វ៉ាស៊ីនតោន៖ ក្រុមអ្នកវិភាគ អ្នកការទូត ហើយនឹងអ្នកជំទាស់ផ្នែកនយោបាយរបស់ប្រធានាធិបតីកាន់កាប់អំណាច ឡូរ៉ង់ បាហ្កបូ (Laurent Gbagbo) នៃប្រទេស កូដឌីវ័រ (Cote D’Ivoire) និយាយថា លោកកំពុងតែប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីនៅកាន់អំណាច ទោះបីមានសម្ពាធរបស់អន្ដរជាតិហើយនឹងទណ្ឌកម្ម ដើម្បីបង្ខំលោកឲ្យចេញពីតំណែង ក្រោយពីការបោះឆ្នោតយ៉ាងចម្រូងចម្រាស់កាលពីឆ្នាំទៅក៏ដោយ។
នៅថ្ងៃអង្គារ ការប្រជុំមួយចំនួនបានប្រព្រឹត្ដធ្វើរវាងមេបញ្ជាការកងទ័ពនៃប្រទេសអាហ្វ្រិកខាងលិច នៅរដ្ឋធានី បាម៉ាកូ (Bamako) នៃប្រទេសម៉ាលី (Mali) ដើម្បីពិភាក្សាគ្នាអំពីលទ្ធភាព ធ្វើអន្ដរាគមន៍យោធាក្នុងតំបន់បាន។ ព្រមពេលនេះដែរ ក្រុមអ្នកការទូតនៅទីក្រុង អាប៊ិតហ្សាន់ (Abidjan) និយាយថា លោក Raila Odinga (រ៉ាយឡា អូឌិងហ្កា) អ្នកសម្របសម្រួលនៃសហភាពអាហ្វ្រិក ជាថ្មីម្ដងទៀត បរាជ័យមិនអាចបញ្ចុះបញ្ចូលឲ្យលោកបាហ្កបូឲ្យចេញពីតំណែង ហើយក៏មិនអាចឲ្យលោកជួបជាមួយគូប្រជែងរបស់លោកដែរ។ គូប្រជែងរបស់លោកគឺលោក អាឡាសសាន វូតារ៉ា (Alassance Ouattara) ដែលអន្ដរជាតិទទួលស្គាល់ថា ជាអ្នកឈ្នះក្នុងការបោះឆ្នោតចុងក្រោយ កាលពីថ្ងៃ២៨ខែវិច្ឆិកា។
មានការប្រជុំដទៃៗទៀតមួយចំនួនដើម្បីពិភាក្សាអំពីវិបត្ដិរយ:ពេល៧អាទិត្យនេះ មានរាប់ទាំងការប្រជុំមួយរវាងលោកប្រធានាធិបតី នីកូឡាស សារកូហ្ស៊ី (Nicolas Sarkozy) នៃប្រទេសបារាំង ដែលជាអតីតប្រទេសអាណានិគម ហើយនិងលោកប្រធានាធិបតីប្លែស កុំប៉ារេ (Blaise Compaore) នៃប្រទេស Burkina Faso (បឺរគីណា ហ្វាសូ)ផង ដែលជាអ្នកសម្របសម្រួលម្នាក់នៃអ្នកសម្របសម្រួលជាច្រើន នៅក្នុងបញ្ហាជាប់គាំងនៃប្រទេសកូដឌីវ័រនេះ។
នៅក្នុងការប្រជុំនាពេលខាងមុខនេះ ក្រុមប្រមុខរដ្ឋនៃប្រទេសនៅទ្វីបអាហ្វ្រិកខាងលិច គ្រោងនឹងជួបគ្នានៅថ្ងៃសៅរ៍ នៅទីក្រុងបាម៉ាកូ ដើម្បីពិភាក្សាគ្នា ដោយប្រសិទ្ធិភាពអំពីការរាំងខ្ទប់គណនេយ្យរបស់រដ្ឋាភិបាលលោកបាហ្កបូ នៅប្រទេសកូដឌីវ័រ ដែលដាក់ទុកនៅក្នុងធនាគារតំបន់ នៅក្នុងបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិកខាងលិច មានទីស្នាក់ការនៅប្រទេស Senegal (សេណេហ្កាល់)។ដើមឡើយ ការរាំងខ្ទប់នេះត្រូវបានយល់ព្រម ក៏ប៉ុន្ដែនៅមិនទាន់បានប្រតិបត្ដិនៅឡើយទេ។
នៅពេលដែលការពិភាក្សាគ្នាទាំងនេះប្រព្រឹត្ដធ្វើឡើងនោះ លោក ហ្សេ ភីត័រផាំ (J. Peter Pham) អ្នកវិភាគកិច្ចការអាហ្វ្រិក និយាយថា អ្នកដើរតួជាច្រើននាក់នៅក្នុងសហគមន៍អន្ដរជាតិកំពុងតែដឹងកាន់តែច្រើនឡើងៗអំពីការចចេសរឹងរូសរបស់លោកបាហ្កបូ។ លោកជាអតីតសាស្ដ្រាចារ្យប្រវត្ដិសាស្ដ្រ ហើយនិងជាសកម្មជនជំទាស់ជាយូរណាស់មកហើយ ដែលបានលៃលកពន្យារពេលការបោះឆ្នោត៥ឆ្នាំ ពេលការចរចាសន្ដិភាពជាមួយពួកបះបោរនៅភាគខាងជើង បានទទួលបរាជ័យ។
«លោកមានកត្ដា២ គឺអត់ធ្មត់នឹងអ្នកនយោបាយជំទាស់ ហើយនឹងក្នុងឋាន:ជាអ្នកចេះដឹង លោកមានទំនោរទៅខាងការប្រើច្បាប់»។
កត្ដាទាំងនោះមានរាប់បញ្ចូលទាំងការធ្វើឲ្យក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនៃប្រទេសកូដឌីវ័រ បោះបង់ចោលសន្លឹកឆ្នោតរបស់អ្នកបះបោរមកពីភាគខាងជើង ហើយបដិសេធលទ្ធផល ដែលត្រូវបានប្រកាសដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត។ នោះជាការប្រកាសហួសពេលពន្យារតាមច្បាប់អនុញ្ញាត។ លោកក៏បានជួលក្រុមមេធាវីបារាំងឲ្យការពាររឿងក្ដីរបស់លោកនៅក្នុងតុលាការអន្ដរជាតិផងដែរ។
ក្នុងវិស័យហិរញ្ញវត្ថុវិញ លោកបាហ្កបូជំរុញឲ្យពាណិជ្ជករកាកាវបង់ពន្ធដារលក់ចេញជាមុន ដែលជាផ្នែកមួយនៃការប្រឹងប្រែងរកថវិកាដើម្បីបើកប្រាក់បៀវត្សឲ្យអ្នករដ្ឋការ ហើយនិងកងកម្លាំងរក្សាសន្ដិភាពភាគខាងត្បូង ដែលជាប្រាក់ចំណាយប្រចាំខែ ដែលគេវាយតម្លៃថា មានចំនួនដល់ទៅ១០០លានដុល្លារ។
លោកវូតារ៉ា ដែលជាប់នៅក្នុងសណ្ឋាគារមួយ នៅក្នុងទីក្រុងអាប៊ិតហ្សាន់ បានព្រមានថា ប្រាក់ដែលលោកបាហ្កបូបានចាយនឹងត្រូវបង់សងទៅឲ្យរដ្ឋាភិបាលរបស់លោកផ្ទាល់វិញ។
ប្រទេសកូដឌីវ័រក៏ជំពាក់ប្រាក់ប្រទេសដទៃទៀតដែរ ក៏ប៉ុន្ដែភាគីខាងលោក បាហ្កបូឲ្យដឹងថា ដោយសាររដ្ឋាភិបាលខ្លួនមិនត្រូវគេទទួលស្គាល់ដូច្នោះ រដ្ឋាភិបាលនេះក៏ឈប់បង់ការប្រាក់ដែលតម្រូវឲ្យរដ្ឋាភិបាលមានស្រាប់ជាអ្នកបង់នោះ។
ក្នុងវិស័យផ្លូវទូត ក្រុមអ្នកវិភាគនិយាយថា ការដណ្ដើមតំណែងគ្នា ក៏កំពុងតែកើតមានផងដែរ។ ក្រុមមន្ដ្រីស្ថានទូតរបស់លោកបាហ្កបូប្រចាំនៅក្នុងរដ្ឋធានីមួយចំនួននៅបស្ចឹមប្រទេស និងក្នុងទ្វីបអាហ្វ្រិក ត្រូវបានសុំឲ្យចេញពីតំណែង នោះ ហើយនិងត្រូវជំនួសដោយឯកអគ្គរដ្ឋទូតដែលលោកវូតារ៉ាតែងតាំងវិញ។ ក៏ប៉ុន្ដែក្រុមអ្នកវិភាគនិយាយថា លោកបាហ្កបូបានទប់ទល់ ដោយពង្រឹងចំណងទាក់ទងជាមួយសម្ព័ន្ធមិត្រអាហ្វ្រិក ដែលមានប្រទេសគួរឲ្យកត់សំគាល់ បំផុតនោះគឺ ហ្សាំបាបវេ(Zimbabwe) ហើយនិងប្រទេសអង់ហ្កូឡា (Angola) ហើយនៅពេលនេះដែរ លោកក៏កំពុងស្វែងរកការបែកបាក់គ្នានៅក្នុងក្រុមប្រទេសទ្វីបអាហ្វ្រិកខាងលិចអេកូវ៉ាស់ (ECOWAS)។
ក្នុងវិស័យយោធាវិញ លោកបាហ្កបូបានឆ្លើយតបតទៅនឹងការគំរាមប្រើកម្លាំងទ័ពរបស់យោធានៅក្រៅប្រទេស ដោយនិយាយថា ការធ្វើដូច្នេះអាចបញ្ឆេះឲ្យមានការប្រល័យពូជសាសន៍។ លោកក៏បានបញ្ជូនកងកម្លាំងសន្ដិសុខឲ្យទៅចូលលុកលុយមូលដ្ឋានការពាររឹងមាំរបស់លោកវូតារ៉ាផងដែរ ក្នុងការព្យាយាមបង្ក្រាបចលនាអំណាចពលរដ្ឋ។
លោកដេន្ញេលឆ័ររ៉ូ (Daniel Chirot) អ្នកជំនាញខាងកិច្ចការប្រទេសកូដឌីវ័រមានមូលដ្ឋាននៅសរអា និយាយថា លោកមិនយល់ថា អេកូវ៉ាស់មានភស្ដុភារដើម្បីធ្វើកិច្ចប្រតិបត្ដិការប្រឆាំងលោកបាហ្កបូទេ។
«ដើម្បីធ្វើដូច្នេះនៅប្រទេសកូដឌីវ័របាន ពួកគេត្រូវការការគាំទ្រផ្នែកភស្ដុភាពីកងកម្លាំងសំខាន់មួយនៅក្រៅប្រទេសនេះ ដែលនៅក្នុងករណីនេះ មានន័យថា កងកម្លាំងបារាំង ហើយខ្ញុំមិនជឿទេថា នៅត្រង់ចំណុចនេះ ប្រទេសបារាំងចង់ពាក់ព័ន្ធក្នុងរឿងនេះទេ»។
ក្រោយពីការជួបប្រជុំរបស់លោកនៅថ្ងៃអង្គារជាមួយលោកប្រធានាធិបតី សាកូហ្ស៊ី នៃប្រទេសបារាំង លោកប្រធានាធិបតីប្លែស កុំប៉ារេនៃប្រទេស បឺរគីណាហ្វាសូ និយាយថា លោកមិនចង់ឲ្យមានអន្ដរាគមន៍យោធានៅពេលនេះទេ៕
ប្រែសម្រួលដោយអ្នកស្រីកង ស៊ីវន