ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ របស់ពលរដ្ឋអ៊ីស្រាអែលដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងពីរដូសដែលផលិតរួមគ្នាដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech បានធ្លាក់ចុះ ៩៨,៥% ហើយហានិភ័យនៃការឈឺជំងឺកូវីដ១៩ ធ្ងន់ធ្ងររហូតត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យបានធ្លាក់ចុះ ៩៨,៩%។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។
ការរកឃើញរបស់ក្រសួងសុខាភិបាលអ៊ីស្រាអែលនេះទទួលបានពីទិន្នន័យដែលត្រូវបានប្រមូលបានកាលពីថ្ងៃទី១៣ ខែកុម្ភៈ ពីប្រជាពលរដ្ឋចំនួនប្រមាណ ១ លាន ៧ សែននាក់ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងពីរដូសត្រឹមថ្ងៃទី៣០ ខែមករា ដែលនេះមានន័យថា សារពាង្គកាយរបស់ពួកគេមានពេលវេលាគ្រប់គ្រាន់ដើម្បីផលិតអង់ទីករប្រឆាំងនឹងវីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩។
ប្រជាពលរដ្ឋអ៊ីស្រាអែលជិតពាក់កណ្ដាលនៃប្រជាជនសរុបចំនួន ៩ លាន ៣ សែននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋដែលមានអាយុលើសពី ៥០ ឆ្នាំ ចំនួន ៩៥% គួរតែត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខនេះ។
លើសពីនេះទៀត លោក Netanyahu បានថ្លែងថា អ្នកណាដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងពីរដូសរួចហើយអាចទទួលបាន «ប័ណ្ណបៃតង» ដែលអនុញ្ញាតឲ្យពួកគេមានសេរីភាពច្រើនជាងមុន។
ចាប់ពីថ្ងៃអាទិត្យនេះទៅ សាលារៀននិងហាងទំនិញមួយចំនួននឹងចាប់ផ្ដើមបើកដំណើរការជាសាធារណៈឡើងវិញ ដោយមានការកម្រិតចំនួនមនុស្ស បន្ទាប់ពីត្រូវបានបិទអស់រយៈពេលពីរខែកន្លងមក។ ប៉ុន្តែសម្រាប់អ្នកដែលមានប័ណ្ណបៃតង ពួកគេអាចចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ ឬកម្មវិធីកីឡានានា និងអាចធ្វើដំណើរទៅបរទេសបាន។
លោក Netanyahu បានបន្ថែមថា៖ «ប័ណ្ណបៃតងនេះកំពុងធ្វើឲ្យប្រទេសបើកដំណើរការឡើងវិញជាបណ្ដើរៗហើយ»៕