អ៊ីស្រាអែល​ស្នើឱ្យ​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់​ក្រោយ​ពី​ការ​វាយប្រហារ​មីស៊ីល​ដ៏ធំ

រូបឯកសារ៖ ប្រព័ន្ធ​បាញ់​កម្ទេច​មីស៊ីល​របស់​អ៊ីស្រាអែល​កំពុង​ប្រតិបត្តិការ ក្រោយ​អ៊ីរ៉ង់​បាន​បាញ់​ដ្រូន​និង​មីស៊ីល​ជាច្រើន​គ្រាប់​ទៅ​លើ​អ៊ីស្រាអែល កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។

ប្រទេស​អ៊ីស្រាអែល​បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ​នេះ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​អ៊ីរ៉ង់ នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​ចំពោះ​វាយ​ប្រហារ​តាម​អាកាស​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​យោធា​អ៊ីរ៉ង់​និង​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​លើ​អ៊ីស្រាអែល។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោក Israel Katz បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ថា លោក​បាន​ទាក់ទង​ទៅកាន់​ប្រទេស​ជាង ៣០ ឱ្យ​ជំរុញ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​កម្មវិធី​មីស៊ីល​របស់​អ៊ីរ៉ង់​និង​ឱ្យ​ប្រកាស​ថា​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ (IRGC) គឺជា​អង្គការ​ភេរវកម្ម។

សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ដែល​បាន​ចាត់ទុក​កងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ថា​ជា​ក្រុម​ភេរវកម្ម។ តាំងពី​ខែ​តុលា​ឆ្នាំ​មុន​មក សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ជាច្រើន​ដង​សំដៅ​លើ​កម្មវិធីមីស៊ីល​បាល្លីស្ទិក​របស់​អ៊ីរ៉ង់​នៅពេល​ដែល​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​បាន​ផុត​កំណត់។

អ៊ីស្រាអែល​ក៏​មើលទៅ​ហាក់ដូចជា​បាន​តាំងចិត្ត​រួចរាល់ក្នុងការ​ទាមទារ​ឱ្យ​មាន​វិធានការ​សងសឹក​បែប​យោធា ទោះបីជា​មាន​ការ​អង្វរករ​ពី​មេដឹកនាំ​នានា​នៅលើ​ពិភពលោក​ឱ្យ​មាន​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​នេះ​ក៏ដោយ។

មន្ត្រី​យោធា​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អ៊ីរ៉ង់​ត្រូវតែ​ទទួល​រងផល​វិបាក​សម្រាប់​ការ​បាញ់​ស្រោច​មីស៊ីល​និង​ដ្រូន​ ៣៥០ គ្រាប់​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​លើ​អ៊ីស្រាអែល ដែល​ភាគច្រើន​គឺ​បាញ់​ចេញ​ពី​ទឹកដី​របស់​អ៊ីរ៉ង់។

វោហារសាស្ត្រ​តឹងតែង​របស់​អ៊ីស្រាអែល​នេះ​បាន​ធ្វើឡើង​បើ​ទោះបីជា​សហរដ្ឋ​អាមេរិក​ដែល​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​លើ​អ៊ីស្រាអែល​បាន​ជំរុញឱ្យ​អត់ធ្មត់​ក៏ដោយ ដោយ​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា​ការ​បរាជ័យ​នៃ​ការ​បាញ់ស្រោច​ដ្រូន​និង​មីស៊ីល​របស់​អ៊ីរ៉ង់​ដែល​មិន​បណ្ដាល​ឱ្យ​មាន​ការ​ខូចខាត​ច្រើន​នេះ​គឺជា​ជ័យជម្នះ​ដ៏​ធំធេង​មួយ​រួច​ទៅហើយ​សម្រាប់​អ៊ីស្រាអែល៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters