ថ្ងៃ៧មករា និងថ្ងៃទី២៣តុលានៅតែជាស្នូលវោហាសាស្ដ្រនយោបាយរបស់គណបក្សធំៗទាំងពីររបស់ប្រទេសកម្ពុជា។ ប៉ុន្តែអ្នកវិភាគបានហៅការប្រើប្រាស់វោហាសាស្ដ្រនេះថា មិនមែនជាទ្រឹស្តីសម្រាប់ពង្រឹងសន្ទុះសេដ្ឋកិច្ចនោះទេ។
តំណាងរាស្ដ្រនៃគណបក្សប្រជាជនកម្ពុជា និងតំណាងរាស្ដ្រមកពីគណបក្សសង្គ្រោះជាតិបានបង្ហាញជំហរផ្ទុយគ្នាយ៉ាងច្បាស់លើព្រឹត្តិការណ៍ទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែតុលា នៅចំពោះមុខក្រុមសកម្មជនដែលបានរំឭកខួបទី២៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកស្រី ឡោ ខេង ជាតំណាងរាស្ដ្រមកពីគណបក្សប្រជាជនកម្ពុជាក្នុងគណៈកម្មការទី១ដែលជាគណៈកម្មការទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា។
លោកស្រីមានប្រសាសន៍ថា ថ្ងៃទី៧មករាគឺជាថ្ងៃខួបកំណើតទី២របស់ប្រជាពលរដ្ឋកម្ពុជា។
«មានថ្ងៃ៧មករាទើបមានថ្ងៃទី២៣តុលា»។
ត្រង់ចំណុចនេះបញ្ជាក់ឲ្យឃើញច្បាស់ថា អ្នកនយោបាយរបស់គណបក្សប្រជាជនកម្ពុជាចាត់ទុកថា ថ្ងៃ៧មករាគឺជាថ្ងៃប្រវត្តិសាស្ត្រជំហានដំបូងនៃទំព័ររបបគ្រប់គ្រងថ្មី ក្រោយពីរបបកាប់សម្លាប់របស់ពួកខ្មែរក្រហម។
ប៉ុន្តែសម្រាប់លោកហូ វ៉ាន់ ប្រធានគណៈកម្មការទទួលពាក្យបណ្តឹង អង្កេតនិងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភាខាងគណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់នៅក្នុងរដ្ឋសភា យល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាការកត់សម្គាល់ពីរបត់សង្គមក្រោយពីថ្ងៃ៧មករាឆ្ពោះទៅរករបបសង្គមសេរី មានឯកភាពជាតិ បូរណភាពទឹកដី អធិបតេយ្យភាព រួមទាំងឆ្ពោះទៅរកការរីកចម្រើន។
«២៣តុលាជាថ្ងៃប្រវតិ្តសាស្ត្រដ៏មានតម្លៃបំផុតនៅក្នុងចំណោមថ្ងៃបុណ្យជាតិនានា គឺអត្ថន័យទទួលបានប្រជាធិបតេយ្យ និងសេរីភាព អត្ថន័យអភិវឌ្ឍន៍ប្រទេសជាតិ»។
ភាពប្រទាញប្រទង់បែបនេះតែងតែកើតឡើងយ៉ាងហោចណាស់មួយឆ្នាំម្តងគឺនៅចំថ្ងៃទី២៣ខែតុលា។ ក៏ប៉ុន្តែគេច្រើនតែឮយ៉ាងញឹកញាប់ស្ទើរតែមិនដាច់ពីត្រចៀកពីការរំឭកគុណូបរការៈរបស់ថ្ងៃ៧មករា ជាពិសេសរាល់ពេលមានការរៀបចំការបោះឆ្នោតម្តងៗ។
ប៉ុន្តែប្រសិនបើគេស្រង់យកទស្សនៈចម្រុះមកឆ្លុះបញ្ចាំង ថ្ងៃ៧មករាបាននាំមកនូវការកត់សម្គាល់ពីរយ៉ាងដែលមិនអាចប្រកែកបាន គឺទី១ យ៉ាងជាក់ស្តែងនោះ ថ្ងៃ៧មករាបានកត់ត្រាជ័យជំនះលើពួកខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯងអស់ជិត២លាននាក់ ហើយបាននាំឲ្យមានការផ្លាស់ប្តូររមករករបបមួយដែលប្រជាពលរដ្ឋអាចមានសិទ្ធិរស់រានមានជីវិតឡើងវិញ។ រីឯការកត់សម្គាល់ម្យ៉ាងទៀតគឺទាក់ទងនឹងការចោទប្រកាន់ក្នុងការចូលលុកលុយនិងត្រួតត្រារបស់កងទ័ពវៀតណាម។ ការកត់សម្គាល់ទី២នេះសំអាងលើការដឹកជញ្ជូននូវធនធានមួយចំនួនរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម។ ធនធានទាំងនេះដែលប្រមូលបានក្រោយពីពួកខ្មែរក្រហមបានដួលរលំ រួមទាំងធនធានព្រៃឈើត្រូវដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាមរួមទាំងការចោទប្រកាន់អំពីការប្រើប្រាស់នយោបាយ និងការត្រួតត្រារយៈពេលយូររបស់ប្រទេសវៀតណាម និងការដាក់ប្រព័ន្ធត្រួតពិនិត្យរដ្ឋបាលរបស់ក្រុមអ្នកជំនាញការ។
ប៉ុន្តែការចោទប្រកាន់ត្រង់ចំណុចទី២នេះមិនមែនជាការយល់ឃើញនិងការផ្តល់តម្លៃរបស់គណបក្សប្រជាជនកម្ពុជាចំពោះថ្ងៃ៧មករាទេ។
អ្វីដែលគណបក្សប្រជាជនកម្ពុជាលើកយកមកនិយាយនោះគឺ«ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរ»។ ហើយសារទាំងនេះបានក្រើនរំឭកដល់ប្រជាពលរដ្ឋកម្ពុជាឲ្យចងចាំថា គឺគណបក្សប្រជាជនកម្ពុជាជាអ្នកស្រោចស្រង់ជីវិតពលរដ្ឋពីការកាប់សម្លាប់របស់ពួកខ្មែរក្រហម។ សារនេះមានប្រសិទ្ធភាពជាច្រើនលើការចងចាំនិងលើការបោះឆ្នោតជាច្រើនទសវត្សមកហើយ។
ប៉ុន្តែចង់ឬមិនចង់ ទ្រឹស្តីនយោបាយដោយទន្ទេញចាំមាត់អំពីថ្ងៃ៧មករានេះទំនងជាមានការប្រែប្រួលប្រសិទ្ធភាពតាមរយៈការបោះឆ្នោតចុងក្រោយនេះ កាលពីឆ្នាំ២០១៣ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចអស់រយៈពេលជាងបីទសវត្សបានបាត់បង់សំឡេងគាំទ្រចំនួន២២អាសនៈនៅក្នុងរដ្ឋសភា។
ដោយឡែកសម្រាប់ថ្ងៃទី២៣ខែតុលាដែលជាថ្ងៃបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាកិច្ចព្រមព្រៀងដែលនាំសន្តិភាពដល់ប្រទេសកម្ពុជាដើម្បីបញ្ចប់រាល់ជម្លោះផ្ទៃក្នុងនៃភាគីប្រដាប់អាវុធនានា និងនាំឲ្យមានការបោះឆ្នោតដោយសេរី និងពហុបក្សនៅកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិ។
កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយប្រទេសចំនួន១៨ក៏បានសំដៅលើការបង្កើតប្រព័ន្ធយុត្តិធម៌ឯករាជ្យ ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការធានានូវបូរណភាពទឹកដីនិងការមិនជ្រៀតជ្រែកពីប្រទេសជិតខាង។
ក៏ប៉ុន្តែអ្វីមួយដែលមានការចោទប្រកាន់ពីភាពអវិជ្ជមាននោះគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានអនុញ្ញាតឲ្យភាគីខ្មែរក្រហមចូលក្នុងភាគីមួយក្នុងកិច្ចព្រមព្រៀងនេះ។ ពួកខ្មែរក្រហមដែលដិតដាមដោយរឿងអាស្រូវសម្លាប់ប្រជាពលរដ្ឋខ្មែរខ្លួនឯង។
លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មើលឃើញថា ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិប្រើប្រាស់ថ្ងៃ៧មករាដូចគ្នាសម្រាប់ធ្វើនយោបាយ។ ដោយឡែកគណបក្សសង្គ្រោះជាតិលើកតម្លៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថា ជាថ្ងៃដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមជាតិ។
«គណបក្សប្រជាជនគាត់ចង់ធ្វើម៉េចថែរក្សាការដឹងគុណថ្ងៃ៧មករា អញ្ចឹងទៅដែលជាថ្ងៃមួយដែលគាត់បកស្រាយថា ជាថ្ងៃបញ្ចប់របស់ពួកខ្មែរក្រហម។ រីឯគណបក្សប្រឆាំងតែងតែធ្វើម៉េចដើម្បីលុបចោលថ្ងៃនោះ ហើយបន្ទោសថា ថ្ងៃនោះជាថ្ងៃដែលវៀតណាមចូលធ្វើអាណានិគមនៅកម្ពុជា។ ដូច្នេះក៏ព្យាយាមជំរុញការដូរដែលនាំឲ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ មានការរួបរួមគ្នាគឺ ថ្ងៃ២៣ខែតុលា»។
ថ្វីបើយ៉ាងដូច្នេះក្តី លោកអ៊ូ វីរៈស្នើឲ្យគណបក្សទាំងពីរដែលមានជំហរផ្ទុយគ្នានោះពិនិត្យឡើងវិញ ហើយទទួលស្គាល់ការណ៍ពិតមួយនៅជុំវិញភាពខ្វែងគំនិតនេះ។
«អ្នកនយោបាយគួរតែទទួលស្គាល់ថ្ងៃ៧មករាជាថ្ងៃបញ្ចប់របបខ្មែរក្រហមផង និងជាថ្ងៃដែលប្រទេសវៀតណាមធ្វើអាណានិគមន៍លើប្រទេសកម្ពុជាផង គឺក្នុងន័យនៃប្រវត្តិសាស្ដ្រជាក់ស្តែង និងកុំយកមកបំភ្លៃដើម្បីផលប្រយោជន៍នយោបាយរៀងៗខ្លួន។ ខ្ញុំយល់ថា អាចទទួលយកបានទាំងសងខាង។ ខ្ញុំយល់ថា ថ្ងៃទី២៣ខែតុលាក៏ជាថ្ងៃសំខាន់។ ចំពោះខ្ញុំ ថ្ងៃទាំងពីរគឺជាថ្ងៃប្រវត្តិសាស្ដ្ររបស់ខ្មែរយើង ដែលខ្មែរយើងគួរតែស្វែងយល់ ហើយគួរតែជជែកគ្នាដើម្បីដោះស្រាយបញ្ហាជាតិដែលប្រឈម»។
រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានចាត់ទុកថា ថ្ងៃ៧មករានិងថ្ងៃទី២៣តុលាជាថ្ងៃបុណ្យជាតិ។ ក៏ប៉ុន្តែក្រោយមកទៀត រដ្ឋាភិបាលបានលុបថ្ងៃទី២៣ខែតុលាពីបញ្ជីបុណ្យជាតិដែលប្រជាពលរដ្ឋមានសិទ្ធិឈប់សម្រាកពីការងារ។ ការបកស្រាយជាច្រើនបានកើតឡើង នៅពេលនោះដោយយកមូលហេតុថា ទំនងជាដោយសារមូលហេតុនយោបាយ ដែលរដ្ឋាភិបាលស្វែងរកផលចំណេញលើអ្វីដែលជាស្នាដៃប្រវត្តិសាស្ដ្ររបស់គណបក្សប្រជាជនកម្ពុជា និងព្រឹត្តិការណ៍ដែលផ្តល់ផលចំណេញផ្នែកនយោបាយដល់បក្សគូប្រជែងរបស់ខ្លួន។
ផ្ទុយទៅវិញ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាតែងតែពន្យល់ថា ថ្ងៃ២៣តុលាគ្រាន់តែជា«កូនមួយដែលកើតឡើងដោយថ្ងៃ៧មករា»តែប៉ុណ្ណោះ។ នោះគឺមានន័យថា ថ្ងៃ៧មករានៅតែជាថ្ងៃដែលមានតម្លៃលើសលុប។
សរុបឲ្យខ្លីមកវិញ ទាំងថ្ងៃ៧មករា ទាំងថ្ងៃ២៣តុលាសុទ្ធតែបង្ហាញនូវគុណសម្បត្តិ និងគុណវិបត្តិនៅក្នុងនោះដូចគ្នា គ្រាន់តែមានកម្រិត និងសណ្ឋានធ្ងន់ ឬស្រាលជាងគ្នាតែប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្នកនយោបាយជំទាស់ និងសង្គមស៊ីវិលជាច្រើនយល់ថា ថ្ងៃ២៣តុលាបានបង្វែរប្រទេសកម្ពុជាពីរបត់មួយដែលស្ថិតក្រោមការរិះគន់ថា គ្រប់គ្រងដោយរបបបែបកុម្មុយនិស្ត ហើយប្តូរទៅជារបបសេរីនិយមបែបប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារ៕