ប្រទេសកម្ពុជានិងជប៉ុនបានចុះហត្ថលេខាលើអនុស្សារណៈ ស្តីពីការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញទៅធ្វើការដោយស្របច្បាប់ និងជាការបង្កើនទីផ្សារការងារ និងឱកាសដល់ពលករកម្ពុជា។
ការចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពីការបញ្ជូនពលករជំនាញបានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ រវាងលោក សេង សក្តា អគ្គនាយកដ្ឋានការងារ និងលោកស្រី Shoko SASAKI អគ្គនាយកអន្តោប្រវេសន៍ជប៉ុន ដោយមានការចូលរួមជាអធិបតីភាព ដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន។
ក្រសួងយុត្តិធម៌ជប៉ុនបញ្ជាក់តាមគេហទំព័ររបស់ខ្លួនថា នីតិវិធីក្នុងការជ្រើសរើសថ្មីនេះនឹងលុបបំបាត់ឈ្មួញកណ្តាល ហើយជប៉ុននឹងខិតខំជំរុញឱ្យមានការបញ្ជូន និងទទួលយកដោយរលូនទាំងការទទួលបានព័ត៌មានពីពលកម្ម និងប្រាក់បៀវត្សរ៍ ក៏ដូចជាព័ត៌មានពីការរំលោភសិទ្ធិមនុស្សនានា។
លោក អ៊ិត សំហេង លើកឡើងថា តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ពលករជំនាញកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចាប់យកឱកាសនេះ ដើម្បីជាផលប្រយោជន៍សម្រាប់ផ្ទាល់ខ្លួននិងកម្ពុជា។ នេះបើតាមការសេចក្តីថ្លែងការណ៍របស់ក្រសួងការងារ។
ការអនុញ្ញាតឱ្យមានពលករជំនាញនេះកើតឡើង ក្រោយពីប្រទេសជប៉ុនបានធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍ ដែលនឹងចូលជាធរមាន នៅខែមេសាខាងមុខ ដោយបើកឱកាសឱ្យក្រុមហ៊ុនជប៉ុនជួលកម្មករជំនាញដោយផ្ទាល់ពីប្រទេសនានា ដើម្បីបំពេញកង្វះខាតកម្លាំងពលកម្មក្នុងស្រុក ដោយសារតែពលរដ្ឋជប៉ុនមានវ័យចំណាស់កាន់តែច្រើន ហើយក៏ដោយសារតែរដ្ឋាភិបាលជប៉ុនទទួលស្គាល់ថា មានការយកថ្លៃខ្ពស់ពីភ្នាក់ងារជ្រើសរើសពលករ ដែលនាំឱ្យពួកគេជំពាក់បំណុលច្រើន និងចាកចោលពីការងារមុនពេលបញ្ចប់កិច្ចសន្យា។
ប្រទេសគោលដៅនៅប្រទេសអាស៊ីចំនួន ៩ ដែលមាន កម្ពុជា ចិន វៀតណាម ហ្វីលីពីន នេប៉ាល់ ភូមា ឥណ្ឌូណេស៊ី ម៉ុងហ្កោលី និងថៃ ត្រូវគេរំពឹងថា នឹងទទួលផលប្រយោជន៍ពីច្បាប់ថ្មីនេះ ព្រោះប្រទេសទាំងនេះអាចបញ្ជូនពលករជំនាញទៅធ្វើការដោយស្របច្បាប់ ទន្ទឹមគ្នានឹងការបន្តកម្មវិធីកម្មសិក្សា ដែលមាននាពេលបច្ចុប្បន្ន។ ប្រទេសជប៉ុនរំពឹងថានឹងទទួលពលករជំនាញចំនួន ៣៤៥.១៥០ នាក់ ក្នុងរយៈពេល៥ ឆ្នាំ ដំបូងសម្រាប់ធ្វើការនៅផ្នែកថែទាំមនុស្សចាស់ សំអាតអគារ ផលិតគ្រឿងបន្លាស់ គ្រឿងរថយន្ត គ្រឿងអគ្គិសនី និងសំណង់ជាដើម។
បច្ចុប្បន្នមានពលករកម្ពុជាធ្វើការនៅប្រទេសជប៉ុនចំនួនជាង ៩០០០ នាក់ ក្រោមកម្មវិធីធ្វើកម្មសិក្សា។ ពួកគេទទួលបានប្រាក់ខែជាមធ្យមចំនួន ១៥០០ដុល្លារ។ ក្រុមអ្នកជំនាញមើលឃើញថា ដោយសារមានការបើកទូលាយជាងមុនក្នុងពេលខាងមុខ គឺចំនួនពលករជំនាញនឹងកើនឡើងខ្លាំង។
ប៉ុន្តែ សកម្មជនសិទ្ធិពលករសម្តែងការព្រួយបារម្ភថា ការផ្លាស់ប្តូរថ្មីនេះក៏នៅតែមិនអាចដោះស្រាយបញ្ហាកេងប្រវ័ញ្ចលើកម្លាំងពលកម្មរបស់ពលករជំនាញឡើយ ប្រសិនបើមិនបានកំណត់ច្បាស់លាស់លើនីតិវិធីនៃការជ្រើសរើសបុគ្គលិក និងការកំណត់លក្ខខណ្ឌនៃការងារទេ។
លោកស្រី រីកូ ហារីម៉ា នៃបណ្តាញពលករចំណាកស្រុកតំបន់មេគង្គធ្លាប់បានសម្តែង ការព្រួយបារម្ភពីការកេងប្រវ័ញ្ចកម្លាំងពលកម្មលើពលករចំណាកស្រុក ដោយក្រុមហ៊ុនជ្រើសរើសពលករដែលមិនសុច្ចរិត។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកជំនាញខាងពលករចំណាកស្រុក បានរិះគន់គោលនយោបាយរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបញ្ជូនពលករចេញក្រៅប្រទេស ដោយចាត់ទុកថា វាធ្វើឱ្យខ្សោះធនធានមនុស្សនៅក្នុងប្រទេស។ យ៉ាងណាក៏ដោយ លោកស្រីយល់ថា ជម្រើសបញ្ជូនពលករទៅប្រទេសជប៉ុននិងកូរ៉េខាងត្បូងល្អ ប៉ុន្តែក៏នៅតែព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេ។
លោកស្រីមានប្រសាសន៍ថា៖ «ទោះបីយល់ឃើញអីចឹងក៏ដោយ ក៏នៅតែព្រួយបារម្ភ។ តើក្រុមហ៊ុនដែលជ្រើសរើសពលករ និងនាំពលករយើងទៅប្រទេសកូរ៉េក្តី ទៅប្រទេសជប៉ុនក្តី ជាក្រុមហ៊ុនស្អាតស្អំ មានតម្លាភាពពិតប្រាកដ មានស្តងដារអន្តរជាតិក្នុងការដឹកជញ្ជូនរៀបចំឱ្យពលករចំណាកស្រុក ដោយយកផលប្រយោជន៍ពលករជាធំ មិនមែនយកផលក្រុមហ៊ុនជាធំ?»
របាយការណ៍ស្រាវជ្រាវកាលពីឆ្នាំ ២០១៦ របស់រដ្ឋាភិបាលជប៉ុនបានរកឃើញថា ជាង៧០ ភាគរយ នៃក្រុមហ៊ុនដែលជួលកម្មសិក្សាការីមកពីប្រទេសនានា បានប្រព្រឹត្តសកម្មភាពរំលោភសិទ្ធិមនុស្ស។
កម្មសិក្សាការីខ្លះត្រូវបង្ខំឱ្យធ្វើការជាច្រើនម៉ោង ហើយផ្តល់ប្រាក់កម្រៃតិចជាងកម្រិតអប្បបរិមា ដែលច្បាប់តម្រូវ។ អ្នកខ្លះត្រូវបង្ខំឱ្យធ្វើការលើសម៉ោង។ កន្លែងធ្វើការមិនត្រូវតាមនិយាមសុវត្ថិភាព។ ការណ៍នេះជំរុញឱ្យពលកររត់ចេញពីកន្លែងធ្វើការ មុនបញ្ចប់កិច្ចសន្យាដែលនាំឱ្យមានការសងសឹកពីថៅកែ។
នាង ស៊ៀ ណៃគួយ ជាអតីតកម្មសិក្សាការីខ្មែរនៅប្រទេសជប៉ុន ដែលបានរត់ចោលការងារ ដោយសារស្ថានភាពលំបាកពេក សង្ឃឹមថា ការសម្រួលទិដ្ឋាការថ្មីនេះនឹងមានផលដល់ខ្លួនផងដែរ។
នាងបានលើកឡើងថា៖ «អ្វីដែលពួកខ្ញុំមានសព្វថ្ងៃហ្នឹង ព្រោះអីពួកខ្ញុំទោះជាធ្វើការកន្លែងណាក៏ដោយ ក៏គេមិនដែលផ្តល់អាទិភាពដល់ពួកយើង ដូចជាកម្មករពេញសិទ្ធិពួកគេទេ។ ដូច្នេះពួកខ្ញុំអត់ចង់បានអ្វីដែលមិនច្បាស់លាស់ពិតប្រាកដ ហើយខ្ញុំចង់ផ្លាស់ប្តូរវិសារពួកខ្ញុំ ឱ្យទៅជាវិសារអ្វីមួយ ដែលជាក់លាក់ មិនដូចជាសព្វថ្ងៃនេះទេហើយខ្ញុំសង្ឃឹមថា ទៅថ្ងៃមុខទៀត រដ្ឋាភិបាលជប៉ុនជួយផ្លាស់ប្តូរវីសារពួកខ្ញុំពីជនភៀសខ្លួនទៅជាវីសារច្បាស់លាស់ពិតប្រាកដ»។
ក្រសួងការងារក៏បានបញ្ជាក់ថា ក្នុងបេសកកម្មរយៈពេល ៤ ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ លោករដ្ឋមន្ត្រីការងារក៏បានជួបពិភាក្សាជាមួយនឹងដៃគូនៅអង្គការជប៉ុន ដើម្បីសុំជួយផ្សព្វផ្សាយធ្វើយ៉ាងណាឱ្យមានការគ្រប់គ្រង និងការការពារផលប្រយោជន៍ពលករកម្ពុជា ស្របតាមច្បាប់នៃប្រទេសទាំងពីរ៕