នក​បាញ់​ វ័យ​ ៤១ ​ឆ្នាំ​មក​ពី​ទីក្រុង​ Nara​ ត្រូវ​បាន​ចាប់​ខ្លួន។ បុរសនោះត្រូវបានគេដឹងថាមានឈ្មោះថា Tetsuya Yamagami។​ ទូរទស្សន៍ ​NHK ​បាន​រាយ​ការណ៍​ទៀត​ថា​ បុរស​នោះ​ធ្លាប់​បម្រើ​នៅ​ក្នុង​កងទ័ព​ជប៉ុន​រយៈពេល​បី​ឆ្នាំ។ ​ទូរទស្សន៍​ NHK ​ក៏​បាន​បញ្ជាក់​ទៀត​ថា ​កាំភ្លើង​ដែល​ប្រើ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នោះ​ ទំនង​ជា​ច្នៃ​ឡើង​ដោយ​ខ្លួន​ឯង។​ NHK បាន​បន្ថែម​ថា ​បុរស​នេះ​បានប្រាប់​ប៉ូលិសថា គាត់​មិនពេញ​ចិត្ត​នឹង​លោក Abe ហើយ​ចង់​សម្លាប់​លោក។​

លោក ​Abe ​បាន​ថ្លែង​នៅ​ឯ​ពិធី​យុទ្ធនាការ​ឃោសនា​តូច​ មុន​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ជប៉ុន។ ​NHK ​បាន​រាយ​ការណ៍​ថា ​គម្រោង​ឃោសនា​របស់​លោក​ Abe ​បាន​ត្រូវ​ចេញ​ផ្សាយ​មួយ​ថ្ងៃ​មុន។​

លោក​នាយក​រដ្ឋមន្ត្រី ​Fumio Kishida​ បាន​ថ្កោលទោស​ការវាយ​ប្រហារ​ដ៏​ព្រៃផ្សៃ​នេះ​ដោយ​និយាយ​ថា ការវាយ​ប្រហារ​នេះ​បាន​កើត​មាន​ឡើង​ក្នុង​អំឡុង​នៃ​ការ​បោះឆ្នោត​ដែល​ជា​កិច្ចការ​ដ៏​សំខាន់​បំផុត​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ជប៉ុន។​ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​ករណី​បាញ់​ប្រហារ​នេះ​ទាក់ទិន​ខាង​នយោបាយ​ឬ​យ៉ាងណា​នោះ។ ​ក្រុមមន្ត្រី​ជប៉ុន​បាន​និយាយ​ថា ​ដំណើរ​ការបោះ​ឆ្នោត​នឹង​បន្ត៕