យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃចន្ទនេះថា កងទ័ពរបស់ខ្លួនបានដកចេញពីតំបន់មន្ទីរពេទ្យ Shifa នៅភាគខាងជើងតំបន់ហ្កាហ្សា បន្ទាប់ពីបានបំពេញប្រតិបត្តិការនៅទីនោះរួចរាល់។
ការដកទ័ពចេញនេះបានធ្វើឡើងក្នុងពេលពីរសប្ដាហ៍ក្រោយមកបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបើកប្រតិបត្តិការនៅមន្ទីរពេទ្យធំជាងគេបង្អស់នៅតំបន់ហ្កាហ្សានេះ ក្រោយពីអ៊ីស្រាអែលបានចោទមេបញ្ជាការក្រុមហាម៉ាស់ ថាបានប្រើទីតាំងមន្ទីរពេទ្យនោះដើម្បីធ្វើប្រតិបត្តិការភេរវកម្ម។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់កងជីវពល ២០០ នាក់នៅក្នុងតំបន់មន្ទីរពេទ្យនោះ ដែលនៅទីនោះខ្លួនបានធ្វើការវាយប្រហារទាំងតាមផ្លូវគោកនិងផ្លូវអាកាស។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានយល់ព្រមចំពោះផែនការប្រតិបត្តិការយោធាមួយលើទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលជាតំបន់ដែលអន្តរជាតិមានការព្រួយបារម្ភដោយសារតែប្រជាជនពាក់កណ្ដាលនៃតំបន់ហ្កាហ្សាបានជ្រកកោននៅទីនោះគេចពីសង្គ្រាម។
លោក Netanyahu បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា យោធាអ៊ីស្រាអែលត្រៀមលក្ខណៈជម្លៀសជនស៊ីវិលនិងផ្ដល់ជំនួយមនុស្សធម៌។ ប៉ុន្តែ ដូចការប្រកាសលើកមុនៗដែរអំពីផែនការរបស់អ៊ីស្រាអែលនៅក្នុងការវាយប្រហារលើទីក្រុង Rafah គេមិនឃើញមានសេចក្ដីលម្អិតណាមួយអំពីថាតើប្រជាជនប៉ាឡេស្ទីនអាចទៅកន្លែងណាដោយសុវត្ថិភាពបានទេ។
ផ្នែកភាគច្រើននៃតំបន់ហ្កាហ្សាបានរងការបំផ្លិចបំផ្លាញដោយសារការវាយប្រហាររបស់អ៊ីស្រាអែលដែលមានបំណងកម្ចាត់ក្រុមហាម៉ាស់។ ជនជាតិប៉ាឡេស្ទីនជាច្រើនដែលជ្រកកោននៅក្នុងទីក្រុង Rafah បានធ្វើដំណើរមកពីផ្នែកផ្សេងៗនៃតំបន់ហ្កាហ្សាដើម្បីស្វែងរកសុវត្ថិភាព។
សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តកំពូលរបស់អ៊ីស្រាអែល ក៏ដូចជារដ្ឋាភិបាលផ្សេងទៀតនិងអង្គការសហប្រជាជាតិផងដែរ បានបង្ហាញក្ដីបារម្ភអំពីគ្រោះមហន្តរាយមនុស្សធម៌នៅក្នុងទីក្រុង Rafah ប្រសិនបើអ៊ីស្រាអែលបន្តទៅមុខជាមួយផែនការរបស់ខ្លួន។
លោក Netanyahu បានបញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលគ្មានជម្រើសអ្វីផ្សេងទេក្រៅពីការធ្វើសង្គ្រាមកម្ចាត់ក្រុមហាម៉ាស់ដើម្បីសម្រេចគោលបំណងរបស់ខ្លួន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន Reuters។