ទាហានអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) បានប្រយុទ្ធគ្នានៅថ្ងៃពុធនេះនៅក្នុងតំបន់ហ្កាហ្សា (Gaza) ដោយសង្គ្រាមនេះបានដាក់សម្ពាធកាន់តែខ្លាំងឡើងលើជនស៊ីវិលប៉ាឡេស្ទីនដែលកំពុងប្រឈមការលំបាកនៅក្នុងការស្វែងរកទីជម្រកនិងលទ្ធភាពទទួលបានជំនួយមនុស្សធម៌។
យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសលើគោលដៅប្រហែល ២៥០ នៅក្នុងតំបន់ហ្កាហ្សាក្នុងពេលមួយថ្ងៃកន្លងមក។
អង្គការសហប្រជាជាតិបានរាយការណ៍អំពីការបាញ់ផ្លោងកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាតាំងពីរសៀលថ្ងៃចន្ទមក និងការប្រយុទ្ធខ្លាំងក្លាតាមផ្លូវគោកក៏ដូចជាការកើនឡើងនៃការបាញ់រ៉ុក្កែតរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនលើអ៊ីស្រាអែលផងដែរ។
មន្ត្រីយោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ពួកគេបានហ៊ុមព័ទ្ធទីក្រុង Khan Younis នៅភាគខាងត្បូង ដែលជាទីក្រុងធំជាងគេបង្អស់ទីពីរនៅក្នុងតំបន់ហ្កាហ្សា។
ការពង្រីកសង្គ្រាមនៅភាគខាងត្បូងតំបន់ហ្កាហ្សាបានធ្វើឡើងបន្ទាប់ពីមានការផ្ដោតដំបូងលើតំបន់នានានៅភាគខាងជើង ដែលក្នុងនោះរួមមានទាំងទីក្រុងហ្កាហ្សាផងដែរ។ ការពង្រីកសង្គ្រាមនេះក៏បានធ្វើឡើងផងដែរបន្ទាប់ពីយោធាអ៊ីស្រាអែលបានបញ្ជាអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយឱ្យជនស៊ីវិលភៀសខ្លួនទៅកាន់តំបន់ភាគខាងត្បូងដើម្បីគេចចេញឱ្យឆ្ងាយពីសង្គ្រាម។
ប៉ុន្តែដោយសារនៅភាគខាងលិចមានសមុទ្រមេឌីទែរ៉ាណេ ហើយនៅភាគខាងត្បូងនិងខាងកើតមានការបិទព្រំដែនជាមួយនឹងប្រទេសអេហ្ស៊ីបនិងអ៊ីស្រាអែល កន្លែងដែលនៅសល់សម្រាប់មនុស្សភៀសខ្លួនទៅគឺកាន់តែរួមតូច។
ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនបានបញ្ជាក់ថា មនុស្សប្រហែល ១ លាន ៩ សែននាក់បានភៀសខ្លួននៅក្នុងតំបន់ហ្កាហ្សា ដែលស្មើនឹងជិត ៨៥% នៃប្រជាជនសរុបនៅក្នុងតំបន់នោះ ហើយមនុស្សប្រហែលមួយលាននាក់ត្រូវបានចុះឈ្មោះក្នុងបញ្ជីនៃអ្នកដែលស្នាក់នៅក្នុងទីជម្រករបស់អង្គការសហប្រជាជាតិនៅភាគខាងត្បូងតំបន់ហ្កាហ្សា៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។