កងទ័ពជើងទឹករបស់ហ្វីលីពីននិងជប៉ុនបានធ្វើសមយុទ្ធរួមគ្នាជាលើកទី១របស់ខ្លួនកាលពីថ្ងៃសុក្រនៅក្នុងសមុទ្រចិនខាងត្បូង នៅពេលដែលសម្ព័ន្ធមិត្តទាំង២របស់សហរដ្ឋអាមេរិកនេះបង្កើនចំណងទាក់ទងសន្តិសុខនៅក្នុងការប្រឈមការដាក់សម្ពាធកើនឡើងពីប្រទេសចិន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
សមយុទ្ធនេះកើតមានឡើងបន្ទាប់ពីការចុះហត្ថលេខាមិនដល់មួយខែផងលើកិច្ចព្រម ព្រៀងរវាងរដ្ឋាភិបាលក្រុងម៉ានីលនិងរដ្ឋាភិបាលក្រុងតូក្យូដើម្បីអនុញ្ញាតឱ្យដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់ប្រទេសផងខ្លួនទៅវិញទៅមក។
នាវាពិឃាតរបស់ជប៉ុនJS Sazanami និងកងនាវាបំពាក់ដោយកាំជ្រួចមីស៊ីលហ្វីលី ពីនឈ្មោះBRP Jose Rizal បានចូលរួមនៅក្នុង«សកម្មភាពកិច្ចសហការនាវាចរណ៍» ទ្វេភាគីលើកទី១របស់ប្រទេសទាំង២។ នេះបើតាមការបញ្ជាក់របស់យោធាហ្វីលីពីននៅក្នុងសេចក្តីថ្លែងការណ៍មួយ។
សេចក្តីថ្លែងការណ៍នោះបានបន្តទៀតថា«សកម្មភាពនេះជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងដែលបន្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់និងអន្តរជាតិឆ្ពោះទៅ សម្រេចឲ្យបានតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរ។
នាវារបស់ប្រទេសទាំង២បានធ្វើសមយុទ្ធទាក់ទងគ្នានិងអនុវត្តសមយុទ្ធយុទ្ធសាស្ត្រនៅក្នុងសមុទ្រហ្វីលីពីនខាងលិច ជាឈ្មោះដែលរដ្ឋាភិបាលហ្វីលីពីនហៅផ្នែកខ្លះនៃសមុទ្រចិនខាងត្បូងដែលនៅជិតបំផុតនៅឆ្នេរសមុទ្រហ្វីលីពីន។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថាសមយុទ្ធរួមនេះ«លើកដំកើងសមត្ថភាពយុទ្ធ សាស្ត្ររបស់កងនាវាហ្វីលីពីននិងជប៉ុនដើម្បីពង្រឹងចំណងទាក់ទងឱ្យខ្លាំងនិងការតាំង ចិត្តរវាងគ្នាទៅវិញទៅមកដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់»។
អ្នកនាំពាក្យយោធាហ្វីលីពីនលោក Xerxes Trinidad បាននិយាយថាក្នុងអំឡុងនៃសម យុទ្ធនោះ នាវាចម្បាំងចិនធន់ Jiangdaoមួយគ្រឿងបានត្រូវគេសង្កេតឃើញនៅក្នុងតំបន់មួយដែលស្ថិតនៅចម្ងាយប្រហែល៧គីឡូម៉ែត្រ និងនាវាចម្បាំងធន់ Jiangkai បានត្រូវគេសង្កេតឃើញនៅក្នុងតំបន់មួយដែលស្ថិតនៅចម្ងាយប្រហែល៩គីឡូម៉ែត្រ។
លោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថានាវាចំបាំងចិនទាំងពីរគ្រឿងនោះបានត្រូវគេសង្កេតឃើញនៅតាមពីក្រោយ ក៏ប៉ុន្តែ មិនបានជ្រៀតជ្រែកសមយុទ្ធនោះទេ៕