នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានប្តេជ្ញាកាលពីថ្ងៃចន្ទថានឹងនៅបន្តកាន់តំណែងទោះបីជាការបោះឆ្នោតភ្លាមៗដែលមានលក្ខណៈប្រថុយប្រថានរបស់លោកមិនសមតាមបំណងរបស់លោកក៏ដោយ ដោយបក្សសម្ព័ន្ធដែលកំពុងកាន់អំណាចរបស់លោកមិនបានទទួលសំឡេងឆ្នោតភាគច្រើនដាច់ខាតជាលើកដំបូងតាំងពីឆ្នាំ ២០០៩ មក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Ishiba បានកំណត់ឲ្យមានការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គឺក្នុងពេលមិនដល់មួយខែផងក្រោយពីលោកបានចូលកាន់តំណែងនៅថ្ងៃទី ១ ខែតុលា។ តែអ្នកបោះឆ្នោតដែលខឹងសម្បានឹងរឿងអាស្រូវពាក់ព័ន្ធនឹងមូលនិធិបម្រុងទុក បានដាក់ទោសបក្សប្រជាធិបតេយ្យសេរីនិយម (LDP) របស់លោក ដែលបានគ្រប់គ្រងប្រទេសជប៉ុនស្ទើរតែឥតដាច់តាំងពីឆ្នាំ ១៩៥៥ មក។
លោក Ishiba អាយុ ៦៧ ឆ្នាំ បានទទូចកាលពីថ្ងៃចន្ទថាលោកនឹងនៅបន្តកាន់តំណែង ដោយនិយាយថាលោកនឹងមិនអនុញ្ញាតឲ្យមាន «តំណែងនយោបាយនៅចំហ» ក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៤ ក្នុងពិភពលោកនេះទេ។
លោកថា កត្តាដ៏ធំជាងគេក្នុងការបោះឆ្នោតនេះគឺ «ការសង្ស័យ ការមិនទុកចិត្ត និងកំហឹងរបស់ប្រជាជន» ក្រោយពីមានរឿងអាស្រូវរបស់បក្សនេះដែលបានធ្វើឲ្យលោក Fumio Kishida ដែលជាអ្នកកាន់តំណែងមុនលោក ធ្លាក់ពីអំណាច។
លោក Ishiba បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ខ្ញុំនឹងអនុវត្តកំណែទម្រង់ជាសារវន្តទាក់ទងនឹងបញ្ហាលុយកាក់និងនយោបាយ»។
យោងតាមការព្យាករណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋជប៉ុន NHK និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត គណបក្ស LDP និងគណបក្ស Komeito ដែលជាគណបក្សតូចជាងនេះនៅក្នុងសម្ព័ន្ធជាមួយគ្នាមិនបានទទួលជ័យជម្នះតាមការចង់បានរបស់លោក Ishiba នូវអាសនៈចំនួន ២៣៣ ដែលជាសំឡេងភាគច្រើននៅក្នុងរដ្ឋសភាជប៉ុនដែលមានអាសនៈសរុបចំនួន ៤៥៦ នោះទេ៕