ជប៉ុននិងសហភាពអឺរ៉ុបបានប្រកាសភាពជាដៃគូដ៏ធំមួយផ្នែកសន្តិសុខនិងការការពារនៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុនកាលពីថ្ងៃសុក្រ ដោយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បានសរសើរថាជាវិធានការប្រវត្តិសាស្ត្រនិង «ទាន់ពេលវេលា»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAFP។
លោក Borrell និងលោក Takeshi Iwaya ដែលជាសមភាគីជប៉ុនរបស់លោក បានបង្ហាញកិច្ចព្រមព្រៀងនេះដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើសមយុទ្ធយោធារួម ការផ្លាស់ប្តូរព័ត៌មានទាក់ទិននឹងវិស័យការពារជាតិ និងសន្តិសុខអវកាស ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
លោក Borrell បានមានប្រសាសន៍ថា៖ «ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងដែលបានស្ថិតនៅទីនេះជាមួយលោករដ្ឋមន្ត្រី Iwaya ដើម្បីប្រកាសភាពជាដៃគូសន្តិសុខនិងការការពាររវាងសហភាពអឺរ៉ុបនិងជប៉ុន»។
លោកថានេះជា «កិច្ចព្រមព្រៀងប្រភេទនេះដំបូងបង្អស់» ដែលសហភាពអឺរ៉ុបបានធ្វើជាមួយប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងថាវាជាកិច្ចព្រមព្រៀង «ប្រវត្តិសាស្ត្រនិងទាន់ពេលវេលា»។
លោក Borrell បានប្រាប់អ្នកយកព័ត៌មានថា «យើងរស់នៅក្នុងពិភពលោកមួយប្រកបដោយគ្រោះថ្នាក់» ហើយ «ដោយសារស្ថានភាពនៅក្នុងតំបន់ទាំងពីររបស់យើង គ្រោងការណ៍នយោបាយនេះបានបង្កើនសមត្ថភាពរបស់យើងកាន់តែជ្រាលជ្រៅបន្ថែមទៀតដើម្បីដោះស្រាយជាមួយគ្នានូវបញ្ហាគំរាមកំហែងនានាដែលលេចឡើង»៕