នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាទល់មុខគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃសុក្រស្អែក ដោយក្នុងនោះ ក្ដីបារម្ភអំពីប្រទេសចិនគឺជារបៀបវារៈចម្បងមួយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកពីររូបបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពីខែមីនា និងបន្ទាប់ពីមានកិច្ចប្រជុំរបស់បណ្ដាមេដឹកនាំនៃក្រុមប្រទេស Quad ដែលជាសម្ព័ន្ធភាពចតុភាគី ដែលមានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌាជាសមាជិក។
ប្រធានបទសំខាន់មួយនៃដំណើរទស្សនកិច្ចនេះ គឺការរួមគ្នាទប់ទល់នឹងចិននៅចំពេលដែលមានក្ដីបារម្ភកើនឡើងទាន់ទិននឹងជំហរយោធារបស់ចិន និងបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។
លោក Kunihiko Miyake នាយកវិទ្យាស្ថានគោលនយោបាយការបរទេសជប៉ុន (Japan's Foreign Policy Institute) បាននិយាយថា នៅក្នុងប្រទេសជប៉ុន ដំណើរទស្សនកិច្ចរបស់លោក Suga ត្រូវបានគេមើលឃើញថាជា «សញ្ញាមួយដែលសហរដ្ឋអាមេរិកបានចាត់ទុកតំបន់អាស៊ីបូព៌ាជាអាទិភាពកំពូលមួយនៃវិស័យការទូតរបស់ខ្លួន»។
លោកបានបន្ថែមថា៖ «ករណីនេះមានន័យថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅពេលឥឡូវនេះមានក្ដីបារម្ភដូចជប៉ុនដែរ ដែលនោះគឺការផ្លាស់ប្តូរយ៉ាងខ្លាំងនៃបរិយាកាសយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីបូព៌ាជាងកាលពីមួយទសវត្សរ៍មុន»។
សេចក្ដីថ្លែងការណ៍រួមរបស់លោក Biden និងលោក Suga ត្រូវគេរំពឹងថានឹងបញ្ជាក់ឡើងវិញថា បណ្ដាកោះដែលគ្រប់គ្រងដោយជប៉ុនគឺត្រូវបានការពារនៅក្រោមសន្ធិសញ្ញាសន្តិសុខរវាងប្រទេសជប៉ុននិងសហរដ្ឋអាមេរិក។ សេចក្ដីថ្លែងការណ៍រួមនោះក៏អាចលើកឡើងអំពីក្ដីបារម្ភរឿងសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុងនិងនៅក្នុងតំបន់ Xinjiang ផងដែរ៕