ដោយ Robbie Corey-Boulet
ប្រទេសកូឌីវ័រ (Ivory Coast) បានចាប់ផ្តើមគាស់រណ្តៅសាកសពរួមជាង១០កន្លែង ដែលមានកប់សាកសពមនុស្ស បន្ទាប់ពីអំពើហិង្សាក្រោយការបោះឆ្នោតនៅចន្លោះឆ្នាំ២០១០និងឆ្នាំ២០១១ របស់ប្រទេសនេះ។ នៅឯពិធីបុណ្យមួយនៅស្រុក យ៉ូពូហ្គុន (Yopougon) នៅទីក្រុង អាប៊ីចាន (Abidjan) កាលពីថ្ងៃព្រហស្បតិ៍នេះ ក្រុមមន្ត្រីបាននិយាយថា ដំណើរការនេះនឹងធ្វើឲ្យស្ងប់ចិត្តដល់ក្រុមគ្រួសារ ហើយនឹងជួយនាំយកជនដៃដល់ក្នុងអំពើឧក្រិដ្ឋកម្មនេះទៅកាន់តុលាការ។ Robbie Corey-Boulet រាយការណ៍សម្រាប់វីអូអេពីទីក្រុង អាប៊ីចាន។
ស្ថិតិរបស់រដ្ឋាភិបាលបានរកឃើញរណ្តៅសាកសពរួមចំនួន៥៧កន្លែងសម្រាប់គាស់ នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម អាប៊ីចាន ហើយរណ្តៅទាំងនោះជាច្រើន ត្រូវបានគេជឿថាមានសាកសពជាច្រើន។ ស្ថិតិជាតិស្តីអំពីរណ្តៅសាកសពរួម មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ប៉ុន្តែ ក្រុមមន្ត្រីបាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីគាស់រណ្តៅសាកសពទាំងនេះ នឹងពង្រីកនៅទូទាំងប្រទេសនៅទីបញ្ចប់។
អំពើហិង្សានៅក្នុងប្រទេស កូឌីវ័រ បានបង្កឡើងដោយការបដិសេធមិនព្រមចុះចេញពីដំណែងពីសំណាក់អតីតប្រធានាធិបតី លោក ឡូរ៉ង់ ក្បាបូ (Laurent Gbagbo) បន្ទាប់ពីលោកបានចាញ់នៅក្នុងការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែវិច្ឆិកា ឆ្នាំ២០១០ ទៅដៃគូប្រជែងរបស់លោក គឺប្រធានាធិបតីបច្ចុប្បន្ន អាឡាសង់ អូតារ៉ា (Alassane Ouattara)។ មនុស្សជាង៣ពាន់នាក់ បានស្លាប់នៅក្នុងការប្រយុទ្ធគ្នារយៈពេល៥ខែ នេះបើយោងតាមអង្គការសហប្រជាជាតិ។
កាលពីថ្ងៃព្រហស្បតិ៍ លោក ណេណេម៉ា ឃូលីបាលី (Gnenema Coulibaly) បានធ្វើជាអធិបតីនៅក្នុងពិធីមួយ នៅទីតាំងរណ្តៅសាកសពដំបូងគេបង្អស់ដែលត្រូវបានគាស់។ រណ្តៅនោះមានទីតាំងនៅក្នុងទីធ្លាវិហារមួយនៅក្នុងស្រុក យ៉ូពូហ្គុន និងមានសាកសពបុរសបួននាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទៅលើវិហារនោះ កាលពីខែមេសា ឆ្នាំ២០១១។
លោក ឃូលីបាលី បាននិយាយថា ការគាស់រណ្តៅដែលត្រូវបានធ្វើឡើងយ៉ាងប្រញាប់ប្រញាល់បែបនេះ គឺជាផ្នែកមួយដ៏មានសារសំខាន់ក្នុងការធ្វើដំណើរឆ្ពោះទៅមុខពីជម្លោះនេះ។
លោក ថ្លែងថា៖ «ពីរឆ្នាំបន្ទាប់ពីសោកនាដកម្មនេះ សាកសពជាច្រើនស្ថិតនៅស្ងប់ស្ងៀមនៅទីកន្លែងសាធារណៈ ដោយរាប់បញ្ចូលទាំងទីកន្លែងគោរពបូជាផង»។ លោកថ្លែងថា «វាមានសារសំខាន់ខ្លាំងណាស់ក្នុងការបន្តគាស់រណ្តៅទាំងនេះ ដើម្បីអនុញ្ញាតឲ្យក្រុមគ្រួសារសម្តែងភាពក្រៀមក្រំ និងអនុញ្ញាតឲ្យមានការស៊ើបអង្កេតខាងផ្លូវតុលាការ ដើម្បីស្វែងរកការពិតផងដែរ»។
លោក ឃូលីបាលី បាននិយាយថា រណ្តៅសាកសពរួមចំនួន៣៦ក្នុងចំណោមរណ្តៅ៥៧កន្លែង ត្រូវបានរកឃើញនៅក្នុងស្រុក យ៉ូពូហ្គុន ដែលជាផ្នែកមួយនៃទីក្រុងនេះ ដែលក្រុមអ្នកប្រយុទ្ធដែលស្មោះត្រង់ចំពោះលោក ក្បាបូ និងលោក អ៊ូតារ៉ា ត្រូវបានគេអះអាងថា បានប្រព្រឹត្តការសម្លាប់មនុស្សក្នុងទ្រង់ទ្រាយធំ នេះបើយោងតាមរបាយការណ៍ពីក្រុមអ្នកសារព័ត៌មាន ក្រុមការពារសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ។
លោក អ៊ីសាកា ដាយប៊ី (Issiaka Diaby) ប្រធានសមាគមជនរងគ្រោះ (Collective of Victims) នៅក្នុងប្រទេស កូឌីវ័រ បានថ្លែងថា វាជាការលំបាកសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកនេះ ក្នុងការទទួលយកការផ្សះផ្សា នៅពេលដែលសាច់ញាតិដែលបានស្លាប់ មិនត្រូវបានរៀបចំធ្វើបុណ្យ ដើម្បីឲ្យវិញ្ញាណក្ខន្ធរបស់ពួកគេបានទៅកាន់សុគតិភពឱ្យបានត្រឹមត្រូវ។
លោកនិយាយថា៖ «ការគាស់រណ្តៅសាកសព គឺជាកិច្ចការដ៏ល្អប្រពៃ ពីព្រោះវាមិនមែនជារឿងងាយស្រួលទេ ដែលឳពុកម្តាយរបស់ពួកគេត្រូវធ្វើដំណើរមកកាន់ព្រះវិហារ ហើយធ្វើការបន់ស្រន់ ខណៈដែលសាច់ញាតិរបស់ពួកគេត្រូវបានកប់នៅខាងក្រៅវិហារនោះ។ លោកនិយាយថា៖ «នៅពេលដែលអ្នកគិតអំពីករណី ដែលសាកសពត្រូវបានកប់នៅតាមផ្ទះសម្បែងនិងកន្លែងផ្សេងទៀត ដំណើរការនៃការគាស់រណ្តៅនេះនឹងអាចកាត់បន្ថយការឈឺចាប់របស់ឳពុកម្តាយ និងក៏ជួយកាត់បន្ថយបំណងចង់សងសឹកផងដែរ»។
ពិធីបុណ្យកាលពីថ្ងៃព្រហស្បតិ៍នេះ រួមបញ្ចូលទាំងក្រុមអ្នកបន់ស្រន់ ដែលដឹកនាំដោយមេដឹកនាំសាសនាអ៊ីស្លាម និងសាសនាគ្រឹស្ត ព្រមទាំងមានការស្មឹងស្មាធរយៈពេលខ្លីមួយ សម្រាប់ជនរងគ្រោះនៃការប្រយុទ្ធគ្នានោះ៕
ប្រែសម្រួលដោយ លី សុខឃាង