តើថៃផ្លាស់ប្ដូរតួនាទីរបស់ខ្លួនចំពោះមីយ៉ាន់ម៉ាមែនទេ?

រូបឯកសារ៖ សមាជិក​ក្រុមឧទ្ទាមពិនិត្យមើល​អាវុធ​ នៅភូមិ Hsenwi នៃរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ខណៈ​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាម​និង​របប​យោធា​កាន់តែ​តានតឹង​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា អ្នក​ជំនាញ​នានា​បាន​និយាយ​ថា ប្រទេស​ថៃ​កំពុង​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​របស់​ខ្លួន​ចំពោះ​ប្រទេស​មីយ៉ាន់ម៉ា​និង​ផ្ដោត​បន្ថែម​លើ​តួនាទី​បែប​មនុស្សធម៌។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ស្ថិត​ក្នុង​ភាព​ចលាចល​តាំងពី​ពេល​ដែល​មាន​រដ្ឋប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២១ មក ដោយ​ជម្លោះ​ប្រដាប់​អាវុធ​បាន​រីក​រាលដាល​នៅ​ទូទាំង​ប្រទេស។ អ្នក​ជំនាញ​រំពឹង​ថា សន្ទុះ​កើនឡើង​នៃ​ការ​ប្រយុទ្ធ​គ្នា​នេះ​នឹង​បង្ក​ឱ្យ​មាន​ជន​ភៀសខ្លួន​បន្ថែម​ទៀត​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ។

ករណី​នេះ​នឹង​ជំរុញ​ឱ្យ​ប្រទេស​ថៃ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត​ដើម្បី​ជួយ​ជនភៀសខ្លួន​ទាំងនោះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ថៃ។

កាលពី​ដើម​ខែ​ធ្នូ រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក Parnpree Bahiddha-Nukara បាន​និយាយ​ថា ប្រទេស​ថៃ​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​សាងសង់​ជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន​ដើម្បី​ទទួល​យក​ជន​ភៀសខ្លួន​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត Bangkok Post។

កាសែត Bangkok Post បាន​ស្រង់​សម្ដី​របស់​លោក Bahiddha-Nukara ដែល​បាន​និយាយ​ថា៖ «ប្រសិនបើ​អំពើ​ហិង្សា​កើនឡើង អាច​មាន​ជន​ភៀសខ្លួន​ចេញ​ទៅ​គ្រប់​ទិសទី​ទាំងអស់ មិន​មែន​ត្រឹមតែ​សំដៅ​ឆ្ពោះ​មក​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ»។

កាលពី​ពេល​ថ្មីៗ​នេះ ក្រសួង​ការបរទេស​ថៃ​បាន​បញ្ជាក់​ថា​ខ្លួន​បាន​យល់ព្រម​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្នុង​ការ​បង្កើត​កង​កម្លាំង​ពិសេស​ដើម្បី​បង្កើន​ជំនួយ​មនុស្សធម៌​ដល់​ជន​ផ្លាស់ទី​ដោយ​បង្ខំ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​អំឡុង​សង្គ្រាម។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ជូន​ដំណឹង បន្ទាប់ពី​លោក Parnpree បាន​ជួប​ជាមួយ​នឹង​ឧបនាយករដ្ឋមន្ត្រី​មីយ៉ាន់ម៉ា​លោក U Than Swe ដែល​តែងតាំង​ដោយ​យោធា។

លោក Thitinan Pongsudhirak អ្នក​វិភាគ​នយោបាយ​នៅ​ក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ បាន​និយាយ​ថា វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​រដ្ឋាភិបាល​ថៃ​កំពុង​ប្រើ​វិធីសាស្ត្រ​ផ្សេង​ចំពោះ​មីយ៉ាន់ម៉ា ប៉ុន្តែ​វិធីសាស្ត្រ​នោះ​ចាំបាច់​ត្រូវតែ​មាន​លក្ខណៈ «បរិយាប័ន្ន» បន្ថែម​ទៀត ប្រសិនបើ​គេ​ចង់​បន្ធូរបន្ថយ​ជម្លោះ​នៅ​មីយ៉ាន់ម៉ា។

លោក​បាន​ប្រាប់ VOA ថា៖ «រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី Srettha កំពុង​ប្រើ​វិធី​ផ្សេង​បើ​ប្រៀប​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​លោក Prayut ដែល​វិធី​នោះ​គឺ​ការ​ផ្ដោត​លើ​តួនាទី​មនុស្សធម៌​នៅ​ក្នុង​ជម្លោះ​នៅ​មីយ៉ាន់ម៉ា»។

លោក Pongsudhirak ចង់​សំដៅ​លើ​អតីត​អគ្គមេបញ្ជាការ​កងទ័ព​ថៃ​លោក Prayut Chan-o-Cha ដែល​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ឆ្នាំ ២០១៤។ លោក Prayut បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០១៩។ បន្ទាប់ពី​បាន​កាន់​អំណាច​អស់​រយៈពេល ៩ ឆ្នាំ​មក ការ​ដឹកនាំ​របស់​លោក Prayut បាន​ឈាន​ដល់​ទីបញ្ចប់​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ២០២៣។

រដ្ឋាភិបាល​ថៃ​នៅតែ​ធ្វើ​ទំនាក់ទំនង​ការងារ​ដដែល​ជាមួយ​នឹង​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​យោធា​មីយ៉ាន់ម៉ា​ដែល​ដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​សព្វថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Thitinan។

លោក​បាន​លើកឡើង​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​ថៃ​ចាំបាច់​ត្រូវ​និយាយ​ជាមួយ​នឹង​អ្នក​នៅ​មូលដ្ឋាន​ផ្ទាល់​នៅ​ក្នុង​ក្រុម​សង្គម​ស៊ីវិល​ផ្សេងៗ​និង​ក្រុម​ជាតិសាសន៍​ភាគ​តិច។ ពួកគេ​ទាំង​នេះ​គឺ​ជា​អ្នក​ដែល​កំពុង​រង​ការ​ប៉ះពាល់»។

លោក​បាន​បន្ថែម​ថា៖ «ការ​ប្រយុទ្ធ​គ្នា [នៅ​មីយ៉ាន់ម៉ា] គឺ​មានតែ​កាន់តែ​អាក្រក់​ឡើង​ប៉ុណ្ណោះ។ មនុស្ស​ជា​ច្រើន​ទៀត​នឹង​ត្រូវ​បង្ខំ​ខ្លួន​គេច​ចេញ​ពី​ផ្ទះ​សម្បែង។ ខ្ញុំ​មិន​គិត​ថា​វា​នឹង​ក្លាយជា​មហន្តរាយ​ខ្លាំង​ដោយ​មាន​មនុស្ស​រាប់​សែន​នាក់ [ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង] នោះ​ទេ។ ប៉ុន្តែ​ស្ថានការណ៍​នេះ​នឹង​ធ្ងន់ធ្ងរ»។

តាំងពី​របប​យោធា​មីយ៉ាន់ម៉ា​បាន​ដណ្ដើម​កាន់​អំណាច​នៅ​ក្នុង​ឆ្នាំ ២០២១ មក របប​នេះ​បាន​បង្ក្រាប​លើ​អ្នក​នយោបាយ​ប្រឆាំង​និង​ជន​ណា​ដែល​ប្រឆាំង​នឹង​ខ្លួន។ អ្នក​នយោបាយ​ដែល​ត្រូវ​បាន​យោធា​បណ្ដេញ​ចេញ​ពី​តំណែង​និង​ថ្នាក់​ដឹកនាំ​តំបន់​បាន​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ (NUG) ដែល​ជា​រដ្ឋាភិបាល​ស្រមោល រី​ឯ​ជន​ស៊ីវិល​និង​សកម្មជន​នានា​វិញ​បាន​កាន់​កាំភ្លើង​ចូលរួម​ជាមួយ​នឹង​ក្រុម​ប្រដាប់​អាវុធ​ជាតិសាសន៍​ភាគ​តិច​ផ្សេងៗ​ដើម្បី​តស៊ូ​ប្រឆាំង​នឹង​របប​យោធា។

កាលពី​ខែ​តុលា សម្ព័ន្ធភាព​ត្រីភាគី​នៃ​កងកម្លាំង​ប្រឆាំង​បាន​ចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិការ​វាយ​ប្រហារ​បែប​យោធា​ទ្រង់ទ្រាយ​ធំ ដែល​ប្រតិបត្តិការ​នោះ​មាន​ឈ្មោះ​ថា «ប្រតិបត្តិការ ១០២៧»។ ការ​វាយ​ប្រហារ​តបត​ទៅ​វិញ​នេះ​បាន​ចាប់ផ្ដើម​នៅ​ក្នុង​រដ្ឋ Shan នៅ​ភាគ​ខាង​ជើង​ប្រទេស ប៉ុន្តែ​តាំងពី​ពេល​នោះ​មក​វា​បាន​ជំរុញ​ឱ្យ​មាន​ការ​វាយ​ប្រហារ​នៅ​ទូទាំង​ប្រទេស​ដោយ​មាន​ក្រុម​ប្រដាប់​អាវុធ​កាន់តែ​ច្រើន​ចូលរួម។

ឃុំ​ជា​ច្រើន​និង​ប៉ុស្តិ៍​យោធា​រាប់រយ​របស់​ពួក​យោធា​ត្រូវ​បាន​ដណ្ដើម​កាន់កាប់។ អ្នកវិភាគ​ថា​ស្ថានការណ៍​នេះ​គឺ​ជា​ការ​ប្រឈម​ដ៏​ខ្លាំងក្លា​បំផុត​ចំពោះ​របប​យោធា​មីយ៉ាន់ម៉ា​តាំងពី​ពេល​រដ្ឋប្រហារ​មក។

តួនាទី​ថ្មី​ដែល​ថៃ​កំពុង​ប្រកាន់​យក​នេះ​គឺ​ជា​ការ​ផ្លាស់ប្ដូរ​ពី​ការ​ដឹកនាំ​កាលពី​មុន​របស់​ប្រទេស​នេះ។

នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ថៃ​មាន​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី Srettha Thavisin។ អគ្គមេបញ្ជាការ​កងទ័ព​ថ្មី​លោក​នាយ​ឧត្តមសេនីយ៍ Songwit Noonpakdee ក៏​ត្រូវ​បាន​តែងតាំង​កាលពី​ខែ​តុលា​ផង​ដែរ។

អ្នកស្រី Lalita Hanwong គ្រូ​ឯកទេស​ប្រវត្តិសាស្ត្រ​អាស៊ី​អាគ្នេយ៍​នៃ​សាកលវិទ្យាល័យ Kasetsart University ក្នុង​ទីក្រុង​បាងកក បាន​ប្រាប់ VOA កាលពី​ដើម​ឆ្នាំ ២០២៣ ថា៖ «ក្នុង​របប​ដឹកនាំ​របស់​លោក Prayut Chan-o-Cha ប្រទេស​ថៃ​និង​មីយ៉ាន់ម៉ា​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​គ្នា ជាពិសេស​នៅ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ ២០២១ នៅ​មីយ៉ាន់ម៉ា»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «អគ្គមេបញ្ជាការ​កង​យោធពល​ភូមិន្ទ​ថ្មី​របស់​ថៃ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ។ លោក​ឆ្លាត។ លោក​ចង់​ផ្លាស់ប្ដូរ​វិធី​ធ្វើការ​លើ​ប្រទេស​មីយ៉ាន់ម៉ា។ មាន​ការ​ពិភាក្សា​គ្នា​ជា​ច្រើន​រវាង​សភា រដ្ឋាភិបាល និង​តួអង្គ​ទាំងអស់​នៅ​ក្នុង​បរិបទ​មនុស្សធម៌»។

អ្នកស្រី Lalita បាន​ប្រាប់ VOA កាលពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ​ថា៖ «រដ្ឋាភិបាល​ថៃ​សព្វថ្ងៃ​មាន​លក្ខណៈ​សុទិដ្ឋិនិយម​ជាង​រដ្ឋាភិបាល​របស់​លោក Prayut។ ខ្ញុំ​គិត​ថា​មាន​ជម្រើស​ជា​ច្រើន​ដែល​អាច​ធ្វើ​បាន​ដូចជា​ធ្វើ​ជា​អ្នក​សម្របសម្រួល​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ជាដើម។ ខ្ញុំ​ចង់​ឃើញ​ជំហាន​តិចតួច​នៃ​ការ​ចរចា​សន្តិភាព​រវាង​ភាគី​ទាំងអស់​ឬ​ក៏​ភាគី​ភាគ​ច្រើន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ»។

ការ​សន្យា​កាលពី​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​ថៃ​នៅ​ក្នុង​ការ​ផ្ដល់​ជំនួយ​មិន​បាន​ដំណើរការ​បាន​ប្រសើរ​នោះ​ទេ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Tun Aung Shwe អ្នក​តំណាង​រដ្ឋាភិបាល​ឯកភាព​ជាតិ​មីយ៉ាន់ម៉ា​ប្រចាំ​ប្រទេស​អូស្ត្រាលី។ លោក​បាន​និយាយ​ថា ជំនួយ​ណា​មួយ​ក៏ដោយ​គឺ​ត្រូវតែ​រួម​បញ្ចូល​ភាគី​ទាំងអស់។

លោក​បាន​ប្រាប់ VOA ថា៖ «ប្រជាជន​មីយ៉ាន់ម៉ា​មាន​ការ​ក្ដៅ​ក្រហាយ​ខ្លាំង​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ ដោយសារតែ​របប​យោធា​មីយ៉ាន់ម៉ា​បាន​បង្កើត​វិបត្តិ​មនុស្សធម៌​នៅ​ពេល​បច្ចុប្បន្ន​ក្នុង​បំណង​ធ្វើ​ឱ្យ​ចលនា​ប្រឆាំង​ចុះខ្សោយ»។

លោក​បាន​បន្ត​ថា៖ «នា​ពេល​បច្ចុប្បន្ន​នេះ ជន​រងគ្រោះ​រាប់​លាន​នាក់​និង​សហគមន៍​ងាយ​រងគ្រោះ​នានា​រស់នៅ​ក្នុង​តំបន់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ​និង​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​នេះ។ ដើម្បី​ឱ្យ​មាន​លទ្ធផល​ធំដុំ ការ​ប្រឡូក​របស់​រដ្ឋាភិបាល​ថៃ​គួរតែ​ផ្ដល់​អាទិភាព​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​រដ្ឋាភិបាល​ឯកភាព​ជាតិ​និង​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​នេះ»។

លោក​បាន​បន្ថែម​ថា៖ «ប្រសិនបើ​គ្មាន​ការ​ប្រឡូក​បែប​នេះ​ទេ ទោះបីជា​មាន​បំណង​ល្អ​ប៉ុណ្ណា​ក៏ដោយ ក៏​កិច្ច​ប្រឹងប្រែង​នេះ​អាច​មិន​ផ្ដល់​លទ្ធផល​វិជ្ជមាន​តាម​ការ​ចង់​បាន​នោះ​ឡើយ»។

ទោះបីជា​រដ្ឋាភិបាល​ថៃ​បាន​សន្យា​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ថ្មី​ក៏ដោយ ក៏​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង New York សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា​ប្រទេស​ថៃ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ​នូវ​ជន​ភៀសខ្លួន​មីយ៉ាន់ម៉ា​រាប់​ពាន់​នាក់​ដែល​ជ្រកពួន​គេច​ពី​ការ​ប្រយុទ្ធ​គ្នា​កាលពី​ចុង​ខែ​តុលា។

បើ​យោង​តាម​អង្គការ​សហប្រជាជាតិ ជន​ភៀសខ្លួន​ប្រហែល ៩១.០០០ នាក់​មកពី​មីយ៉ាន់ម៉ា​បាន​រស់នៅ​ក្នុង​ប្រទេស​ថៃ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​បញ្ជាក់​ថា ជន​ភៀសខ្លួន​បន្ថែម​ទៀត​ប្រហែល ៤៥.០០០ នាក់​បាន​ចូល​មក​ក្នុង​ប្រទេស​ថៃ​តាំងពី​ពេល​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា​មក។

ប្រទេស​ថៃ​មិន​មែន​ជា​ភាគី​នៃ​អនុសញ្ញា​ជនភៀសខ្លួន​ឆ្នាំ ១៩៥១ នោះ​ទេ ប៉ុន្តែ​បាន​សន្យា​ម្ដង​ហើយ​ម្ដង​ទៀត​ថា​នឹង​ការពារ​ជនភៀសខ្លួន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ