រដ្ឋាភិបាលជប៉ុនបន្តធានាអះអាងដល់ប្រជាពលរដ្ឋថាវិបត្តិនុយក្លេអ៊ែរដែលកំពុងរឹតតែធ្ងន់ធ្ងរទៅមិនចោទជាការគម្រាមកំហែងពីវិទ្យុសកម្មដល់អ្នកទាំងឡាយណាដែលបាននៅខាងក្រៅតំបន់ជនភៀសខ្លួនដែលគេបានបង្កើតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនមនុស្សទាំងអស់គ្នាជឿការអះអាងរបស់រដ្ឋាភិបាលនោះទេ។ ប្រជាពលរដ្ឋមួយក្រុមតូចមានការព្រួយបារម្ភពីចំណាត់ការនេះ។
ប្រជាពលរដ្ឋជប៉ុនក្រោកពីដំណេកនៅព្រឹកថ្ងៃពុធដោយទទួលបានព័ត៌មានអាក្រក់កាន់តែច្រើនឡើង គឺការកើនឡើងកម្រិតជាតិវិទ្យុសកម្មនៅរោងចក្រថាមពលនុយក្លេអ៊ែដែលខូចនិងផ្សែងពណ៌សចេញពីអគារផ្ទុកម៉ាស៊ីនរ៉េអាក់ទ័រ (Reactor) មួយរបស់រោងចក្រនោះ។
ចំពោះមនុស្សខ្លះព័ត៌មាននេះជារឿងច្រើនហួសហេតុ។
នៅស្ថានីយ៍រថភ្លើងក្នុងទីក្រុងតូក្យូ មនុស្សមួយក្រុមតូចកំពុងដើរបន្តបន្ទាប់គ្នាឆ្ពោះទៅកាន់រថភ្លើងល្បឿនលឿន ដើម្បីធ្វើដំណើរទៅទិសខាងលិចដែលស្ថិតនៅឆ្ងាយពីរដ្ឋធានីនិងរោងចក្រនុយក្លេអ៊ែរ។
លោក Satoshi Makishima កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងអូសាកា ដែលជាទីក្រុងធំបង្អស់ទី២របស់ជប៉ុន ជាមួយមិត្តស្រីរបស់គាត់ហើយនិងឆ្មារបស់នាង។
លោកនិយាយថា លោកមានការភ័យខ្លាចអំពីបញ្ហានុយក្លេអ៊ែរហើយគិតថារដ្ឋាភិបាលនិងក្រុមហ៊ុនថាមពល កំពុងបង្ហាញព័ត៌មានតែ៨០ភាគរយនៃបញ្ហានេះតែប៉ុណ្ណោះ»។
ជនបរទេសដែលរស់នៅជប៉ុនក៏បានចាកចេញពីប្រទេសនោះដែរ។ លោក នីក ស្តាន់ត្សូស (Nick Stantzoz) ធ្វើដំណើរតាមរថភ្លើងទៅអាកាសយានដ្ឋាន ដើម្បីទៅផ្ទះរបស់លោកនៅប្រទេសក្រិក។
«តាមដែលខ្ញុំមើលឃើញ ស្ថានភាពនឹងមិនប្រសើរឡើងនោះទេ។ ទោះបីជាខ្ញុំគិតថា វានឹងមិនក្លាយជាបញ្ហាធំនៅទីបញ្ចប់នោះក៏ដោយ គ្រួសាររបស់ខ្ញុំនៅប្រទេសខ្ញុំប្រាកដជាមានការព្រួយបារម្ភហើយខ្លួនខ្ញុំក៏ព្រួយបារម្ភដែរ។ បី បួនថ្ងៃចុងក្រោយនេះពិតជាធ្វើឲ្យខ្ញុំមានការតានតឹងក្នុងចិត្តយ៉ាងខ្លាំង»។
ស្ថាតទូតបរទេសក្នុងទីក្រុងតូក្យូកំពុងឃ្លាំមើលពីស្ថានការណ៍នេះយ៉ាងដិតដល់។ ទាំងសហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេសប្រាប់ឲ្យដឹងថាអ្នកឯកទេសរបស់ខ្លួនបានយល់ស្របនឹងវិធានការនានាដែលពួកអាជ្ញាធរជប៉ុនបានធ្វើ។
ទោះជាយ៉ាងណាក៏ដោយ ជនបរទេសជាច្រើនដែលបានចាត់ទុកប្រទេសជប៉ុនដូចជាស្រុករបស់ខ្លួនទៅហើយនោះ នៅមានការព្រួយបារម្មណ៍៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន