ពួកមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលបានបង្កើនការអំពាវនាវដើម្បីការពារជនជាតិភាគតិច Kurds នៅក្នុងប្រទេសស៊ីរីនៅពេលដែលពួកគេបានប្រឈមមុខជាមួយក្រុមប្រដាប់អាវុធដែលគាំទ្រដោយប្រទេសតួកគី បន្ទាប់ពីការដួលរលំភ្លាមៗនៃរបបរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad។
ការវាយប្រហារដោយក្រុមឧទ្ទាមរយៈពេល១១ថ្ងៃដែលដឹកនាំដោយក្រុម Hayat Tahrir al-Shamដែលសហរដ្ឋអាមេរិកចាត់ទុកជាអង្គការភេរវកម្មបាននាំឱ្យមានការកាន់កាប់រដ្ឋធានីដាម៉ាសនិងទីក្រុងយុទ្ធសាស្ត្រផ្សេងទៀតនៅក្នុងតំបន់ភាគពាយ័ព្យនិងកណ្តាលនៃប្រទេសស៊ីរី។
ឥឡូវនេះ កិច្ចប្រតិបត្តិការមួយដែលដឹកនាំដោយភាគីនានាដែលគាំទ្រដោយប្រទេសតួកគីមានគោលបំណងដកចេញកងកម្លាំង Kurds មកពីផ្នែកនានានៃខេត្ត Aleppo រួមមានទីក្រុង Manbij ផង។
កងកម្លាំងប្រជាធិបតេយ្យដែលដឹកនាំដោយជនជាតិភាគតិច Kurds ឬ SDF ជាដៃគូដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅក្នុងការប្រយុទ្ធប្រឆាំងក្រុមភេរវកម្មរដ្ឋអ៊ីស្លាម។ ដៃគូនេះបាននាំឱ្យមានការរំដោះទឹកដីភាគច្រើនដែលកាលពីពេលមុនត្រូវបានត្រួតត្រាដោយក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gideon Sa’ar បាននិយាយកាលពីថ្ងៃចន្ទថាការវាតប្រហារដែលគាំទ្រដោយតួកគីនៅលើប្រទេសស៊ីរីត្រូវតែបញ្ឈប់។
លោក Sa'a បាននិយាយក្នុងសន្និសិទកាសែតនៅក្នុងទីក្រុង Jerusalem ថា«វាជាការសន្យារបស់សហគមន៍អន្តរជាតិចំពោះអ្នកដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហានប្រឆាំងនឹងក្រុម ISIS។ វាក៏ជាការតាំងចិត្តសម្រាប់ពេលអនាគតដល់ស៊ីរី ពីព្រោះ ជនជាតិភាគតិច Kurds ជាកងកម្លាំងមានស្ថិរភាពមួយនៅក្នុងប្រទេសនេះ»។
អ្នកការទូតជាន់ខ្ពស់អ៊ីស្រាអែលនេះបាននិយាយទៀតថាពួកគេបានពិភាក្សាបញ្ហានេះជាមួយសហរដ្ឋអាមេរិកនិងប្រទេសផ្សេងៗទៀត។
ចាប់តាំងពីការបណ្តេញរបប Assad មក យោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានធ្វើការវាយប្រហាររាប់រយនៅក្នុងប្រទេសស៊ីរីដោយដៅលើឃ្លាំងស្តុកអាវុធនៅទូទាំងប្រទេស៕