យោធា​អ៊ីស្រាអែល​ថា ជនសង្ស័យសកម្មប្រយុទ្ធ Jihad អ៊ិស្លាម​ត្រូវបាន​សម្លាប់ដោយ​ដ្រូន​នៅ​ក្រុង Jenin

ជនសកម្មប្រយុទ្ធសែងសាកសព Said Jaradat និង Yasser Hanoun នៃក្រុម​ Jihad ដែលត្រូវបានសម្លាប់ដោយដ្រូន​របស់​អ៊ីស្រាអែល​ នៅតំបន់ West Bank កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែលបាន​និយាយ​នៅថ្ងៃ​សុក្រ​នេះ​ថា ខ្លួនបាន​វាយប្រហារតាមដ្រូន​នៅក្នុងក្រុង Jenin ​ដែលអ៊ីស្រាអែលកាន់កាប់ក្នុង​តំបន់​ West Bank កាល​ពី​យប់ថ្ងៃ​ព្រហស្បតិ៍ ដោយ​បានសម្លាប់ជន​ម្នាក់​ជាប់​សង្ស័យ​ថា​ជា​ជនសកម្មប្រយុទ្ធនៃ​ក្រុមអ៊ិស្លាម Jihad។

សេចក្តី​ថ្លែងការណ៍​មួយ​របស់កងយោធា បានឱ្យដឹងថា​ ឈ្មោះ Yasser Hanoun កំពុង​រៀបចំ​ការបាញ់ប្រហារ​មួយ។ សេចក្តី​ថ្លែងការណ៍នេះមិនបាន​ផ្តល់​សេចក្តី​លម្អិត​ថែមទៀតទេ។ កងយោធាបានថ្លែង​ថា បុរសឈ្មោះ Hanoun មាន​ទាក់ទិននឹង​ការ​បាញ់​ប្រហារកាលពីពេល​មុនៗ​ដោយក្រុមអ៊ិស្លាម Jihad។

គេ​ឃើញមាន​កំណើនអំពើ​ហិង្សានៅតំបន់​ West Bank តាំងពី​ការវាយប្រហារ​ដោយក្រុមហាម៉ាស់លើ​អ៊ីស្រាអែល​កាលពីថ្ងៃទី​ ៧ ខែតុលា​មក។

អ៊ីស្រាអែលនិយាយថា ការប៉ុនប៉ងថ្មីកំពុងដំណើរការដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស់​ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាជាបណ្តោះអាសន្ននៅហ្គាហ្សា និងធានាបាននូវការដោះលែងចំណាប់ខ្មាំង ១០០ នាក់ ឬច្រើនជាងនេះ ដែលពួកសកម្មប្រយុទ្ធចាប់ឃុំខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ការប៉ុនប៉ងទាំងនោះរួមមានការបញ្ជូនអ្នកចរចានៅ​ថ្ងៃសុក្រនេះ ដើម្បីចរចាបទឈប់បាញ់នៅទីក្រុងប៉ារីស។ នាយក​អង្គភាពសេវា​ស៊ើបការណ៍​សម្ងាត់ Mossad របស់​អ៊ីស្រាអែល នឹង​ដឹកនាំ​ក្រុម។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក Brett McGurk កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាល «នឹងពង្រីកសិទ្ធិអំណាចដែលបានផ្តល់ឱ្យអ្នកចរចាចំណាប់ខ្មាំងរបស់យើង»៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍នេះត្រូវបាន​ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង​ Rueters។