ការសិក្សាថ្មីមួយបានរកឃើញថាវ៉ាក់សាំងកូវីដ១៩ ថ្មីរបស់ក្រុមហ៊ុន Pfizer-BioNTech មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ជាក់ស្តែង ដូចពេលដែលសាកល្បងព្យាបាលនៅដំណាក់កាលចុងក្រោយ។
ក្នុងការសិក្សាទ្រង់ទ្រាយធំលើមនុស្ស ១,២ លាននាក់ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវ Clalitរបស់អ៊ីស្រាអែល បានរកឃើញថា វ៉ាក់សាំងពីរដូសបានកាត់បន្ថយករណីរោគសញ្ញានៃជំងឺកូវីដ១៩បាន ៩៤% ចំពោះមនុស្សគ្រប់វ័យ និងកាត់បន្ថយជំងឺធ្ងន់ធ្ងរ ចំនួន ៩២%។ ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញថា ការចាក់វ៉ាក់សាំងតែមួយដង មានប្រសិទ្ធភាព ៥៧% ក្នុងពេល ២ សប្តាហ៍។
ការសិក្សាដែលពិនិត្យដោយដៃគូ ហើយដែលត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃពុធ ក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រឈ្មោះ The New England Journal of Medicine គឺជាការវិភាគដំបូងនៃយុទ្ធសាស្ត្រជាតិចាក់វ៉ាក់សាំងកូវីដ១៩។
ការសាកល្បងនៅដំណាក់កាលចុងក្រោយនៃថ្នាំក្រុមហ៊ុន Pfizer-BioNTech បានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩៥% ក្នុងការប្រឆាំងវីរុសកូរ៉ូណាថ្មីនេះ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Moderna និយាយថា ខ្លួនបានបង្កើតវ៉ាក់សាំងថ្មី ដែលមានពីរដូសសម្រាប់ប្រឆាំងនឹងជំងឺកូវីដ១៩ សណ្តានថ្មី ដែលត្រូវបានរកឃើញជាលើកដំបូង នៅអាហ្វ្រិកខាងត្បូង។
ក្រុមហ៊ុនផលិតឱសថដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ បានបញ្ជូនវ៉ាក់សាំងមួយចំនួនទៅ វិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក សម្រាប់ការសិក្សាបន្ថែម៕