ប្រទេសកម្ពុជានិងជប៉ុនគ្រោងនឹងចុះហត្ថលេខាលើអនុស្សារណៈស្តីពីការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅចុងខែមីនានេះ ដើម្បីបង្កើនទីផ្សារការងារ និងឱកាសដល់ពលករកម្ពុជា។
ក្រសួងការងារកម្ពុជាបានបញ្ជាក់ដូចនេះ កាលពីខែកុម្ភៈ ក្រោយពីប្រទេសជប៉ុនបានធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍ដែលនឹងចូលជាធរមាននៅខែមេសាខាងមុខ ដោយបើកឱកាសឱ្យក្រុមហ៊ុនជប៉ុនជួលកម្មករជំនាញដោយផ្ទាល់ពីប្រទេសនានាដើម្បីបំពេញកង្វះខាតកម្លាំងពលកម្មក្នុងស្រុក ដោយសារតែពលរដ្ឋជប៉ុនមានវ័យចំណាស់កាន់តែច្រើន។ ការណ៍នេះដោយសារតែរដ្ឋាភិបាលជប៉ុនទទួលស្គាល់ថា មានការយកថ្លៃខ្ពស់ពីភ្នាក់ងារជ្រើសរើសពលករដែលនាំឱ្យពួកគេជំពាក់បំណុលច្រើន និងចាកចោលពីការងារមុនពេលបញ្ចប់កិច្ចសន្យា។
ប៉ុន្តែ សកម្មជនសិទ្ធិពលករសម្តែងការព្រួយបារម្ភថា ការផ្លាស់ប្តូរថ្មីនេះក៏នៅតែមិនអាចដោះស្រាយបញ្ហាកេងប្រវ័ញ្ចលើកម្លាំងពលកម្មរបស់ពលករជំនាញឡើយ ប្រសិនបើមិនបានកំណត់ច្បាស់លាស់លើនីតិវិធីនៃការជ្រើសរើសបុគ្គលិក និងការកំណត់លក្ខខណ្ឌនៃការងារទេ។
លោកស្រីរីកូ ហារីម៉ា អ្នកសម្របសម្រួលថ្នាក់តំបន់នៃបណ្តាញជនចំណាកស្រុកទន្លេមេគង្គ (Mekong Migrant Network) បានបញ្ជាក់ថា៖
«ជាគោលការណ៍ នេះគឺជាជំហានវិជ្ជមានរបស់រដ្ឋាភិបាលជប៉ុន ប៉ុន្តែនៅពេលបច្ចុប្បន្ននេះការពិតនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើពួកគេមើលឃើញថាការជួលដោយផ្ទាល់នឹងត្រូវអនុវត្តយ៉ាងណា ហើយក៏មិនច្បាស់លាស់ថាតើពលករត្រូវសុំទិដ្ឋាការប្រភេទណាដែរ។ តើពួកគេត្រូវអនុវត្តតាមនីតិវិធីអ្វី។ ព័ត៌មានទាំងអស់នេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ»។
លោកស្រីរីកូ ហារីម៉ា ព្រួយបារម្ភពីការកេងប្រវ័ញ្ចកម្លាំងពលកម្មលើពលករចំណាកស្រុកដោយក្រុមហ៊ុនជ្រើសរើសពលករដែលមិនសុច្ចរិត។
លោកស្រីបន្ថែមថា៖
«ដោយសារតែមិនមានព័ត៌មានច្បាស់លាស់សម្រាប់ពលករ យើងឃើញថាមានចន្លោះប្រហោងដ៏ធំសម្រាប់ក្រុមហ៊ុនជ្រើសរើសពលករ ដែលចង់កេងចំណេញពីកង្វះព័ត៌មាននេះ»។
កម្ពុជាគឺជាប្រទេសគោលដៅមួយក្នុងចំណោមប្រទេសអាស៊ីចំនួន៨ ដូចជាចិន វៀតណាម ហ្វីលីពីន និងថៃជាដើម ដែលរំពឹងថា នឹងទទួលផលប្រយោជន៍ពីច្បាប់ថ្មីនេះព្រោះអាចបញ្ជូនពលករជំនាញទៅធ្វើការដោយស្របច្បាប់ទន្ទឹមគ្នានឹងការបន្តកម្មវិធីកម្មសិក្សាដែលមាននាពេលបច្ចុប្បន្ន។
លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់ដល់អង្គប្រជុំមួយកាលពីខែកុម្ភៈថា រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងក្តីព្រួយបារម្ភថា ដំណើរការជួលពលករដោយផ្ទាល់នេះក៏ទំនងជានឹងមិនរារាំងក្រុមហ៊ុនជ្រើសរើសពលករដែលមិនសុច្ចរិតមិនឱ្យគៃបន្លំពលករបានឡើយ។
លោកស្រីជូ ប៊ុនអេង បានស្នើឱ្យមានច្បាប់កំណត់ច្បាស់លាស់ស្តីពីនីតិវិធីជួលបុគ្គលិកដោយផ្ទាល់ និងការបកស្រាយពីតួនាទីនៃទីភ្នាក់ងារជ្រើសរើសបុគ្គលិកទាំងនោះ។
បច្ចុប្បន្នមានពលករកម្ពុជាធ្វើការនៅប្រទេសជប៉ុនចំនួនជាង៩០០០នាក់ ក្រោមកម្មវិធីធ្វើកម្មសិក្សា។ ពួកគេទទួលបានប្រាក់ខែជាមធ្យម១៥០០ដុល្លារ។ ប៉ុន្តែក្រុមអ្នកជំនាញមើលឃើញថា ដោយសារមានការបើកទូលាយជាងមុនក្នុងពេលខាងមុខគឺចំនួនពលករជំនាញគ្រោងនឹងកើនឡើងខ្លាំង។
របាយការណ៍ស្រាវជ្រាវកាលពីឆ្នាំ២០១៦ របស់រដ្ឋាភិបាលជប៉ុន រកឃើញថា ជាង៧០ភាគរយនៃក្រុមហ៊ុនដែលជួលកម្មសិក្សាការីមកពីប្រទេសនានាបានប្រព្រឹត្តសកម្មភាពរំលោភសិទ្ធិមនុស្ស។ កម្មសិក្សាការីខ្លះត្រូវបង្ខំឱ្យធ្វើការជាច្រើនម៉ោង ហើយផ្តល់ប្រាក់កម្រៃតិចជាងកម្រិតអប្បបរិមាដែលច្បាប់តម្រូវ។ អ្នកខ្លះត្រូវបង្ខំឱ្យធ្វើការលើសម៉ោង។ កន្លែងធ្វើការមិនត្រូវតាមនិយាមសុវត្ថិភាព។ ការណ៍នេះជំរុញឱ្យពលកររត់ចេញពីកន្លែងធ្វើការមុនបញ្ចប់កិច្ចសន្យាដែលនាំឱ្យមានការសងសឹកពីថៅកែ។
លោកស្រីរីកូ ហារីម៉ា ថាមិនមានសញ្ញាណាបញ្ជាក់ថា ការប្តូរឋានៈថ្មីនេះនឹងកែលម្អនិងកាត់បន្ថយការរំលោភសិទ្ធិពលករយ៉ាងណាទេ ប៉ុន្តែអ្វីដែលលោកស្រីសង្ឃឹមនោះគឺច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យពលករផ្លាស់ប្តូរការងារនៅក្នុងវិស័យដូចគ្នាបាន។
លោកស្រីរីកូ ហារីម៉ា បន្ថែមទៀតថា៖
«យើងមើលមិនឃើញថា ការផ្តល់ទិដ្ឋាការប្រភេទថ្មីនេះអាចដោះស្រាយបញ្ហាការរំលោភសិទ្ធិពលករដោយក្រុមថៅកែដោយរបៀបណាទេ»។
សកម្មជនថា ការដកយកក្រុមហ៊ុនជ្រើសរើសពលករចេញក៏មិនមែនជាជម្រើសល្អដែរ ដោយសារតែមិនមានព័ត៌មានជាក់លាក់។ ពួកគេស្នើឡើងថា មធ្យោបាយដ៏ល្អគឺការកំហិតចំនួនប្រាក់កម្រៃជើងសារឱ្យបានត្រឹមត្រូវសម្រាប់ក្រុមហ៊ុនអាចយកថ្លៃបាន។ បច្ចុប្បន្ន តម្លៃសម្រាប់ជ្រើសរើសពលករម្នាក់មានចំនួនរហូតដល់៦០០០ដុល្លារដែលជាតម្លៃខ្ពស់។
ក្រុមសកម្មជនសង្ឃឹមថា ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងជប៉ុននិងកម្ពុជានឹងលើកយកបញ្ហានេះមកបញ្ជាក់ឱ្យបានច្បាស់ជាងពេលបច្ចុប្បន្ន។
លោក ហៃ វណ្ណា ពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុនយល់ថា ការផ្តល់ឋានៈឱ្យពលករខ្មែរបានធ្វើជាកម្មករជំនាញ គឺមានលក្ខណៈប្រសើរសម្រាប់ពួកគេទាំងលើផ្នែកជំនាញនិងចំណូល។ ប៉ុន្តែ លោកព្រួយបារម្ភពីការបន្តបាត់បង់ពលរដ្ឋខ្មែរ ដែលបន្តធ្វើចំណាកស្រុកកាន់តែច្រើន។
«អ្វីដែលកត់សម្គាល់គឺថា យុវជននឹងមានការខ្វះខាតច្រើននៅក្នុងប្រទេស។ គាត់មកធ្វើឱ្យសេដ្ឋកិច្ចជប៉ុនកាន់តែប្រសើរឡើង ប៉ុន្តែសេដ្ឋកិច្ចស្រុកខ្មែរយើងវាកើនឡើងខ្លះដែរតាមរយៈការផ្ញើថវិកាទៅដោយប្រយោលគឺមិនដោយផ្ទាល់។ ខ្ញុំមើលឃើញថា វាល្អពាក់កណ្តាលនិងមិនល្អពាក់កណ្តាល»។
លោកហៃ វណ្ណា ក៏មានការព្រួយបារម្ភស្រដៀងគ្នានឹងក្រុមសកម្មជនដែរលើការមិនកំណត់ប្រាក់កម្រៃជើងសារឱ្យបានច្បាស់លាស់ ដែលជាឱកាសសម្រាប់ក្រុមហ៊ុនជ្រើសរើសពលករកេងប្រវ័ញ្ចលើពលករខ្មែរ។
«ខ្ញុំបារម្ភជាងគេ គឺក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់ ដែលគាត់តែងតែធ្វើអ្វីទៅតាមទំនើងចិត្ត មិនមានការមើលការខុសត្រូវឱ្យបានដិតដល់ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះក្រុមហ៊ុននៅជប៉ុន បើច្បាប់គេចែងយ៉ាងម៉េច គឺគេត្រូវអនុវត្តអីចឹងហើយ ប៉ុន្តែនៅមានក្រុមហ៊ុនមួយចំនួន គាត់ធ្វើការនៅជិតបន្ទាត់ក្រហម ប៉ុន្តែគាត់នៅតែអាចស្ថិតនៅក្រោមច្បាប់ជប៉ុន។ ប៉ុន្តែនៅស្រុកខ្មែរពិបាក។ អីចឹងខ្ញុំបារម្ភត្រង់ចំណុចហ្នឹង»។
លោកវណ្ណា ថាផលវិបាកដែលក្រុមហ៊ុនជ្រើសរើសពលករយកកម្រៃច្រើន គឺកម្មសិក្សាការីមិនមានសល់ប្រាក់កម្រៃអ្វីទេ នៅពេលបំពេញការងារនៅជប៉ុនក្នុងរយៈពេលបីឆ្នាំ ហើយប្រឈមនឹងការងារលំបាកជាច្រើន។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមើលឃើញថា វាជា«ឱកាសដ៏ល្អមួយដែលប្រទេសទាំងពីរនឹងទទួលបាននូវផលប្រយោជន៍ទៅវិញទៅមក ជាពិសេសការផ្តល់ប្រាក់ខែខ្ពស់ ចំណេះដឹងនិងវិជ្ជាជីវៈដល់ពលករកម្ពុជា។
មានពលករខ្មែរជិត២លាននាក់បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដែលភាគច្រើនគឺប្រទេសថៃ។ ពួកគេបានផ្ញើប្រាក់មកក្រុមគ្រួសារវិញចំនួនជាង៤០០លានដុល្លារក្នុងឆ្នាំ២០១៨។ នេះបើតាមតួលេខរបស់ធនាគារពិភពលោក។ ប៉ុន្តែតួលេខរបស់រដ្ឋាភិបាលកម្ពុជាថា ចំនួនប្រាក់បញ្ញើមានរហូតដល់២.៣០០លានដុល្លារ៕