សកម្មជនជនជាតិស៊ីរី និងប្រធានផ្នែកវត្ថុបុរាណរបស់ប្រទេសស៊ីរីនិយាយថា ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមបានបំផ្ទុះប្រាសាទបុរាណនៅទីក្រុង Palmyra ដែលជាប្រាសាទមួយនៃរមណីដ្ឋានប្រវត្តិសាស្ត្រចាស់បំផុតនៅមជ្ឈឹមបូព៌ា។
លោក Maamoun Abdulkarimលើកឡើងថាការភ័យបារម្ភដ៏ខ្មៅងងឹតបានក្លាយជាការពិតហើយ។ ពួកជ្រុលនិយមរដ្ឋឥស្លាមបានបំផ្លាញប្រាសាទ Baal Shamin ចំណាស់២០០០ឆ្នាំ ដោយដាក់ជាតិផ្ទុះដ៏ខ្លាំងដែលធ្វើឲ្យមានការខូចខាតយ៉ាងដំណំដល់សសរនៅជុំវិញប្រាសាទបុរាណនេះ។
ក្រុមសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅប្រទេសអង់គ្លេស Syrian Observatory for Human Rights បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ប្រាសាទនេះពិតជាត្រូវបានបំផ្លាញមែន។ កាលពីសប្តាហ៍មុនក្រុមសិទ្ធិមនុស្សនេះនិយាយថា ពួកសកម្មប្រយុទ្ធបានកាត់ក្បាលលោក Khaled Asaad អតីតនាយកសារៈមន្ទីរវត្ថុបុរាណនៅPalmyra។ លោកបានធ្វើការនៅទីនោះ៥០ឆ្នាំដើម្បីអភិរក្សប្រវត្តិសាស្ត្រដ៏ផុយស្រួយនេះ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។
ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមបានចូលកាន់កាប់ទីក្រុង Palmyraកាលពីខែឧសភា ហើយភ្លាមៗនោះ អ្នកប្រវត្តិសាស្ត្របានប្រកាសអាសន្នទូទាំងពិភពលោក។ ពួកសកម្មប្រយុទ្ធនិយាយថា វត្ថុបុរាណនិងរូបចម្លាក់នានាជាការប្រមាថព្រះរបស់ពួកគេ។ ពួកគេក៏បានបំផ្លាញកន្លែងប្រវត្តិសាស្ត្រផ្សេងៗទៀតនៅប្រទេសអ៊ីរ៉ាក់ផងដែរ។ តែអង្គការសិទ្ធិមនុស្ស Syrian Observatory for Human Rights និយាយថា ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមបានលក់វត្ថុបុរាណមួយចំនួនដើម្បីប្រមូលលុយ។ អង្គការនេះនិយាយថា វីដេអូខ្លះបង្ហាញក្រុមជ្រុលនិយមបំផ្ទុះរូបចម្លាក់ស្នាដៃសិល្បៈផ្សេងៗទៀត៕