តន្ត្រី​ករ​កាម៉េរូន​ជាប់​ពន្ធនាគារ​ប្រើ​តន្រ្តី​ដើម្បី​​សេរីភាព​​​​បញ្ចេញ​​មតិ

ថាសអាល់ប៊ុមចម្រៀងរបស់លោក ឡាពីរ៉ូ ដឺ បានហ្កា (Lapiro de Mbanga)​

លោក ឡាពីរ៉ូ ដឺ បានហ្កា (Lapiro de Mbanga)​ ដែល​ជា​តន្រ្តី​ករ​មួយ​រូបដ៏​ល្បី​ល្បាញ និង​ចម្រូងចម្រាស់​បំផុតរបស់​ប្រទេស​កា​ម៉េ​រូន ​ចំណាយ​ពេល​ក្នុងទិវាសេរីភាព​តន្រ្តី​អន្តរជាតិ (International Music Freedom Day) ប្រចាំ​ឆ្នាំ​លើក​ទី​៥ ក្នុង​ឆ្នាំ​នេះ នៅ​ឯតុលាការ​ឌួអល់ឡា (Douala) ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​មន្ទីរ​ឃុំ​ឃាំង​របស់​លោក។ លោក ឡាពីរ៉ូ កំពុងលើក​ឡើង​អំពី​ការ​ដាក់​ពន្ធនាគារ​មិន​ត្រឹម​ត្រូវ ដោយសារ​តែបទ​ចម្រៀង​មួយ​បទ ដែល​ធ្វើឲ្យ​លោក​ជាប់​ពន្ធនាគារ​អស់រយៈ​ពេល​ជិត​បី​ឆ្នាំ​កន្លង​ទៅ។

ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០០៨​មក​ម៉្លេះ លោក ឡាពីរ៉ូ ដឺ​បាន​ហ្កា ត្រូវ​បានឃុំ​ខ្លួននៅ​ក្នុង​ពន្ធនាគារញូ ប៊ែល (New Bell Prison) ឬ​គុក​ឋាន​នរក ដោយសារ​តែការ​និពន្ធ​បទ​ចម្រៀង ក្រោមចំណង​ជើង​ថា «រដ្ឋ​ធម្មនុញ្ញ​មិន​ដំណើការ»។ បទ​ចម្រៀង​នេះ បាន​បរិហារការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ ដែល​ផ្តល់​ឲ្យ​លោក​ ប៉ូល ប៊ីយ៉ា (Paul Biya) ប្រធានាធិបតីវ័យ​៧៨​ឆ្នាំរបស់​ប្រទេស​កាម៉េរូននូវ​ការ​កាន់​តំណែងគ្មាន​កំណត់។ លោក ឡា​ពី​រ៉ូ ដែល​ឈ្មោះ​ពិត​របស់​លោក គឺ​ ឡាំបូ ព្យែរ៍ រ៉ូជើ សានចូ​ (Lambo Pierre Roger Sandjo) បាន​និយាយតាម​ទូរស័ព្ទ នៅ​ខាង​ក្រៅ​ពន្ធនាគារ​នោះ​ថា លោក​កំពុងវិល​ត្រឡប់មកពី​សវនាការ​នាពេល​ថ្មី​ៗ​នេះ។

លោកបាន​ថ្លែង​ថា លោក​បាន​និពន្ធចម្រៀង​នេះ ដោយសារ​តែ​ចម្រៀង​ជា​ការ​ងារ​របស់​លោក។ ចម្រៀង​នេះ ត្រូវ​បាន​ចេញ​ផ្សាយពីរ​ថ្ងៃមុន​ពេល​រដ្ឋ​សភាបាន​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​រដ្ឋ​ធម្មនុញ្ញមិន​ត្រឹម​ត្រូវ​ នេះ​បើ​តាម​ទស្សនៈ​របស់​លោក។ តាមគំនិត​របស់​លោកប្រទេសកាម៉េរូន មិន​ដែល​មាន​រដ្ឋ​ធម្មនុញ្ញទេ។ លោក​មាន​ប្រសាសន៍​ថា ប្រសិន​បើ​អ្នក​ចាត់​ទុក​រដ្ឋ​ធម្មនុញ្ញថាជា​អ្វី​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​នោះ កាម៉េរូន​មិន​ដែល​មាន​រដ្ឋ​ធម្មនុញ្ញ​ឡើយ។ ដូច្នេះ លោកនិយាយ​ថា លោកបាន​និពន្ធចម្រៀង​ក្រោមចំណង​ជើង​ថា រដ្ឋ​ធម្មនុញ្ញមិនដំណើការ​ដើម្បី​ពន្យល់​បញ្ហា​ទាំង​ឡាយ​របស់​ប្រទេសនេះ។

កាម៉េរូន ជា​ប្រទេស​ដែល​មាន​អត្រា​អំពើ​ពុក​រលួយ​ខ្ពស់​ជាង​គេ​មួយ​នៅ​ក្នុង​ពិភពលោក។ នេះ​បើ​យោង​តាម​ក្រុម​ការ​ងារ​ពិសេសស្តី​ពី​សុច្ចរិតភាពហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច (Financial Integrity and Economic Development) ដែលមាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ដែលជា​ក្រុម​អ្នក​គាំ​ទ្រ​មតិដល់​រដ្ឋាភិបាលនិង​ការ​ស្រាវ​ជ្រាវ​អន្តរ​ជាតិ។ លោក​ប្រធានាធិបតី ប៊ីយ៉ា ដែល​បាន​ឡើង​កាន់​អំណាចនៅ​ក្នុង​ឆ្នាំ​១៩៨២ មាន​ទឹក​ប្រាក់ប្រហែល​១០០​លាន​ដុល្លារ តាម​ការ​ប៉ាន់​ស្មាន។ ភាគ​ច្រើន​បំផុត​នៃ​ប្រជាពលរដ្ឋកាម៉េរូនចំនួន​២០​លាន​នាក់ កំពុង​រស់​នៅដោយ​មាន​ប្រាក់​ចំណូល​តិច​ជាង​១​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

លោកថ្លែង​ថា សព្វ​ថ្ងៃ​នេះ ប្រសិនបើ​យើង​ពិនិត្យ​មើល​ទៅ​លើ​អ្វី​ដែល​កំពុង​កើត​ឡើង នៅ​ប្រទេស​ទុយ​ណេ​ស៊ី (Tunisia) និង​អេហ្ស៊ីប​( Egypt) ​វា​កើត​ឡើងដោយ​សារ​តែប្រជាពលរដ្ឋមាន​ទំនាក់​ទំនងតាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត និង​ហ្គូ​ហ្គល (Google)​ ជា​ដើម។ ដូច្នេះ ខណៈ​ដែល​អ្នក​ផ្សេង​កំពុង​ទាក់​ទងគ្នា​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត លោក​បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​តែ​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទងតាម​រយៈ​តន្រី្ត​របស់​លោក។ លោក​និយាយ​ថា តន្រ្តី​ជា​យានដ៏​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង។ លោក​មាន​ប្រសាសន៍​ថា តន្ត្រីអាចដាស់​មនុស្ស​ឲ្យ​ភ្ញាក់រឭកឡើង។ តន្ត្រី​ដាស់មនសិការ​របស់​ពួក​គេ។ លោកថ្លែង​ទៀត​ថា តន្ត្រី​មាន​ឥទ្ធិពល​យ៉ាង​ធំ​ធេង នៅ​ពេល​ដែលតន្ត្រី​បាន​ក្លាយ​ជា​កត្តា​មួយ​ក្នុង​ការកសាង​ទំនាក់​ទំនង។

លោក អូឡេ រ៉េតូវ (Ole Reitov) ជា​អ្នក​គ្រប់​គ្រង​កម្ម​វិធី​ឲ្យ​ក្រុម​ហ្វ្រី​មូស (FreeMuse) ​ដែល​ជា​ក្រុម​អ្នក​គាំ​ទ្រ​មតិ ​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​កូ​ប៉េន​ហាក់ ​ប្រយុទ្ធដើម្បីសេរីភាពបញ្ចេញ​មតិតាមរយៈតន្រី្ត នៅ​ជុំវិញ​ពិភព​លោក។ ចាប់​តាំង​ពី​លោក​ ឡាពីរ៉ូ ត្រូវ​បានចាប់ដាក់មន្ទីរ​ឃុំ​ឃាំង​ ជា​មួយអ្នក​ទោស​៣​ពាន់នាក់​ផ្សេង​ទៀតនៅ​ឯ​ពន្ធនាគារញ៉ូប៊ែល ក្រុម​ហ្វ្រីមូស បាន​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​យ៉ាង​សកម្មដើម្បី​សុំ​ឲ្យមាន​ការដោះ​លែង​រូប​លោក។ លោក​មាន​ប្រសាសន៍​ថា៖

«ជា​ទូ​ទៅ នៅ​ក្នុង​ទ្វីប​អាហ្រ្វ៊ិក តន្ត្រីដើរ​តួ​នាទី​ដ៏​សំខាន់ ដោយ​សារ​តែ​ថា ការ​ដែល​មាន​បទអត្ថាធិប្បាយ​ខាង​សង្គម អ្នក​ពិត​ជា​មិន​អាច​រា​រាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ផ្លាស់ប្តូរយោបល់​គ្នា​ស្តី​ពី​ថា​តើ​ពួក​គេ​ត្រូវ​ពិនិត្យ​មើល​សង្គម​យ៉ាង​ដូច​ម្តេច។ ជាពិសេស នៅ​ប្រទេស​កា​ម៉េ​រូន វា​ច្បាស់​ណាស់​ថា​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ លោក ឡាពីរ៉ូ ធ្លាប់ធ្វើ​ឲ្យ​មាន​តួនាទី​នោះ។ ខ្ញុំ​នៅ​ចាំ​បាន​ថា មាន​អត្ថបទ​មួយ សរសេរ​ដោយអ្នក​ស្រាវ​ជ្រាវ​ម្នាក់ ដែលពិពណ៌នា​រូប​លោក​ថា​ជា «ប៉ូលីសនៅ​ទី​ធ្លាក្រោយ​ផ្ទះ» ដែល​មាន​ន័យ​ថា​ជា​អ្នក​ចាំ​ឃ្លាំ​មើល​ថា​តើមានអ្វីកំពុង​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ អ្វី​ជា​ទិដ្ឋភាព​ដ៏​អាក្រក់​នៅ​ក្នុង​សង្គម ហើយ​តន្រ្តី​ផ្តល់​ជីវិត​ឲ្យ​ពលរដ្ឋ​ទាំង​អស់។ ពិតណាស់​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ក៏​អាច​ធ្វើ​បាន​ដែរ​ តែ​គេ​អាច​ពិនិត្យ​ចាប់​ពិរុទ្ធ​បាន​ដោយ​ងាយ​ស្រួល។ ហើយ​បើ​ទោះ​ជា​អ្នក​ដាក់​ពន្ធនាគារ​លោក អ្នក​ពិតជាមិន​អាច​បញ្ឈប់​បទ​ចម្រៀង​របស់​លោក​បាន​ឡើយ។ អ្នក​ដឹង​ទេ​ថា ពលរដ្ឋ​នៅ​តែ​ច្រៀងចម្រៀង​ទាំង​នោះ ហើយ​ប្រើ​ប្រាស់​ចម្រៀង​នោះ​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម។​ ដូច្នេះ រឿង​ដ៏​គួរឲ្យចាប់​អារម្មណ៍​ស្តី​ពី​តន្ត្រី​នោះ​គឺ​ថា តន្ត្រីពិពណ៌នា​យ៉ាង​ច្រើន​អំពី​យេនឌឺ អាយុ ក្រុម​ជាតិ​សាសន៍។ ខ្ញុំ​គិត​ថា ប្រពៃណី​និយាយ​ផ្ទាល់​មាត់នៅ​អាហ្វ្រិក នៅ​តែ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង។ ហើយ​តន្ត្រី​ប្រហែល​ជា​កម្លាំង​ដ៏​សំខាន់​បំផុតក្នុង​បទ​អត្ថា​ធិប្បាយ​ខាង​សង្គម នា​ពេល​បច្ចុប្បន្ន​នេះ»។

លោក ឡាពីរ៉ូ ដឺ បានហ្កា មាន​វត្តមាន​ឥត​ដាច់​នៅ​លើ​ឆាក​ប្រគុំ​តន្រ្តី​របស់​កាម៉េរូន ចាប់​តាំង​ពី​ឆ្នាំ១៩៨៥​មក​ម៉្លេះ។ លោកច្រៀង​ជា​ភាសា​ក្នុង​ស្រុក​ឈ្មោះ​ក្រេអូល (Creole) ដែល​ត្រូវ​បាន​ស្គាល់ថា ​ជាភាសា​និយាយ​បូកូ (Mboko)។ នេះ​ជា​ភាសា​តាម​តំបន់ ដែល​មាន​បញ្ចូល​ភាសា​បារាំង អង់គ្លេស និង​ឌូអល់ឡា (Douala) ហើយ​ក៏​ជា​វិធី​មួយ​ក្នុង​ការ​ទំនាក់​ទំនង​ទៅ​កាន់​ពលរដ្ឋ នៅ​តាម​គ្រប់​ផ្នែក​ទាំង​អស់របស់​សង្គម​ដែរ។

នៅ​ក្នុង​ចម្រៀង​របស់​លោក ក្រោម​ចំណង​ជើង​ថា រដ្ឋ​ធម្មនុញ្ញមិន​ដំណើការ លោក ឡា​ពី​រ៉ូ សើច​ចំអកឲ្យរដ្ឋាភិបាល។ លោក​បាន​ហៅ​លោក​ប្រធានាធិបតី​ប៊ីយ៉ា ថា​ជា​« paco» ដែល​មាន​ន័យ​ថា« daya» ជា​បរុស​ចំណាស់​ម្នាក់​ប្រកប​ដោយ​ភាពនឿយ​ហត់ ហើយថា «កាម៉េរូន ជា​ទី​កន្លែងកំណើត​នៃលទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ជឿន​លឿន ដែល​ជា​ទី​កន្លែង​ដ៏​ស្រស់​បំព្រង ពេញ​ទៅ​ដោយការ​លួច​បន្លំ​សន្លឹក​ឆ្នោត ហើយ​ក៏​ជា​ឋាន​សួគ៍​សម្រាប់​អំពើ​ពុក​រលួយ​ទៀត​ផង។

ប៉ុន្តែថ្ងៃ​នេះ នៅ​ក្នុង​ទិវា​សេរីភាព​តន្រ្តី​អន្តរជាតិ វា​ដល់​វេណរបស់លោក​ឡាពីរ៉ូ ក្នុង​ការ​នាំ​យក​រដ្ឋាភិបាល​របស់​លោក​ប្រធានា​ធិប​តី​ប៊ីយ៉ា ទៅ​កាន់​តុលាការ​វិញ​ម្តង​ហើយ។ ​វា​ជាឱកាស​របស់​លោក​ក្នុង​ចោទ​ប្រកាន់ អ្នក​ដែល​ចាប់​លោកដាក់​ពន្ធនាគារ​ និង​ផាក​ពិន័យលោកក្នុង​ទឹក​ប្រាក់​ចំនួន​១​ពាន់​ដុល្លារ។

លោក​មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក​មាន​បទ​ពិសោធន៍នៅ​ក្នុង​ពន្ធនាគារ គឺ​ជា​ឆាក​មួយ​នៅ​ក្នុង​ជីវិត ដែល​លោក​បាន​ជ្រើស​រើសដើម្បី​រស់​ជា​អ្នក​ប្រយុទ្ធ​មួយ​រូប។ លោក​ថ្លែង​ថា លោក​យល់ឃើញ​ថាសភាព​ការណ៍​របស់​លោក​នៅ​ទី​នេះ ប្រៀប​បាន​ទៅ​នឹងការ​ប្រកួត​ប្រដាល់​មួយ។ លោក​ ឡាពីរ៉ូ និយាយ​ថា លោក​ត្រូវឲ្យ​គេ​ខ្លះ ហើយក៏​ត្រូវ​យក​មកវិញ​ខ្លះ​ដែរ។ លោក​ថ្លែង​ទៀត​ថា លោក​ត្រូវ​ដាល់​តាម​រយៈ​សំឡេង និង​តន្រ្តី​របស់លោក។ ហើយចំណែក​ខាង​ភាគី​រដ្ឋាភិបាល​វិញ លោក​និយាយ​ថា ពួក​គេដាល់តាមរយៈការ​ចាប់​លោក​ដាក់​ពន្ធនាគារ។ លោក​បានសួរថា ឥឡូវ​នេះតើ​នរណា​ជា​អ្នក​ឈ្នះ? លោក​និយាយ​ថា ប្រជាពលរដ្ឋ​នឹង​ឈ្នះ៕

ប្រែ​សម្រួល​ដោយ លី សុខឃាង