មន្ត្រីកងទ័ពជើងទឹកកំពូលប្រទេសជប៉ុនបាននិយាយថា រដ្ឋាភិបាលក្រុងតូក្យូគ្មានគម្រោងធ្វើប្រតិបត្តិការយោធាដោយខ្លួនឯង ឬជាមួយកងទ័ពជើងទឹកសរអាដើម្បីទាមទារសេរីភាពនាវាចរណ៍ក្នុងតំបន់សមុទ្រចិនខាងត្បូងទេ ដែលរឿងនេះ ជារឿងផ្ទុយពីអត្ថាធិប្បាយពីលើកមុន របស់រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន Tomomi Inada។
មេបញ្ជការកងទ័ពជើងទឹក លោក Takei បានថ្លែងនៅសប្តាហ៍នេះថា បើទោះជាជប៉ុនគាំទ្រសរអាចំពោះ សេរីភាពផ្នែកនាវាចរណ៍លើសមុទ្រចិនខាងត្បូង តែខ្លួនគ្មានគម្រោងធ្វើប្រតិបត្តិការល្បាតរួមគ្នាផ្នែកកងទ័ពជើងទឹកក្នុងតំបន់ដែរ។ កាលពីដើមខែកញ្ញា រដ្ឋមន្ត្រីការពារប្រទេសជប៉ុនថ្លែងថា ប្រទេសជប៉ុនអាចនឹងបង្កើនវត្តមានយោធាខ្លួននៅលើផ្ទៃសមុទ្រចិនខាងត្បូង តាមរយៈការល្បាតជាបន្តបន្ទាប់ដើម្បីផ្តល់ការគាំទ្រ សរអា និងសម្ព័ន្ធមិត្តខ្លួន។
លោក Takei និងក្រុមមន្ត្រីកងទ័ពជើងទឹកផ្សេងទៀត បានចូលរួមក្នុងកិច្ចប្រជុំ មួយ កាលពីថ្ងៃច័ន្ទនៅទីភ្នាក់ងារជាតិនៃការសិក្សាតំបន់អាស៊ីក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕